អន្តរជាតិ
ប្រមុខ UN ថា សិទ្ធិស្ត្រីជុំវិញពិភពលោកកំពុងស្ថិតនៅក្រោមការគំរាម
07, Mar 2023 , 3:49 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៦ ខែមីនាបានព្រមានថា សិទ្ធិស្ត្រីនៅជុំវិញពិភពលោកកំពុងត្រូវបានរំលោភបំពាន និងរងការគំរាមកំហែង។ លោកក៏បានបន្តថា សមភាពយេនឌ័រនឹងមិនអាចសម្រេចបានទេ ប្រសិនបើពិភពលោកនៅបន្តដើរលើផ្លូវដដែល​។


នៅក្នុងកិច្ចប្រជុំគណៈកម្មការស្តីពីស្ថានភាពស្ត្រីដែលជាស្ថាប័នសាកលដំបូងបង្អស់របស់ UN ប្រយុទ្ធប្រឆាំងនឹងវិសមភាពយេនឌ័រ ​អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងថា វឌ្ឍនភាពនៃការទាមទារសមភាពយេនឌ័រកំពុងយ៉ាប់យ៉ឺន។ 
 
ប្រមុខ UN បានលើកឡើងពីបញ្ហានៅអាហ្វហ្កានីស្ថានផងដែរ ទីដែលស្ត្រី និងកុមារីត្រូវបានរឹតត្បិតខាងសិទ្ធិសេរីភាព។ បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ថា សិទ្ធិផ្លូវភេទ និងសិទ្ធិបន្តពូជរបស់ស្ត្រីក៏កំពុងត្រូវបានជិះជាន់នៅក្នុងប្រទេសជាច្រើន ខណៈក្មេងស្រីនៅប្រទេសមួយចំនួនបានទៅសាលារៀនដោយប្រថុយនឹងការចាប់ជំរិត និងវាយដំ ឯនៅប្រទេសខ្លះប៉ូលីសបានចាប់ស្ត្រីដែលងាយរងគ្រោះ​ពេលពួកគេត្រូវការជំនួយទៅវិញ។
 
«រាប់តាំងពីអ៊ុយក្រែនដល់តំបន់ Sahel វិបត្តិ និងជម្លោះប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីមុនគេនិងអាក្រក់បំផុត»។ លោក ហ្គូតេរ៉េស បានបន្ថែមបែបនេះមុនបន្ថែមថា អំឡុងពេលជំងឺកូវីដ-១៩ ផ្ទុះឡើងខ្លាំងក្មេងស្រីជាច្រើនត្រូវបានបង្ខំឱ្យរៀបការថែមទៀត។
 
ក្នុងសម័យប្រជុំរយៈពេលពីរសប្តាហ៍របស់ខ្លួន គណៈកម្មការស្តីពីស្ថានភាពស្ត្រីក៏នឹងផ្តោត​លើការបិទគម្លាតយេនឌ័រនៅក្នុងបច្ចេកវិទ្យា និងការច្នៃប្រឌិត។ បើតាមប្រមុខ UN មនុស្សចំនួន៣ពាន់លាននាក់ នៅតែមិនអាចប្រើប្រាស់អ៊ីនធឺណិត ដែលភាគច្រើនជាស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ខណៈមានតែស្ត្រី១៩ ភាគរយប៉ុណ្ណោះនៅប្រទេសមានការអភិវឌ្ឍតិចតួចអាចប្រើប្រាស់អ៊ីនធឺណិត។ 
 
បើតាមការអះអាងរបស់លោក ហ្គូតេរ៉េស នៅក្នុងវិស័យដែលកំពុងរីកចម្រើននៃបញ្ញាសិប្បនិមិត្ត បុគ្គលិកតែម្នាក់ប៉ុណ្ណោះក្នុងចំណោមប្រាំនាក់ជាស្ត្រី ខណៈក្នុងឧស្សាហកម្មបច្ចេកវិទ្យាបុគ្គលិកម្នាក់ប៉ុណ្ណោះក្នុងចំណោមពីរនាក់ជាស្ត្រី។ 
 
ក្រោយមើលឃើញពីបញ្ហានេះ លោក ហ្គូតេរ៉េស បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីធ្វើឱ្យពិភពលោកមានសមភាពយេនឌ័រ។ ការបង្កើនការអប់រំ ការងារ និងប្រាក់ចំណូលសម្រាប់ស្ត្រី និងកុមារី ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍគឺជារឿងសំខាន់ ហើយប្រមុខ UN ខណៈអំពាវនាវឱ្យមានការចូលរួមយ៉ាងពេញលេញរបស់ស្ត្រី នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com