កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ត្រូវវះកាត់របួសកជើង ហើយទំនងអវត្តមានដល់ចប់រដូវកាល
07, Mar 2023 , 11:29 am        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធឆ្នើមក្រុម ​Paris Saint Gemmain នឹងត្រូវអវត្តមានសម្រាប់ក្រុមរហូតដល់ចប់រដូវកាលតែម្តង ដោយសាររូបគេនឹងត្រូវទទួលការវះកាត់ និងព្យាបាលរបួសដាច់សរសៃកជើង។ នេះបើតាមការបញ្ជាក់របស់ក្លិប Paris Saint Germain ថ្ងៃទី៦ ខែមីនា។


បើតាមការអះអាងពី PSG តារាបាល់ទាត់សញ្ជាតិប្រេស៊ីលវ័យ ៣០ឆ្នាំ នឹងត្រូវការពេលវេលាជាសះស្បើយប្រមាណ ៣ខែ​ ក្រោយពីការវះកាត់រួចរាល់។ 
Neymar ដែល រកបានគ្រាប់បាល់ចំនួន ១៣គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត ១១លើក សម្រាប់ PSG រដូវកាលនេះ មិនបានបង្ហាញវត្តមានឱ្យក្រុមតាំងពីប្រកួតដែល PSG បានយកឈ្នះ Lille លទ្ធផល ៤-៣ កាលពីខែមុនមក។ Neymar អវត្តមានសម្រាប់ PSG ២ប្រកួតចុងក្រោយមកហើយ។
 
«Neymar ​មានបញ្ហាត្រង់កជើងស្តាំរបស់គេប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បន្ទាប់ពីការរបួសកាលពីថ្ងៃទី២០ កុម្ភៈមក ក្រុមបុគ្គលិកពេទ្យរបស់យើងបានណែនាំឱ្យមានការព្យាបាលលើរបួសសរសៃរបស់គេដើម្បីជៀសវាងហានិភ័យធំឡើងវិញ។ អ្នកជំនាញបានជជែកគ្នា​ និងបានបញ្ជាក់ពីរឿងនេះជាចាំបាច់បំផុត ហើយរូបគេក៏នឹងត្រូវចំណាយពេលជាសះស្បើយពី ៣ ទៅ ៤ខែ ទើបវិលត្រលប់មកហ្វឹកហាត់វិញបាន។»។ ក្លិប ​PSG បាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លួនបែបនេះ។
 
ការព្យាបាលរបស់ Neymar នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងដូហា នៃប្រទេសកាតា ដែលជាទីកន្លែងកីឡាករវ័យ ៣០ឆ្នាំទើបតែបង្ហាញខ្លួនប្រកួត ​World Cup រួចមក។
 
អំឡុងការប្រកួតទល់ Lille កាលពីថ្ងៃទី១៩ កុម្ភៈ Neymar បានស៊ុតបញ្ចូលទីគ្រាប់ទី២ សម្រាប់ ​PSG ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានរងរបួសនៅដើមវគ្គទីពីរ ដោយត្រូវបានខ្សែបម្រើការពារ Benjamin Andre របស់ Lille ជាន់កជើងស្តាំ ហើយធ្វើឱ្យគេត្រូវបានសែងចេញពីទីលានប្រកួតទាំងទឹកភ្នែក។ 
 
ក្រោយការប្រកួត ១ថ្ងៃ PSG អះអាងថា Neymar Jr. បាន​រងរបួសដាច់សរសៃកជើងក្នុងអំឡុងការប្រកួតយកឈ្នះក្រុម Lille ក្នុងលទ្ធផល ៤-៣ នៃជំនួប Ligue 1។
បច្ចុប្បន្ន PSG បន្តស្ថិតនៅកំពូលតារាង Ligue 1 ដោយមានពិន្ទុនាំមុខដាច់ពីក្រុមលេខ​ ២ Olympique de Marseille ចំនួន ៨ពិន្ទុ។ 
 
នៅថ្ងៃទី៧ មីនា PSG នឹងធ្វើដំណើរទៅកាន់ទឹកដី Allianz Arena ដើម្បីជួបតតាំង Bayern Munich នៃជំនួប Champions league ជើងទីពីរ វគ្គ ១៦ក្រុម។ កាលពីជើងទី១ PSG រងបរាជ័យក្នុងលទ្ធផល ១-០ ក្នុងដីខ្លួនឯង៕
 

Tag:
 Neymar JR
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com