អន្តរជាតិ
កូរ៉េខាងជើង​ ចោទអាម៉េរិកធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ និងតំបន់កាន់តែដុនដាប
07, Mar 2023 , 9:59 am        
រូបភាព
យន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំងអាម៉េរិកផ្សេងទៀត។ រូបភាព AFP
យន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំងអាម៉េរិកផ្សេងទៀត។ រូបភាព AFP
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី៦ ខែមីនា បានចោទអាម៉េរិកធ្វើឱ្យស្ថានភាពតំបន់ និងឧបទ្វីបកូរ៉េ កាន់តែដុនដាប។ ការអះអាងបែបនេះ ធ្វើឡើងក្រោមហេតុផលអាម៉េរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 នៅលើឧបទ្វីបកូរ៉េថ្មី និងបានធ្វើសមយុទ្ធយោធាជាច្រើនលើកក្នុងឆ្នាំ២០២៣។
 
បញ្ហាឧបទ្វីបកូរ៉េ កាន់តែមានភាពតានតឹង ដោយសារតែការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង និងការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក ដើម្បីជាការឆ្លើយតប។ ក្រោមហេតុផលសមយុទ្ធយោធារួមជាច្រើនលើកបែបនេះ ក្រុងព្យុងយ៉ាង បានចោទក្រុងវ៉ាស៊ីនតោន ធ្វើឱ្យស្ថានភាពតំបន់មានភាពដុនដាប។ 
 
«បើទោះមានការព្រមានជាច្រើនលើក អាម៉េរិកបានបន្តធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ និងតំបន់កាន់តែមានភាពដុនដាប»។ ប្រធានផ្នែកព័ត៌មានបរទេស របស់ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តថា យន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក B-52 បានហោះលើឧបទ្វីបកូរ៉េជាថ្មី និងបានធ្វើសមយុទ្ធរួមគ្នាជាលើកទី៥សម្រាប់ឆ្នាំនេះ នៅថ្ងៃទី៦ ខែមីនា។ 
 
ពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងការបរទេសកូរ៉េខាងជើង បានចាត់ទុកសមយុទ្ធបែបនេះ ជាផែនការអាម៉េរិក ក្នុងការឈានទៅដល់កម្រិតសង្រ្គាមជាក់ស្តែង។ បើតាមក្រុងព្យុងយ៉ាង ភាពគ្រោះថ្នាក់នៃសង្រ្គាមនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ បានប្រែក្លាយពីរូបភាពបែបស្រមើស្រមៃ ទៅជាការពិត ដោយសារភាពមិនទទួលខុសត្រូវរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA។ 
 
ទន្ទឹមនេះ កូរ៉េខាងជើង ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមជាមួយខ្លួន ដើម្បីលើកតម្កើនសន្តិភាពលើឧបទ្វីបកូរ៉េ និងតំបន់ រួមទាំងជំរុញឱ្យអាម៉េរិក និងកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធយោធាក្នុងពេលតែមួយផង។ 
 
មួយថ្ងៃបន្ទាប់លោកស្រី Kim Yo Jong អនុប្រធាននាយកដ្ឋានគណៈមជ្ឈិមនៃបក្សពលករ បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយព្រមានពីការចាត់វិធានការខ្លាំងក្លាបំផុត ដើម្បីឆ្លើយតបនឹងសកម្មភាពយោធាអាម៉េរិក និងកូរ៉េខាងត្បូង។ ទន្ទឹមនេះ ប្អូនស្រីលោក គីម ជុងអ៊ុន បានព្រមានថា រាល់ការប៉ុនប៉ងបង្អាក់មីស៊ីលដែលខ្លួនបានបាញ់ គឺជាសកម្មភាពប្រកាសសង្រ្គាមយ៉ាងច្បាស់លាស់។ 
 
សូមបញ្ជាក់ថា ការអះអាងបែបនេះ ធ្វើឡើងក្រោយពេលក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល បានធ្វើសមយុទ្ធយោធាជាថ្មីនៅថ្ងៃទី៦ ខែមីនា ដោយមានការចូលរួមពីយុទ្ធហោះទម្លាក់គ្រាប់បែក B-52។
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com