ភ្នំពេញ៖ យុវតី លេក ការី ជាជនជាតិដើមភាគតិចព្រៅ មានបំណងរៀនជំនាញចិត្តវិទ្យា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅក្នុងខេត្តរតនគិរី។ ការី គិតថាជំនាញនេះ ត្រូវចំណង់ចំណូលចិត្ត និងជំនាញរបស់នាង ពិសេសអាចជួយដល់យុវតី និងមនុស្សជាច្រើនឱ្យចាកចេញពីភាពមន្ទិលអតីតកាល។
មានវ័យ១៩ឆ្នាំ លេក ការី ជាក្មេងស្រីជនជាតិដើមភាគតិចព្រៅ រស់នៅក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ យុវតីជនជាតិដើមភាគតិចរូបនេះ បានប្រឹងហែលឆ្លងស្ថានភាពបាក់ទឹកចិត្តដែលបណ្ដាលមកពីគ្រួសារ និងការដាក់បន្ទុករបស់សង្គម រហូតក្លាយមានសមត្ថភាព អាចពង្រឹងស្មារតី ស្វែងយល់ចំណេះដឹងថ្មីៗ និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម។
បច្ចុប្បន្ន ការី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមួយកន្លែងនៅក្នុងទីរួមខេត្តរតនគិរី។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ការី មានជ្រើសរើសជំនាញ១ ក្នុងចំណោមជំនាញ ៣ ដែលនាងដៅទុករួមមាន ព័ត៌មានវិទ្យា, ទំនាក់ទំនងអន្តរជាតិ និងចិត្តវិទ្យា។
រូបភាព៖ លេក ការី .
យុវតីរូបនេះ អះអាងដូច្នេះ៖ «ខ្ញុំព្យាយាមស្វែងរកខ្លួនឯង ថាចូលចិត្តអ្វី ស្រឡាញ់អ្វី មានជំនាញអ្វីដែលអាចធ្វើបានដើម្បីត្រៀម នៅពេលបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២៣។ ពេលនេះ មុខវិជ្ជាមួយដែលជ្រើសក្នុងចំណោមបីគឺ ចិត្តវិទ្យាជាជម្រើសទីមួយសម្រាប់ខ្ញុំ»។
ការជ្រើសរើសមុខវិជ្ជាចិត្តវិទ្យានេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះជាអ្វីដែលនាងធ្លាប់ឆ្លងកាត់នូវស្ថានភាពបាក់ទឹកចិត្ត និងការរើសអើងពីអ្នកនៅជុំវិញ។ ទន្ទឹមនឹងនេះ នាពេលបច្ចុប្បន្ន យុវតីវ័យក្មេងរូបនេះ មានឱកាសចូលរួមការងារស្ម័គ្រចិត្ត ជួយលើកទឹកចិត្ត តាមរយៈការងារសហគមន៍ និងបណ្ដាញសង្គមជាដើម។ លើសពីនេះ ការី ក៏កំពុងស្ម័គ្រចិត្តលើគម្រោងទប់ស្កាត់ការរៀបការវ័យក្មេង និងការងារសង្គមមួយចំនួនផងដែរ។
រូបភាព៖ លេក ការី .
