កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទម្លាក់ Dortmund ឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League
08, Mar 2023 , 9:18 am        
រូបភាព
២គ្រាប់ដែលធ្វើបានដោយ Raheem Sterling និង Kai Havertz គ្រប់គ្រាន់ដើម្បីជួយ Chelsea ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League។ Chelsea បានយកឈ្នះ Borussia Dortmund ក្នុងលទ្ធផលទាំងពីរជើង ២-១។ កៅអីរបស់អ្នកចាត់ការតោខៀវលោក Graham Potter ហាក់ថយកម្តៅវិញ ក្រោយជ័យជម្នះនៅក្របខណ្ឌអឺរ៉ុបនេះ។

នាជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅ Stamford Bridge ខ្សែប្រយុទ្ធអង់គ្លេស Sterling ជាអ្នករកគ្រាប់បាល់នាំមុខដំបូងឱ្យតោខៀវនៅនាទី៤៣ ក្រោយការវាយសម្រុកពីម្ចាស់ផ្ទះលើក្រុមភ្ញៀវ Dortmund ជាង៤០នាទីនៃវគ្គទី១។  

ចូលដល់វគ្គទី២ Chelsea នៅតែបន្តវាយសម្រុករបស់ខ្លួន រហូតទទួលបានបាល់ពិន័យ១១ម៉ែត្រ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR ឃើញថាប៉ះដៃនៅតំបន់គ្រោះថ្នាក់របស់ Dortmund។ ខ្សែប្រយុទ្ធអាល្លឺម៉ង់ Havertz រ៉ាប់រងការស៊ុតនេះបានសម្រេចនៅនាទី៥៣។ លទ្ធផល ២-០ បានរក្សារហូតបញ្ចប់ការប្រកួតតែម្តង។

ដោយជើងទី១ Dortmund ឈ្នះ Chelsea ១-០ ដូច្នេះសរុបទាំងពីរជើង ក្រុមអង់គ្លេសឈ្នះក្រុមអាល្លឺម៉ង់ ២-១។ តាមរយៈលទ្ធផលនេះ Chelsea កក់កៅអីមុនគេទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ ស្របពេលកៅអីរបស់អ្នកចាត់ការតោខៀវលោក Graham Potter ដែលកំពុងតែរង្គើ ហាកធូរស្រាលឡើងវិញ។ លោក Potter ដឹកនាំ Chelsea មិនគាប់ប្រសើរឡើយ ជាពិសេសក្នុងក្របខណ្ឌ Premier League បើទោះក្លិបចំណាយប្រាក់ច្រើនដើម្បីនាំចូលកីឡាករថ្លៃៗទៅរួមក្រុមនៅរដូវកាល ២០២២-២៣​ នេះក្តី។

ដោយឡែកមួយគូទៀត Benfica ក៏ទទួលសំបុត្រឡើងទៅវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌកំពូលអឺរ៉ុបនេះដែរក្រោយបន្តឈ្នះ Club Brugge នៅជើងទីពីរដល់ទៅ ៥-១ និងសរុបទាំងពីរជើង ៧-១៕


Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com