អន្តរជាតិ
អូស្ត្រាលី និងឥណ្ឌាឯកភាពគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិ 11, Mar 2023 , 9:29 pm
× ពីក្រុងញូវដែលី នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស បានលើកឡើងថា អូស្ត្រាលី និងឥណ្ឌាបានព្រមព្រៀងគ្នាក្នុងការពន្លឿនភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ និងដើម្បីបង្កើនទំនាក់ទំនងការពារជាតិទ្វេភាគី។
មេដឹកនាំអូស្ត្រាលី អាន់តូនី អាល់បានីស កំពុងធ្វើទស្សនកិច្ចនៅឥណ្ឌា ជាមួយគោលដៅបង្កើនល្បឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងយោធា។
កាលពីឆ្នាំមុន ឥណ្ឌា និងអូស្ត្រាលីបានចុះហត្ថលេខាដើម្បីចរចាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (ECTA) ដែលជាកិច្ចព្រមព្រៀងលើកដំបូងរបស់ឥណ្ឌាជាមួយនឹងប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេលមួយទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ការចរចាលើកិច្ចព្រមព្រៀងជាប់គាំង។
«យើងក៏បានយល់ព្រមលើការបញ្ចប់ជំហានដំបូងនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយដ៏មានមហិច្ឆតារបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចសម្រេចបាននៅឆ្នាំនេះ»។ លោក អាល់បានីស បានប្រាប់អ្នកសារព័ត៌មានបែបនេះអំឡុងការបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅឥណ្ឌា។ លោកបន្តថា កិច្ចព្រមព្រៀងផ្លាស់ប្តូរនេះនឹងជំរុញឱ្យមានសក្ដានុពលពេញលេញនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី បង្កើតឱកាសការងារថ្មីៗ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនអូស្ត្រាលី និងឥណ្ឌា។
នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏អះអាងថា ប្រទេសទាំងពីរបានធ្វើឱ្យមានវឌ្ឍនភាពសំខាន់ និងមានមហិច្ឆតាក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខ ហើយក៏បានពិភាក្សាអំពីបញ្ហាប្រែប្រួលអាកាសធាតុដែរ។
ពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-អូស្ត្រាលីមានទំហំ២៧,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំហំពាណិជ្ជកម្មមានសក្តានុពលកើនឡើងដល់៥០ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com