អន្តរជាតិ
សេតវិមាន គាំទ្រសេចក្តីស្នើច្បាប់ហាមឃាត់ TikTok នៅអាម៉េរិក
08, Mar 2023 , 2:49 pm        
រូបភាព
សេតវិមាន បានបង្ហាញការគាំទ្រសេចក្តីស្នើច្បាប់ ដែលបានបង្ហាញនៅក្នុងថ្ងៃទី៧ ខែមីនា ដោយសារសមាជិកព្រឹទ្ធសភាអាម៉េរិក។ ប្រសិនបើសេចក្តីស្នើច្បាប់ថ្មីនេះ ចូលជាធរមាន វានឹងផ្តល់អំណាចដល់រដ្ឋបាលអាម៉េរិក ក្នុងការហាមឃាត់កម្មវិធី TikTok និងបច្ចេកវិទ្យាបរទេសដ៏ទៃទៀត ដែលខ្លួនចាត់ទុកថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
 
ក្រុមហ៊ុន TikTok តែងស្ថិតក្រោមក្តីបារម្ភអាម៉េរិក ជុំវិញការលួចព័ត៌មានអ្នកប្រើប្រាស់សម្រាប់រដ្ឋាភិបាលចិន។ កន្លងមក រដ្ឋបាលអាម៉េរិក បានបញ្ជាឱ្យលុបកម្មវិធីនេះចោលទាំងអស់លើឧបករណ៍ និងទូរសព្ទសហព័ន្ធ ដើម្បីបង្ការការលួចទិន្នន័យណាមួយ។ 
 
តាមរយៈចំណាត់ការចុងក្រោយ សមាជិកព្រឹទ្ធសភាអាម៉េរិក ដែលដឹកនាំដោយលោក Mark Warner, លោក John Thune រួមទាំងសមាជិកព្រឹទ្ធសភាផ្សេងទៀត បានធ្វើសេចក្តីស្នើច្បាប់មួយ ដែលអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្មមានអំណាច ក្នុងការរឹតត្បិត និងហាមឃាត់ក្រុមហ៊ុន​ TikTok រួមទាំងបច្ចេកវិទ្យាផ្សេងទៀត ដែលបង្កហានិភ័យសន្តិសុខជាតិអាម៉េរិក។ 
 
បើតាមលោក Mark Warner ដែលជាប្រធានគណៈកម្មាធិការចារកិច្ចផងនោះ ច្បាប់នេះ ក៏នឹងអាចអនុវត្តចំពោះក្រុមហ៊ុនបច្ចេកវិទ្យាបរទេសមកពីចិន រុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ គុយបា និងបណ្តាប្រទេសផ្សេងទៀត។ ក្រុមហ៊ុន​ TikTok ដែលស្ថិតនៅក្រោមក្រុមហ៊ុនចិន ByteDance មានអ្នកប្រើប្រាស់នៅអាម៉េរិកច្រើនជាង ១០០លាននាក់។ 
 
ក្រោយការប្រកាសពីសេចក្តីព្រាងច្បាប់មួយនេះ សេតវិមាន បានប្រកាសគាំទ្រ។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានអះអាងថា សេចក្តីព្រាងច្បាប់ ដែលធ្វើដោយសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នឹងពង្រឹងសមត្ថភាពក្នុងការលើកឡើងពីហានិភ័យបង្កដោយសកម្មភាពបុគ្គល និងហានិភ័យជាប្រព័ន្ធ ដែលបង្កដោយប្រទេសមួយចំនួន។ 
 
ត្រង់ចំណុចនេះ មន្រ្តីសេតវិមាន បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលនឹងបន្តធ្វើការជាមួយសមាជិកព្រឹទ្ធសភាមកពីបក្សទាំងពីរលើសេចក្តីព្រាងច្បាប់ខាងលើ និងជំរុញឱ្យសភាអាម៉េរិក ពន្លឿននីតិវិធីរបស់ខ្លួន ដើម្បីឱ្យសេចក្តីព្រាងច្បាប់នោះទៅដល់តុរបស់លោកប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងរយៈពេលច្រើនជាង២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន​ TikTok និងគណៈកម្មាធិការវិនិយោគបរទេសនៅអាម៉េរិក (CFIUS) កំពុងចរចាលើតម្រូវការសន្តិសុខទិន្នន័យ។ ក្រុមហ៊ុន TikTok បានចំណាយថវិកាច្រើនជាង ១,៥ពាន់លានដុល្លារលើការពារទិន្នន័យសំខាន់ និងច្រានចោលពីការចោទប្រកាន់ជុំវិញចារកិច្ច។ 
 
កន្លងមក ក្រសួងការបរទេសចិន បានចាត់ទុកចំណាត់ការរបស់អាម៉េរិកជុំវិញការបញ្ជាឱ្យលុប កម្មវិធី TikTok ចេញពីឧបករណ៍ និងទូរសព្ទរដ្ឋាភិបាល មានភាពហួសហេតុលើគំនិតសន្តិសុខជាតិ និងជាការបំពានអំណាចរដ្ឋ ក្នុងការបង្រ្កាបក្រុមហ៊ុនបរទេស៕
 

Tag:
 អាម៉េរិក
  ចិន
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com