ជាតិ
ក្រសួងមហាផ្ទៃជ្រើសរើសមន្ត្រីក្របខ័ណ្ឌជាង១០០នាក់ សម្រាប់ឆ្នាំ២០២៣
12, Mar 2023 , 6:59 pm        
រូបភាព
មន្ត្រីពន្ធនាគារប្រជុំនាពេលកន្លងមក។ រូបពី DGP
មន្ត្រីពន្ធនាគារប្រជុំនាពេលកន្លងមក។ រូបពី DGP
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចបើកឱ្យមានការប្រឡងជ្រើសរើសសិស្ស-និស្សិត សម្រាប់បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល​ និងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ដែលមានចំនួន១៣១កន្លែង។ 
 
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការជ្រើសរើសមន្ត្រីជាង១០០នាក់នេះ ដើម្បីទៅបម្រើការងារនៅអង្គភាពនានា មាននៅទីស្តីការក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី៤នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងរដ្ឋបាលក្រុងស្រុកថ្មីចំនួន៥ ដែលទើបត្រូវបានបង្កើតថ្មី។ 
 
មន្ត្រីក្របខ័ណ្ឌឆ្នាំ២០២៣ ដែលនឹងជ្រើសរើសចូលទៅបម្រើការងាររដ្ឋបាលថ្នាក់ជាតិ នៅស្ដីការក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រែទី៤នៃអគ្គនាយកដ្ឋានពន្ធនាគារ គឺមានចំនួន៨០កន្លែង។ ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិវិញ មាន៥១កន្លែង គឺនៅរដ្ឋបាលក្រុងសំពៅពូន រដ្ឋបាលក្រុងអរិយក្សត្រ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ និងរដ្ឋបាលស្រុកអូរគៀងសែនជ័យ។ 
 
ចំពោះអ្នកដែលមានបំណងចង់ដាក់ពាក្យប្រឡង ក្រសួងបានណែនាំឲ្យទៅតាមកន្លែងរដ្ឋបាលនៃស្ថាប័ននីមួយៗ ដើម្បីសុំចុះឈ្មោះប្រឡង។ ជាក់ស្ដែង ដូចជា បេក្ខជនអាចទៅនាយករដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ចំណែក ការងារនៅក្រុងស្រុកដទៃទៀត គឺអាចទៅសាលាខេត្ត ឬរដ្ឋបាលក្រុងស្រុកនោះ ដើម្បីចុះឈ្មោះ។ 
 
ចំណែក កាលបរិច្ឆេទទទួលពាក្យប្រឡង គឺចាប់ផ្ដើមទទួលពីពេលនេះ រហូលដល់ថ្ងៃទី២១មេសា ឆ្នាំ២០២៣។ រីឯ ការប្រឡង នឹងធ្វើឡើងនៅថ្ងៃទី២១ឧសភា ដែលគណៈកម្មការប្រឡងនៃក្រសួងមហាផ្ទៃចាត់ចែង៕
 

Tag:
 មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com