អន្តរជាតិ
កូរ៉េខាងជើងថា UN គួរតែដាក់កំហិតឱ្យកូរ៉េខាងត្បូងនិងអាម៉េរិកបញ្ចប់សមយុទ្ធយោធា
05, Mar 2023 , 7:40 pm        
រូបភាព
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី៥ ខែមីនា បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ(UN) ដាក់កំហិតជាបន្ទាន់ឱ្យកូរ៉េខាងត្បូងនិងអាម៉េរិកបញ្ចប់សមយុទ្ធយោធារួមគ្នា ដោយអះអាងថា សមយុទ្ធយោធានេះកំពុងបង្កើនភាពតានតឹងក្នុងតំបន់។

 
លោក Kim Son Gyong អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអង្គការអន្តរជាតិនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃទី៥ ខែមីនា លើកឡើងថា សមយុទ្ធរបស់កូរ៉េខាងត្បូងនិងអាម៉េរិក បានបង្កើនកម្រិតនៃការប្រឈមមុខគ្នាដោយគ្មានការទទួលខុសត្រូវ។ 
 
«អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នឹងត្រូវជំរុញយ៉ាងខ្លាំង ឱ្យអាម៉េរិក និងកូរ៉េខាងត្បូងបញ្ឈប់ជាបន្ទាន់នូវសុន្ទរកថារករឿង និង​សមយុទ្ធយោធារួមគ្នា»។ លោក Kim បានលើកឡើងបែបនេះ​ មុនបន្ថែមថា វាគជា​រឿង​គួរឱ្យសោកស្ដាយ​ដែល​ UN បាន​នៅ​ស្ងៀមកន្លងមកពាក់ព័ន្ធនឹងសមយុទ្ធ​ដែល​មាន​លក្ខណៈឈ្លានពាន​យ៉ាងច្បាស់​លាស់នេះ។ 
 
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនិងអាម៉េរិកនៅថ្ងៃទី៣ ខែមីនាបានប្រកាសថា ខ្លួនគ្រោងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលមានរយៈពេលជាង១០ថ្ងៃនៅក្នុងខែមីនានេះ។ ទាំងអាម៉េរិកនិងកូរ៉េខាងត្បូងយល់ថាសមយុទ្ធនេះគឺស្ថិតនៅក្នុងការការពារខ្លួន ហើយចាំបាច់ដើម្បីទប់ទល់នឹងការគំរាមដែលកើនឡើងពីកម្មវិធីមីស៊ីលបាលីស្ទិក និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
 
យ៉ាងណាមិញ​ កូរ៉េខាងជើងនៅថ្ងៃទី៤ ខែមីនាបានស្តីបន្ទោសអាម៉េរិកទៀតថា បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិដួលរលំ តែក៏ឆ្លៀតការពារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាការឆ្លើយតបដ៏ត្រឹមត្រូវមួយដើម្បីធានាតុល្យភាពនៃអំណាចនៅក្នុងតំបន់៕
 

Tag:
 (កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com