ទម្រាំអាចស្វែងរកខ្លួនឯងឃើញ ការី ត្រូវស្ថិតក្រោមគំនាប និងសម្ពោធទាំងនៅសាលា និងក្នុងគ្រួសារអស់រយៈយ៉ាងយូរ។ យុវតីមាឌល្អិតរូបនេះ រម្លឹកបែបនេះ៖ «ខ្ញុំជាកូនស្រីច្បងរស់ក្នុងគ្រួសារនៅជនបទក្នុងខេត្តរតនគិរី។ ឪពុកម្ដាយខ្ញុំមិនចង់ឱ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ឡើយ។ គាត់គិតថា កូនស្រីមិនគួររៀនច្រើន មិនគួរដើរឆ្ងាយ និងត្រូវតែស្ដាប់បង្គាប់។ គាត់ធ្លាប់ឱ្យខ្ញុំឈប់រៀនដើម្បីរៀបការ។ ប៉ុន្ដែខ្ញុំមិនព្រម និងជម្នះ ដើម្បីបានរៀនបន្តរហូតមកបច្ចុប្បន្ន»។
បើតាមយុវតី លេក ការី មានមនុស្សនៅជុំវិញខ្លួននាងមួយចំនួន ក៏បានជួបស្ថានភាពប្រហាក់ប្រហែលនេះដែរ ពេលខ្លះពួកគេពិបាករកអ្នកពិភាក្សា និងរកដំណោះស្រាយរកផ្លូវចេញ។ នាងបន្តថា ប្រសិនបើនាងមានជំនាញចិត្តវិទ្យា នាងនឹងអាចជួយបានមួយកម្រិតផងដែរ។
ការប្រឹងប្រែងជម្នះការគិតបែបបុរាណរបស់គ្រួសារនាងកន្លងមក បានធ្វើឱ្យយុវតីរូបនេះ មានភាពឯករាជ្យលើខ្លួនឯង និងចេះពិចារណាក្នុងការសម្រេចចិត្ត មិនថាជាការអប់រំ ឬការចាប់យកឱកាសឡើយ។ ការីបានចាប់ផ្ដើមធ្វើឱ្យគ្រួសារ និងពលរដ្ឋសហគមន៍មួយចំនួន យល់ និងឱ្យតម្លៃលើការប្រឹងប្រែងសម្រេចក្តីស្រមៃ ដោយចាកចេញពីលំនាំចាស់។
«បច្ចុប្បន្ន ដោយសារខ្ញុំត្រូវបានគេស្គាល់ និងឱ្យតម្លៃច្រើនតាមរយៈការផ្សព្វផ្សាយ ដូច្នេះម្ដាយឪពុកក៏មិនសូវរឹតបន្តឹងដូចមុនដែរ។ ពលរដ្ឋក្នុងសហគមន៍មួយចំនួនបានយកខ្ញុំធ្វើជាគំរូរផងដែរ។ ប៉ុន្ដែទន្ទឹមនេះ ក៏នៅមានអ្នកមួយចំនួននៅតែរើសអើង និងមិនឱ្យតម្លៃខ្ញុំដដែល។ ពួកគាត់ពោលដាក់ខ្ញុំថា ប្រឹងដើរច្រើន ប្រយ័ត្នមានកូនគ្មានប្តី ឬធ្វើការងារស្ម័គ្រចិត្តនេះមិនសល់អ្វីទេ បានត្រឹមដើរ តែគ្មានប្រយោជន៍»។ កញ្ញា លេក ការី ថ្លែងបែបនេះ។
យុវតី ការី លើកឡើងថា មូលហេតុខ្លះពិតជាមិនអាចតម្រូវចិត្ត ឬទៅពន្យល់ឱ្យមនុស្សគ្រប់គ្នាយល់នោះទេ។ ប៉ុន្តែអ្វីដែលអាចកែប្រែឱ្យប្រសើរជាងមុន មានតែមួយគត់ គឺនាងត្រូវប្រឹងប្រែងបន្ថែម ដើម្បីសម្រេចលទ្ធផលយកទៅបង្ហាញសាធារណជនទាំងនោះឱ្យបានឃើញផ្ទាល់នឹងភ្នែក។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលរៀនថ្នាក់ទី១២ យុវតី លេក ការី កំពុងធ្វើការងារស្ម័គ្រចិត្តជាមួយអង្គការចំនួនបីរួមមាន អង្គការភ្លែនអន្តរជាតិកម្ពុជា, អង្គការជួយសង្គ្រោះជនងាយរងគ្រោះហៅកាត់ថាSVC និង អង្គការ UNICEF៕