អន្តរជាតិ
អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញជួបគ្នារកវិធីសាស្រ្តដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់
08, Mar 2023 , 9:29 pm        
រូបភាព
អាស៊ីអាគ្នេយ៍ ជាតំបន់មួយដែលងាយរងគ្រោះបំផុតរបស់ពិភពលោកចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នៅថ្ងៃទី៣០ ខែមីនា​ អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញដែលធ្វើការលើបញ្ហានេះ នឹងជជែកគ្នាពីវិធីសាស្រ្តដែលអាចឱ្យប្រទេសក្នុងតំបន់សម្រេចបានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន សេដ្ឋកិច្ចមានភាពធន់ និងងើបឡើងវិញពីជំងឺកូវីដ-១៩ បានប្រសើរ។
 
ផលប៉ះពាល់បង្កអាកាសធាតុក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្តកើនឡើងកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សហគមន៍ងាយរងគ្រោះ និងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្របំផុត។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងពើបប្រទះនឹងបញ្ហាប្រឈមដ៏ធំធេងក្នុងការតទល់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ខណៈពេលប្រទេសទាំងនោះ កំពុងស្វែងរកមាគ៌ាអភិវឌ្ឍដែលបញ្ចេញកាបូនទាប និងរក្សាបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
 
ឆ្លើយតបនឹងបញ្ហាប្រឈមបន្ទាន់ សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍លើកទី៤ (SEADS) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព្រឹត្តទៅដោយផ្ទាល់នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៣០ ខែមីនាក្រោមមូលបទ «ក្ដីស្រមៃតំបន់អាស៊ានដែលមានការបញ្ចេញឧស្ម័នសូន្យសុទ្ធ»។ ជាមួយនឹងការផ្សាយតាមអ៊ីនធឺណិតផងនោះ សន្និសីទនេះ នឹងស្វែងរកវិធានការដែលរដ្ឋាភិបាល សហគមន៍ និងអង្គភាពវិស័យឯកជនអាចប្រើប្រាស់បាន សំដៅឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
 
វាគ្មិនដែលចូលរួម នឹងពិនិត្យមើលពីមធ្យោបាយដែលប្រទេសក្នុងតំបន់អាចប្រើប្រាស់វិធីសាស្រ្តបៃតង, ការច្នៃប្រឌិតថ្មី, ការសន្សំសំចៃ, បច្ចេកវិទ្យាថ្មី, ការង្កើនល្បឿនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និង​ការដាក់​អនុវត្ត​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ផ្សេង​ទៀត​ដើម្បី​គាំទ្រ​ដល់​ការ​កាតប់ន្ថយ​កាបូន​ក្នុង​វិស័យ​នានា ខណៈ​ដែលស្របពេលគ្នានោះ ​ក៏អាច​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញបាន។
 
អំឡុងសន្និសីទនេះ វាគ្មិនសំខាន់ៗ នឹងចូលរួមថ្លែងសុន្ទកថាគន្លឹះរួមមានប្រធាន ADB លោក Masatsugu Asakawa, រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati និងថ្នាក់ដឹកនាំរដ្ឋាភិបាល និងអាជីវកម្មល្បីៗផ្សេងទៀត។ ក្រៅពីនោះ ក៏មានការពិភាក្សាជាក្រុមកម្រិតខ្ពស់ លើប្រធានបទ «ការផ្តល់ហិរញ្ញប្បទានសុទ្ធសូន្យ», ពិព័រណ៍ស្ដីពីទីផ្សារច្នៃប្រឌិត និងដំណោះស្រាយ និងការចេញរបាយការណ៍របស់ ADB មានចំណងជើងថា ខ្សែច្រវាក់តម្លៃសកលនៅអាស៊ីអាគ្នេយ៍៖ ការកសាងភាពធន់ និងនិរន្តរភាព។
 
សម្រាប់កម្មវិធីនៅរសៀលថ្ងៃដដែល នឹងចាប់ផ្តើមជាមួយនឹងសុន្ទរកថាសំខាន់ៗដោយប្រធានអាជ្ញាធររដ្ឋធានីជាតិរបស់ឥណ្ឌូណេស៊ី លោក Bambang Susantono និងអ្នកបង្កើតការផ្លាស់ប្តូរផ្សេងទៀត។  បន្ទាប់មក នឹងមានវគ្គផ្សេងៗចំនួនប្រាំបួនទៀតស្តីពីការដាក់អនុវត្តបច្ចេកវិទ្យាក្នុងការកាត់បន្ថយ និងការផ្ស៊ាំអាកាសធាតុ, ការកសាងទីក្រុងដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ, ការផ្លាស់ប្តូរទៅជាថាមពលស្អាត, ការធានាឱ្យអាស៊ានធន់នឹងអាកាសធាតុ និងបរិយាបន្ន, ការកាត់បន្ថយផលប៉ះពាល់អាកាសធាតុលើសុខភាព, ការធានាសេដ្ឋកិច្ចខៀវ; ការបែងចែកហិរញ្ញវត្ថុ, ការគិតឡើងវិញនៃទេសចរណ៍ធម្មជាតិ និងការដាក់ពង្រាយពពកដើម្បីបំពេញតាមគោលដៅអាកាសធាតុ។
 
SEADS 2023 គឺបើកចំហសម្រាប់តំណាងមកពីរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សា អ្នកគិត អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ។ ដោយសារតែចំនួនមានកំណត់ក្នុងការចូលរួមដោយផ្ទាល់ ការចុះឈ្មោះនឹងត្រូវពិនិត្យដោយផ្អែកលើការឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនៃការចុះឈ្មោះ។ ការចុះឈ្មោះសម្រាប់អ្នកចូលរួមដោយផ្ទាល់នឹងបញ្ចប់នៅថ្ងៃទី១០ ខែមីនា។
 
ការចូលរួមតាមអនឡាញគឺបើកចំហសម្រាប់មនុស្សគ្រប់គ្នា ហើយមិនមានថ្ងៃផុតកំណត់ក្នុងការចុះឈ្មោះទេ។
 
ចូលទៅកាន់គេហទំព័រ SEADS 2023 ដើម្បីមើលរបៀបវារៈ និងវាគ្មិន ក៏ដូចជាចុះឈ្មោះតាមតំណភ្ជាប់៖ https://seads.adb.org/symposium/SEADS2023 
 

© រក្សាសិទ្ធិដោយ thmeythmey.com