អន្តរជាតិ
កូរ៉េខាងត្បូង ប្រកាសបើកមូលនិធិប្រមូលលុយសងជនរងគ្រោះដែលធ្វើការដោយបង្ខំឱ្យជប៉ុន
06, Mar 2023 , 4:39 pm        
រូបភាព
លោក ផាក ជិន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ប្រកាសពីដំណោះស្រាយលើពលករដែលត្រូវបានចាប់បង្ខំកម្លាំងពលកម្មក្នុងសម័យសង្រ្គាមដោយជប៉ុន។ រូបភាព Kyodo
លោក ផាក ជិន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ប្រកាសពីដំណោះស្រាយលើពលករដែលត្រូវបានចាប់បង្ខំកម្លាំងពលកម្មក្នុងសម័យសង្រ្គាមដោយជប៉ុន។ រូបភាព Kyodo
កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមីនា បានប្រកាសពីដំណោះស្រាយ ជុំវិញបញ្ហាការចាប់បង្ខំកម្លាំងពលកម្មក្នុងសម័យសង្រ្គាម ដែលបង្កដោយជប៉ុន ដើម្បីកែលម្អទំនាក់ទំនងប្រទេសទាំងពីរ។ ចំណាត់ការនេះ ត្រូវបានជប៉ុន និងសម្ព័ន្ធមិត្តអាម៉េរិកសាទរយ៉ាងខ្លាំង។
 
បញ្ហាការចាប់បង្ខំកម្លាំងពលកម្មក្នុងសម័យសង្រ្គាម ដែលបង្កដោយជប៉ុន បានធ្វើឱ្យទំនាក់ទំនងក្រុងសេអ៊ូល និងក្រុងតូក្យូធ្លាក់ចុះយ៉ាងខ្លាំង និងបានធ្វើឱ្យជប៉ុនរឹតត្បិតការនាំចេញធាតុកម្រទៅកូរ៉េខាងត្បូងថែមទៀត។ ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសជិតខាង ស្របពេលមានការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមីនា បានប្រកាសចេញដំណោះស្រាយមួយ លើការដោះស្រាយការចាប់បង្ខំកម្លាំងពលកម្ម ដែលបង្កដោយជប៉ុន ក្នុងសម័យសង្រ្គាម។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ផាក ជីន បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល នឹងផ្តល់សំណងដល់ពលករដែលត្រូវបានចាប់បង្ខំកម្លាំងពលកម្ម តាមរយៈមូលនិធិ ដែលផ្តល់ដោយក្រុមហ៊ុនឯកជន។ បើតាមលោក ផាក ជីន ភាពល្អក់កករក្នុងទំនាក់ទំនងជប៉ុន និងកូរ៉េខាងត្បូង មិនគួរមានការធ្វេសប្រហែសឡើយ។ 
 
ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ក្នុងថ្ងៃទី៦ ខែមីនាដដែល បានបញ្ជាក់ថា សេចក្តីសម្រេចលើការផ្តល់សំណងដល់ពលករមានការចាប់បង្ខំកម្លាំងពលកម្ម ដែលមិនមានក្រុមហ៊ុនជប៉ុនពាក់ព័ន្ធនេះ ជាការប្តេជ្ញារបស់ក្រុងសេអ៊ូល ក្នុងការកែលម្អទំនាក់ទំនងជាមួយក្រុងតូក្យូ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតី។ 
 
ក្រោយការប្រកាសខាងលើ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វីមីអូ​ បានសាទរចំពោះចំណាត់ការរបស់កូរ៉េខាងត្បូង និងអះអាងថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក យូន។ ចំណែករដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានថ្លែងថា ក្រុមហ៊ុនជប៉ុននឹងមិនមានការផ្តល់សំណងឡើយ ប៉ុន្តែក្រុមហ៊ុនខ្លួនអាចស្ម័គ្រចិត្ត ក្នុងការបរិច្ចាគបានដល់ប្រជាជនកូរ៉េខាងត្បូង ដែលរងគ្រោះបាន។ 
 
ជុំវិញបញ្ហានេះ ប្រមុខការទូតជប៉ុន បានសាទរចំណាត់ការរបស់ភាគីកូរ៉េខាងត្បូង និងចាត់ទុក ជាចំណាត់ការមួយក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីឱ្យមានភាពល្អប្រសើរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
ទន្ទឹមនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ជាក់ថា ការប្រកាសរបស់កូរ៉េខាងត្បូង ជាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងសម្ព័ន្ធមិត្តអាម៉េរិកទាំងពីរ និងជាជំហានក្នុងការពង្រឹងអនាគតសម្រាប់ប្រជាជនកូរ៉េខាងត្បូង និងជប៉ុនឱ្យមានសុវត្ថិភាពជាងមុន ប្រកបដោយសន្តិសុខ និងវិបុលភាព។ 
 
ក្នុងថ្ងៃដដែលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានប្រកាសផ្អាកនីតិវិធីដោះស្រាយជម្លោះនៅអង្គការពាណិជ្ជកម្ម (WTO) ផងដែរ។ នីតិវិធីដោះស្រាយជម្លោះនេះ បានចាប់ផ្តើមឡើងក្រោយជប៉ុនបានរឹតត្បិតការនាំចេញធាតុកម្រ សម្រាប់ផលិតជាបន្ទះឈីប និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ទៅកូរ៉េខាងត្បូង។ 
 
អគ្គនាយកមួយរូបនៅក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Kamchan Kang បានអះអាងថា ការផ្អាកនេះ មិនមែនជាការដកពាក្យតវ៉ាចេញឡើយ វាគ្រាន់តែ ជាការព្យួរនីតិវីធីដោះស្រាយជម្លោះពាណិជ្ជកម្មប៉ុណ្ណោះ។ 
 
គួររំឭកថា បើទោះរដ្ឋាភិបាលជប៉ុនបានអះអាងថា ខ្លួនបានទូទាត់សំណងរួចរាល់នៅក្នុងឆ្នាំ១៩៦៥ហើយក្តី តុលាការកំពូលកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ពលករ ដែលរងការចាប់បង្ខំកម្លាំងពលកម្ម។ ប្រជាជនកូរ៉េខាងត្បូងចំនួន ១៥រូប បានឈ្នះក្តី ប៉ុន្តែមកទល់ពេលនេះ ប្រជាជនកូរ៉េខាងត្បូងទាំងនោះ មិនទាន់ទទួលបានសំណងឡើយ៕
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com