FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស្វ៊ីសបញ្ចប់ការស៊ើបអង្កេតប្រធាន FIFA ជុំវិញការប្រើយន្តហោះទំនើប Private Jet
10, Mar 2023 , 5:10 pm        
រូបភាព
រដ្ឋអាជ្ញាសហព័ន្ធស្វ៊ីសបានបិទបញ្ចប់ការស៊ើបអង្កេតលើលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជុំវិញការប្រើប្រាស់យន្តហោះឯកជន អំឡុងឆ្នាំ ២០១៧។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA ថ្ងៃទី៩ ខែមីនា។


លោក Infantino ត្រូវទទួលការស៊ើបអង្កេត គ្រាដែលលោកបានជួលយន្តហោះឯកជនកាលពីឆ្នាំ២០១៧ ដើម្បីធ្វើដំណើរពីប្រទេសសូរីណាម ទៅកាន់ប្រទេសស្វ៊ីស។ ព្រះរាជអាជ្ញាលោក Stefan Keller បានអំពាវនាវឱ្យមានការស៊ើបអង្កេតនេះឡើង ការស៊ើបអង្កេតនោះទៀតសោតបានចាត់ចូលជាការស៊ើបអង្កេតបែបឧក្រិដ្ឋកម្ម។
 
បន្ទាប់ពីដំណឹងនៃការទម្លាក់ចោលការស៊ើបអង្កេតនេះ FIFA បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ​ចំពោះការសម្រេចចិត្តនិងបានពន្យល់បកស្រាយទាក់ទងនឹងរឿងនេះបន្ថែមផងដែរ។
«ការ​ស៊ើបអង្កេតបានធ្វើឡើងទាក់ទង់នឹងរឿងយន្តហោះឯកជនដែលបានជួលធ្វើដំណើរពីប្រទេសសូរីណាមទៅកាន់ស្វ៊ីសក្នុងឆ្នាំ ២០១៧។ ក្នុងខែសីហា ឆ្នាំ ២០២០ ករណីនេះវាត្រូវបានបញ្ជាក់ការរៀបចំធ្វើដំណើរ គឺស្របច្បាប់និងបទបញ្ញត្តិអនុលោមរបស់ FIFA ដែលជាការសម្រេចចិត្តស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការសីលធម៍របស់ FIFA។»។ នេះជាការអះអាងរបស់ FIFA។ 
 
បន្ទាប់ពីបញ្ហាខាងលើនេះបានបញ្ចប់ទៅ​ ប្រធាន FIFA លោក Infantino ក៏បានសម្រេចចិត្តលះបង់ការទាមទារសំណងណាមួយសម្រាប់ការខូចខាតរបស់លោក ប៉ុន្តែលោកគ្រាន់តែទាមទារសម្រាប់ការចំណាយលើផ្លូវច្បាប់ក្នុងរឿងនេះតែប៉ុណ្ណោះ។
 
FIFA បាននិយាយបន្ថែមក្នុងសេចក្តីថ្លែងការណ៍ខ្លួនដូច្នេះថា៖«ចាប់តាំងពីមានដំណើរការនេះមក ប្រធាន FIFA បានសហការពេញទំហឹងជាមួយរដ្ឋអាជ្ញាស្វ៊ីស ហើយនៅតែសង្ឃឹមថាប្រព័ន្ធតុលាការនៅតែបន្តទទួលស្គាល់ថារដ្ឋបាលរបស់ FIFA ជាអង្គការមួយមានភាពស្អាត ស្អំ។»៕
 

Tag:
 FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com