ជាតិ
វៀតណាម គ្រោងទិញគ្រាប់ស្វាយចន្ទីកម្ពុជា ១លានតោន ក្នុងឆ្នាំ២០២៣ តែកម្ពុជា ពុំអាច ផ្គត់ផ្គង់តាមតម្រូវការ
08, Mar 2023 , 8:59 pm        
រូបភាព
ការប្រមូលផលគ្រាប់ស្វាយចន្ទី របស់កសិករខ្មែរ។ រូបភាព៖ ក្រសួងកសិកម្ម
ការប្រមូលផលគ្រាប់ស្វាយចន្ទី របស់កសិករខ្មែរ។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ វៀតណាម គឺជាអ្នកចែកចាយស្វាយចន្ទីធំមួយនៅលើពិភពលោក។ ក្នុងមួយឆ្នាំ ប្រទេសនេះ ត្រូវការគ្រាប់ស្វាយចន្ទីឆៅយ៉ាងតិច ២លានតោន ដើម្បីកែច្នៃនាំចេញ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងថា វៀតណាម ចង់បញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាចំនួន ១លានតោន ក្នុងឆ្នាំនេះ តែកម្ពុជា ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គង់ផ្គង់នោះទេ។


បើតាម ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីវៀតណាម (Vinacas) បានចុះអនុស្សារណៈយោគយល់ (MOU) លើការបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅ ត្រង់ទៅកាន់ក្រុមហ៊ុនកែច្នៃវៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្ដាល។
  


ក្នុងនោះ វៀតណាម គ្រោងបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាចំនួន ១លានតោន បន្ថែមទៀត នៅឆ្នាំ ២០២៣នេះ តែកម្ពុជា ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងផ្គង់ផ្គង់នោះទេ ដោយសារវិបត្តិអាកាសធាតុ កំពុងទាញទិន្នផលស្វាយចន្ទីឱ្យថយចុះ ជាលំដាប់។ នេះជាបញ្ជាក់ពីលោក អួន ស៊ីឡុត ក្រោយពីលោក បានចូលរួមក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំ នៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ 
 
លោក អួន ស៊ីឡុត ថា សមាគមស្វាយចន្ទីកម្ពុជា ពុំទាន់មានដំណោះស្រាយទប់ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុនៅពេលនេះទេ។ ប៉ុន្តែ សមាគមមួយនេះ បានគិតដល់ការពង្រីកផ្ទៃដីដាំដុះ បន្ថែមទៀត ជាពិសេស លើកតម្លៃ និងទីផ្សារ ស្វាយចន្ទីកម្ពុជា ឱ្យល្អប្រសើ។ 
 

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅវៀតណាមលើកទី១២ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ រូបភាព៖ ផ្ដល់ដោយ លោក អួន ស៊ីឡុត
 
លោក អួន ស៊ីឡុត ប្រាប់ពីមូលហេតុដែល វៀតណាម ចាប់អារម្មណ៍លើគ្រាប់ស្វាយចន្ទីកម្ពុជា ព្រោះថា ស្វាយចន្ទីកម្ពុជា មានគ្រាប់ធំ រសជាតិឆ្ងាញ់ គុណភាពល្អ និងមិនមានជំងឺ ដូចប្រភេទស្វាយចន្ទីដែលនាំចូលពីអាហ្រ្វិក។
 
លោក ប្រាប់ដូច្នេះថា៖«តាមពិតទៅ វៀតណាមគាត់ត្រូវការគ្រាប់ស្វាយចន្ទីយ៉ាងតិច ២លានតោនក្នុងមួយឆ្នាំ ដើម្បីកែច្នៃនាំចេញ។ រាល់ដងហ្នឹង គាត់(វៀតណាម) ទៅទិញពីអាហ្រ្វិក តែអាហ្រ្វិកហ្នឹង គ្រាប់វាអន់ ហើយមានជំងឺ អ៊ីចឹង បានគាត់មកទិញនៅកម្ពុជាយើងវិញ ដោយសារគ្រាប់ធំ គុណភាពខ្ពស់»។ 
 
គួរបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជា​ បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅវៀតណាម ៦៧ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ថយចុះជាង ៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។ ដោយឡែក នៅឆ្នាំ ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករថា ការនាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាម នឹងមានកំណើនជាងមុនបន្តិច ទោះបី ជួបវិបត្តិអាកាសធាតុក៏ដោយ៕  
 

Tag:
 សមាគមស្វាយចន្ទីកម្ពុជា
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com