ជាតិ
កម្ពុជាផ្តើមយុទ្ធនាការបត់​បេះដូង​ចំនួន១​លាន ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​
07, Mar 2023 , 10:18 pm        
រូបភាព
រូបភាព ពីសហព័ន្ធសហព័ន្ធយុវជនកម្ពុជា
រូបភាព ពីសហព័ន្ធសហព័ន្ធយុវជនកម្ពុជា
​ភ្នំពេញ​៖ យុទ្ធនាការ #BeyondTheGames ឬ​លើសពី​ការប្រកួត បង្កើត​ការ​បំបែក​ឯតទគ្គ​កម្ម «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​» ដើម្បី​ផ្សារភ្ជាប់​ពលរដ្ឋ​ខ្មែរ ទៅនឹង​ភាពជា​ម្ចាស់ផ្ទះ និង​ដើ​ម្ប​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ក្នុងការ​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​។ ការ​បំបែក​ឯតទគ្គ​កម្មនេះ នឹង​បត់​បេះដូង​ឱ្យបាន ១​លាន​បេះដូង​។​


​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្កើត​យុទ្ធនាការ​ថ្មី​មួយ គឺ​#BeyondTheGames ឬ​លើសពី​ការប្រកួត ក្នុង​គោលដៅ​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​។ ដើម្បី​បង្ហាញ​ការ​សាទរ​នៃ​ភាពជា​ម្ចាស់ផ្ទះ​លើកដំបូង យុទ្ធនាការ #BeyondTheGames បាន​ផ្ដួចផ្ដើម​ការ​បំបែក​ឯតទគ្គ​កម្ម «​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​»​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៧ មីនា​នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់ថា ការបត់​បេះដូង​នេះ មិន​គ្រាន់តែ​ផ្ដោត​ទៅ​ការ​បំបែក​ឯតទគ្គ​កម្ម​តែមួយ​មុខ​នោះទេ តែ​បង្គ​ប់​នូវ​អត្ថន័យ​ក្ដី​ស្រឡាញ់ ការផ្ដល់​កម្លាំងចិត្ត និង​ការគាំទ្រ​ដោយ​គ្មាន​លក្ខខណ្ឌ​របស់​ប្រជាជន​ខ្មែរ​។ បើតាម​លោក ហ៊ុន ម៉ា​នី នេះ​ជាការ​បង្ហាញ​ពី​សាមគ្គីភាព និង​ការរួបរួម​គ្នា​របស់​ព​ល​រដ្ឋ​ខ្មែរ ដើម្បី​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​។ 



លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបភាព៖ សសយក

លោក សុខ សប្បាយ​ណា ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ #BeyondTheGames បាន​លើកឡើងថា ជា​ផែនការ​ក្រុមការងារ​គ្រោង​ប្រមូល​បេះដូង​ឱ្យបាន​ចំនួន ១​លាន ដែល​មួយ​បេះដូង​មានតម្លៃ​៥០០​រៀល​។ ក្នុង​ការបត់​បេះដូង​នេះ នឹង​អាច​ប្រមូល​ថវិកា​បាន ៥០០​លាន​រៀល ដែល​ស្មើនឹង ១២​ម៉ឺន​៥​ពាន់​ដុល្លារ ពី​ក្រុមហ៊ុន​ចូលរួម​ចំនួន ៥​ផងដែរ​។​

​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ #BeyondTheGames បន្តថា ថវិកា​ដែល​ទទួលបាន​នឹងត្រូវ​បរិច្ចាគ​ទៅកាន់​កីឡាករ កីឡាការិនី មាន​ពិការភាព​។ «​លើសពី​បេះដូង​ក្រដាស​ធម្មតា បេះដូង​ទាំងនេះ បង្ហាញឱ្យឃើញ​ពី​ទំហំ​ទឹកចិត្ត​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះ​កីឡាករ កីឡាការិនី​។ វា​ប្រៀបបាន​ទៅនឹង​ការងារ​សង្គម​មួយ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក សុខ សប្បាយ​ណា ដោយ​បន្ថែមថា ពលរដ្ឋ​ទាំងអស់​អា​ចូលរួម​បត់​បេះដូង​នៅ​ទីតាំង ដែលមាន​និមិត្តសញ្ញា​តំណាង​របស់​យុទ្ធនាការ #BeyondTheGames​។ 




ចំពោះ​សកម្មភាព​បត់​បេះដូង​នេះ ក៏​មានមតិ​សាធារណជន​មួយចំនួន​រិះគន់​ផងដែរ​។ ជុំវិញ​ការលើកឡើង និង​រិះគន់​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម លោក ហ៊ុន ម៉ា​នី ឆ្លើយតប​បែបនេះ​៖ «​ខ្ញុំ​គោរព​ទៅតាម​អ្វី​ជា​មតិយោបល់រ​បស់បង​ប្អូន​មួយចំនួន ទោះបី​គាត់​មានមតិ​យោបល់​ថា​មិន​ចង់​ចូលរួម ឬ​មិន​គាំទ្រ គឺជា​សិទ្ធិ​របស់​ពួកគាត់​។ តែបើ​យើង​មើល​មួយបែប​ទៀត អ្នក​ដែល​ចូលរួមចំណែក​ក្នុង​ក្រមា​វែង​ជាងគេ ឬ​នំអន្សម​យក្ស យើង​ឃើញ​មាន​អ្នក​លះបង់​ពេលវេលា ហើយ​ចូលរួម​ស្ម័គ្រចិត្ត​។ មិនមាន​ជា​បញ្ហា​អ្វី​ទេ ពួក​ខ្ញុំ​សប្បាយរីករាយ នឹង​បន្ត​ទៅមុខទៀត​»​។ 

​សម្រាប់​ប្រធាន​ស​.​ស​.​យ​.​ក រូបនេះ ការ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ មិនមែនជា​គោលដៅ​តែមួយ​របស់​កម្ពុជា​នោះទេ តែ​ជាការ​បង្កើត​វេទិកា​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ និង​ការផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស​។ លោក ហ៊ុន ម៉ា​នី សង្ឃឹម​ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នឹង​ផ្ដល់​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​ចូលរួម​បត់​បេះដូង​នេះ​។​




សូមបញ្ជាក់ថា ក្រុមការងារ​យុទ្ធនាការ #BeyondTheGames បានដាក់​ស្នើ​ជា​ផ្លូវការ​ទៅកាន់​អង្គភាព​អន្តរជាតិ ឯតទគ្គ​កម្ម​ពិភពលោក​រួចរាល់​ផង​។ នាពេល​កន្លងមក នៅ​ប្រទេស​អង់គ្លេស ក៏មាន​ការ​បំបែក​កំណត់ត្រា​បត់​បេះដូង និង​បានដាក់​បង្ហាញ​ចំនួន ៥៣៧០៤​បេះដូង​ផងដែរ​។ សម្រាប់​យុទ្ធនាការ #BeyondTheGames​វិញ នឹង​ប្រមូល​បេះដូង​ឱ្យបាន​១​លាន នៅ​ថ្ងៃទី​២ មេសា​ខាងមុខនេះ​៕ 
 

Tag:
 បត់​បេះដូង​
  ឯតទគ្គ​កម្ម​
  សស​យក​
 #BeyondTheGames
© រក្សាសិទ្ធិដោយ thmeythmey.com