អន្តរជាតិ
ប្រមុខការទូតចិន ចាត់ទុកការព្រមានចិនលើការផ្តល់អាវុធឱ្យរុស្ស៊ីជារឿងមិនអាចទទួលយកបាន
07, Mar 2023 , 5:25 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា។ រូបភាព China Says
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា។ រូបភាព China Says
ចិន មិនបានបង្កវិបត្តិ, មិនមែនជាភាគីនៃវិបត្តិអ៊ុយក្រែន ហើយក៏មិនបានផ្តល់អាវុធទៅអ៊ុយក្រែន និងរុស្ស៊ីឡើយ។ ប្រមុខការទូតចិន លោកឈីន កាន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងថ្ងៃទី៧ ខែមីនា ដោយបន្តថា ការគំរាម និងការព្រមានដាក់ទណ្ឌកម្មលើចិនពីសំណាក់ប្រទេសដទៃ ជុំវិញការផ្តល់អាវុធឱ្យភាគីនៃជម្លោះនេះ ជាសកម្មភាពមិនអាចទទួលយកបាន។
 
មួយរយៈចុងក្រោយប្រទេសលោកខាងលិច​ បានព្រមានពីផលវិបាក ប្រសិនបើចិនហ៊ានផ្តល់អាវុធទៅរុស្ស៊ីក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ការចោទប្រកាន់នេះ ត្រូវបានប្រមុខការទូតចិន លោក ឈីន កាន ច្រានចោល និងចាត់ទុកការព្រមានពីបណ្តាប្រទេសទាំងនោះ មិនអាចទទួលយកបាន។ 
 
«ចិនមិនបានបង្កើតវិបត្តិ មិនមានជាភាគីនៃវិបត្តិ និងមានធ្លាប់ផ្តល់អាវុធដល់ភាគីជម្លោះទាំងពីរឡើយ»។ លោក ឈីន បានបញ្ជាក់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនរូប ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៧ ខែមីនា ដោយបន្តថា ចិនតែងតែជ្រើសយកសន្តិភាព និងកិច្ចចរចា ពីលើសង្រ្គាម និងការដាក់ទណ្ឌកម្ម។ 
 
បន្ថែមពីនេះ ប្រមុខការទូតចិន ក៏បានលើកឡើងពីសេចក្តីថ្លែងការណ៍គោលជំហររបស់ចិន ដែលដាក់ចេញដំណោះស្រាយចំនួន ១២ចំណុចពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែនផង។ ជុំវិញបញ្ហានេះ លោកឈីន បានជំរុញឱ្យមានកិច្ចចរចាឡើងវិញសម្រាប់សង្រ្គាមនៅអ៊ុយក្រែន និងបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល មន្រ្តីចិនរូបនេះ បានយល់ថា  ការដាក់ទណ្ឌកម្ម និងសម្ពាធមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយកិច្ចចរចាសន្តិភាព គួរតែចាប់ផ្តើមឱ្យបានឆាប់រហ័ស។ 
 
កន្លងមក អធិការបតីអាល្លឺម៉ង់ លោក​ អូឡាហ្វ ស្ហូល បានព្រមានថា វានឹងមានផលវិបាក ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង បញ្ជូនអាវុធឱ្យក្រុងមូស្គូសម្រាប់ធ្វើសង្រ្គាម។ អាល្លឺម៉ង់ ជាប្រទេសមួយមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប ហើយមានចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ថាចិនកំពុងពិចារណាលើការផ្តល់អាវុធនេះ៕ 
 

Tag:
 ចិន
  រុស្ស៊ី
  លោកខាងលិច
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com