អន្តរជាតិ
ប្រមុខការទូតចិន៖ គ្មានប្រទេសណាមានសិទ្ធិជ្រៀតជ្រែកដោះស្រាយបញ្ហាតៃវ៉ាន់ក្រៅពីចិនឡើយ
07, Mar 2023 , 12:20 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី7 ខែមីនា។ រូបភាព China Daily
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី7 ខែមីនា។ រូបភាព China Daily
រដ្ឋមន្រ្តីការបរទេសចិន លោកឈីន កាង នៅថ្ងៃទី៧ ខែមីនា បានសង្កត់ធ្ងន់ថា ការដោះស្រាយប្រធានបទតៃវ៉ាន់ ជាបញ្ហាប្រជាជនចិន ហើយគ្មានប្រទេសណាមួយ មានសិទ្ធិជ្រៀតជ្រែកក្នុងការដោះស្រាយបញ្ហាមួយនេះឡើយ។ ប្រមុខការទូតចិន ក៏បានជំទាស់នឹងការលើកឡើងរបស់មន្រ្តីអាម៉េរិក ដែលចាត់ទុកកិច្ចការតៃវ៉ាន់ មិនមែនជាកិច្ចការផ្ទៃក្នុងចិនផងដែរ។
 
បញ្ហាកោះតៃវ៉ាន់ ជាប្រធានបទដ៏ក្តៅមួយនៅក្នុងទំនាក់ទំនងចិន និងអាម៉េរិក។ មន្រ្តីអាម៉េរិកជាច្រើនរូប បានលើកឡើងពីលទ្ធភាពនៃការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ ក្នុងពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី៧ ខែមីនា លោកឈីន កាង រដ្ឋមន្រ្តីការបរទេសចិន បានចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន ដោយផ្អែកលើរដ្ឋធម្មនុញ្ញចិន ហើយការដោះស្រាយបញ្ហាកោះតៃវ៉ាន់ ជារឿងប្រជាជនចិន និងមិនពាក់ព័ន្ធប្រទេសខាងក្រៅឡើយ។ 
 
«ការដោះស្រាយប្រធានបទកោះតៃវ៉ាន់ ជាបញ្ហារបស់ប្រជាជនចិន ហើយគ្មានប្រទេសណាមួយ មានសិទ្ធិក្នុងការជ្រៀតជ្រែកឡើយ»។ ប្រមុខការទូតចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជំទាស់នឹងការលើកឡើងរបស់មន្រ្តីអាម៉េរិក ដែលថាប្រធានបទកោះតៃវ៉ាន់ មិនមែនជាបញ្ហាផ្ទៃក្នុងរបស់ចិនឡើយ។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល លោក ឈីន បានចាត់ទុកប្រជាជនតៃវ៉ាន់ និងចិន ជាគ្រួសារតែមួយ ដែលភាគីទាំងពីរនឹងខិតខំរួមគ្នា ដើម្បីឈានទៅដល់ការបង្រួបបង្រួមប្រកបដោយសន្តិភាព។ ទន្ទឹមនេះ ប្រមុខការទូតចិន ក៏បានព្រមានផងដែរថា ចិននៅតែរក្សាចំណាត់ការដ៏ចាំបាច់ ប្រសិនបើមានការបំពានច្បាប់អបគមន៍ និងរដ្ឋធម្មនុញ្ញរបស់ចិន។ 
 
បន្ថែមពីនេះ លោកឈីន បានព្រមានអាម៉េរិក កុំឱ្យឆ្លងបន្ទាត់ក្រហមក្នុងទំនាក់ទំនងប្រទេសទាំងពីរ និងទទូចឱ្យអាម៉េរិកឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។ បន្ទាត់ក្រហមទីមួយដែលអាម៉េរិកមិនត្រូវឆ្លង គឺកោះតៃវ៉ាន់។ 
 
ជុំវិញបញ្ហាការលក់អាវុធរបស់អាម៉េរិកឱ្យកោះតៃវ៉ាន់ ចិន បានចាត់ទុកជាការបំពានកិច្ចព្រមព្រៀងដែលក្រុងវ៉ាស៊ីនតោន មានជាមួយខ្លួននៅពេលកន្លងមក។ ជាញយៗ អាម៉េរិកបានលក់អាវុធ និងគ្រឿងបរិក្ខាយោធាឱ្យកោះតៃវ៉ាន់ ក្នុងទំហំជាច្រើនលានដុល្លារ ដោយផ្អែកលើច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com