អន្តរជាតិ
ប្រមុខ UN ជំរុញឱ្យប្រទេសអ្នកមានផ្ដល់ប្រាក់៥០០ពាន់លានដុល្លារជួយប្រទេសក្រីក្រ
05, Mar 2023 , 6:00 pm        
រូបភាព
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងកិច្ចប្រជុំប្រទេសអភិវឌ្ឍតិចតួចបំផុតនៅកាតា។ រូបថតដោយ សៅ ផលនិស្ស័យ
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងកិច្ចប្រជុំប្រទេសអភិវឌ្ឍតិចតួចបំផុតនៅកាតា។ រូបថតដោយ សៅ ផលនិស្ស័យ
ប្រមុខអង្គការសហប្រជាជាតិ(UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងកិច្ចប្រជុំប្រទេសអភិវឌ្ឍតិចតួចបំផុត នៅថ្ងៃទី៤ ខែមីនា បានថ្កោលទោសបណ្ដាប្រទេសអ្នកមាន និងប្រទេសផលិតថាមពលជុំវិញការកេងចំណេញខ្លាំងហួសហេតុលើអត្រាការប្រាក់សម្រាប់ប្រទេសក្រីក្រ និងតាមការលក់ប្រេង។ លោក ក៏បានជំរុញឱ្យប្រទេសអ្នកមានមានផ្ដល់ប្រាក់៥០០ពាន់លានដុល្លារជួយប្រទេសក្រីក្រផងដែរ​។


នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនៃប្រទេសអភិវឌ្ឍតិចតួចបំផុតរបស់អង្គការសហប្រជាជាតិ (LDC) នៅប្រទេសកាតា លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជំរុញឱ្យប្រទេសអ្នកមានផ្តល់ប្រាក់ចំនួន៥០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយក្រីក្រជាប់ក្នុងវិបត្តិបំណុលដែលព្យាយាមជំរុញកំណើនសេដ្ឋកិច្ច វិស័យសុខភាព និងការអប់រំក្នុងប្រទេស។
 
កិច្ចប្រជុំកំពូល LDC នេះ ជាធម្មតាត្រូវបានធ្វើឡើងរៀងរាល់១០ឆ្នាំម្តង ដែលត្រូវរៀបចំនៅឆ្នាំ២០២១កន្លងទៅ។ យ៉ាងណាមិញ ដោយសារជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣។ 
 
ក្នុងកិច្ចប្រជុំនៅរដ្ឋធានីដូហា អាហ្វហ្កានីស្ថាន និងមីយ៉ាន់ម៉ា ដែលជាប្រទេសក្រីក្របំផុតចំនួនពីរ មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើង ដ្បិតរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនត្រូវបានទទួលស្គាល់ដោយ UN ។
 
«យើងដឹងយ៉ាងច្បាស់ពីវិសមភាពដែលបង្កើតឡើងដោយប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលដែលមិនយុត្តិធម៌។ ការអភិវឌ្ឍសេដ្ឋកិច្ចមានការលំបាក ដ្បិតប្រទេសនានាខ្វះធនធាន លិចលង់ក្នុងបំណុល និងកំពុងតស៊ូជាមួយភាពអយុត្តិធម៌នៃការឆ្លើយតបមិនស្មើភាពគ្នាប្រឆាំងជំងឺកូវីដ-១៩»។ លោក ហ្គូតេរ៉េស បានលើកឡើងបែបនេះក្នុងសុន្ទរកថាបើកកិច្ចប្រជុំ។ 
 
លើសពីនេះ ប្រមុខ UN ក៏បានសង្កត់ធ្ងន់ថា ប្រទេសក្រីក្រកំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយអាកាសធាតុដែលខ្លួនមិនបានបង្ក ខណៈការចំណាយខ្ពស់ខ្លាំង ហើយជំនួយផ្នែកហិរញ្ញវត្ថុបានធ្លាក់ចុះ ស្របពេលក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលទទួលបានប្រាក់ចំណេញយ៉ាងច្រើន ខណៈដែលមនុស្សរាប់លាននាក់នៅក្នុងប្រទេសក្រីក្រកំពុងខ្វះខាតអាហារ។
 
កន្លងមក ប្រទេសអ្នកមានក៏ធ្លាប់បានសន្យាដែរពីការប្រមូលជំនួយដែរក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក ហ្គូតេរ៉េស ប្រកាសថា លោកនឹងបន្តជំរុញប្រទេសអ្នកមានឱ្យគោរពតាមការសន្យាកន្លងមក៕ 

Tag:
 (UN)
© រក្សាសិទ្ធិដោយ thmeythmey.com