អន្តរជាតិ
លោក ស៊ី ជិនភីង ជាប់ឆ្នោតជាប្រធានាធិបតីចិនអាណត្តិទី៣
10, Mar 2023 , 10:01 am        
រូបភាព
លោក ស៊ី ជិនភីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោតឱ្យបន្តកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទី៣ នាកិច្ចប្រជុំពេញអង្គថ្ងៃទី១០ ខែមីនា។
 
សមាជិកសភាចិន បានបោះឆ្នោតគាំទ្រដោយសំឡេងលើសលុបដើម្បីបន្តអាណត្តិប្រធានាធិបតីរបស់លោក ស៊ី ជិនភីង សម្រាប់រយៈពេល៥ឆ្នាំទៀត។ នេះជាមិនមែនជារឿងគួរភ្ញាក់ផ្អើលឡើយ ដោយសារការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋសំខាន់ៗ ត្រូវបានកំណត់រួចរាល់តាំងពីសមាជបក្សខែតុលា ឆ្នាំ២០២២ មកម្ល៉េះ។
 
លោក ស៊ី ក្លាយជាមេដឹកនាំចិនម្នាក់គត់ដែលអាចកាន់តំណែងប្រធានាធិបតីនេះដល់អាណត្តិទី៣ គិតចាប់តាំងពីសម័យលោកប្រធាន ម៉ៅ សេទុង មក។ លោកក៏កំពុងកាន់តំណែងលេខាបក្សនៅអាណត្តិទី៣ ដែរ ដែលធ្វើឱ្យលោកជាប់ឈ្មោះជាមេដឹកនាំដ៏មានអំណាចបំផុតមួយរបស់ចិន។
 
ក្រៅពីតំណែងប្រធានាធិបតី លោក ស៊ី ក៏បន្តជាប់ឆ្នោតជាប្រធានគណៈកម្មការយោធា ដែលជាស្ថាប័នគ្រប់គ្រងកងទ័ពរបស់ចិនផងដែរ។ ​  
 
ដោយឡែក លោក ហាន់ ចឹង ដែលជាឧបនាយករដ្ឋមន្រ្តី ក្លាយអនុប្រធានាធិបតី ជំនួសលោក វ៉ាង ឈីសាន។ លោក ចាវ ឡឹជី សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិននីតិកាលទី១៤ ។ 
 
នាយករដ្ឋមន្ត្រីថ្មី និងសមាសភាពសំខាន់ៗរបស់គណៈរដ្ឋមន្រ្តីចិន នឹងជ្រើសរើសនៅថ្ងៃទី១១ ខែមីនា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com