ជាតិ
សម្ដេច ហ៊ុន សែន ចាត់ទុកវិស័យកសិកម្ម​ជា​កម្លាំង​ស្នូល​របស់​ខេត្តកំពង់ធំ
10, Mar 2023 , 7:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន ដើរទស្សនាស្ដង់ពិព័រណ៍ក្នុង​ពិធីបុណ្យទន្លេ។ រូបភាព SPM
សម្ដេច ហ៊ុន សែន ដើរទស្សនាស្ដង់ពិព័រណ៍ក្នុង​ពិធីបុណ្យទន្លេ។ រូបភាព SPM
ភ្នំពេញ៖ ក្នុងពិធីបុណ្យទន្លេលើកទី៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើងថា ខេត្ត​កំពង់ធំ មាន​ចំណុចខ្លាំងខាង​កសិកម្ម។ សម្ដេច ហ៊ុន សែន មើល​ឃើញ​ពី​សក្ដានុពល​កសិកម្ម​របស់ខេត្តកំពង់ធំ និង​បាន​​ជំរុញ​ការ​ដាំដុះ​ ការ​ផលិតតាម​ស្ដង់ដារ ដើម្បី​បំពេញ​តម្រូវការ​ទេសចរណ៍ផងដែរ។


កំពង់ធំ ជា​ខេត្ត​មួយ​ ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេសកម្ពុជា ដែល​មាន​ចម្ងាយ​ ១៦៨គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ។ ខេត្តមួយ​នេះ មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ដោយ​បាន​ដាំដុះ​​ស្រូវ ជាង ២៥ម៉ឺនហិកតា, ស្វាយ​ចន្ទីជាង ១១ម៉ឺនហិកតា, ដំឡូងមី ជាង៥ម៉ឺនហិកតា រួមទាំង​ដំណាំ​ជាច្រើនទៀត។​
  

សម្ដេច ហ៊ុន សែន ដើរទស្សនាស្ដង់ពិព័រណ៍ក្នុង​ពិធីបុណ្យទន្លេ។ រូបភាព SPM.jpg
 
ក្នុង​ពិធី​បុណ្យ​ទន្លេ​ កាល​ពី​ថ្ងៃទី​៩ មីនា សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​បែបនេះ៖ «​ខេត្ត​កំពង់ធំ​ ទោះបីមិន​សូវ​អនុគ្រោះ​ខាង​វិស័យសណ្ឋាគារ។ ​ប៉ុន្តែ អ្វី​ដែល​ជា​កម្លាំង​ខ្លាំង​របស់​ខេត្ត​កំពង់ធំ​ គឺ​វិស័យ​កសិកម្ម»។ ក្នុង​ពេល​ទស្សនា​ស្ដង់​លក់​ទំនិញ​ សម្ដេចនាយ​ករដ្ឋ​មន្រ្តី សង្កេតឃើញពីសក្ដានុពលនៃ​ការ​ដាំ​ដុះ​ដំណាំ​របស់​ប្រជាកសិករ។
 
ដោយ​មើល​ឃើញ​ពី​​អំណោយ​ផល​លើ​វិស័យ​កសិកម្ម សម្ដេច ហ៊ុន សែន បាន​ស្នើ​ដល់​ក្រសួង​ពាក់​ព័ន្ធ ផ្ដល់​អាទិភាពក្នុង​ការ​ជំរុញ​ការ​ដាំ​ដុះ​ ផលិត និង​ស្វែង​រក​ទីផ្សារ​ ស្រប​តាម​គោលនយោបាយ​ជំរុញ​វិស័យ​កសិកម្ម​។ ជា​មួយ​គ្នានេះ សម្ដេច ហ៊ុន សែន សង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។
 
គួរ​បញ្ជាក់ថា ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ និង​ភាព​រីកចម្រើន​លើ​វិស័យ​កសិកម្ម រដ្ឋបាលខេត្ត​កំពង់ធំ​ បាន​សាង​សង់ និង​ជួសជុល​ប្រព័ន្ធ​ធារាស្រ្ត​ចំនួន ២៦១កន្លែងផងដែរ៕ 
 

Tag:
 កសិកម្ម
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com