ជាតិ
ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ សម្រេចបាន​៧៥ភាគរយ ​
13, Mar 2023 , 8:00 am        
រូបភាព
ការដ្ឋានព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ ថតដោយដ្រូន។ រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប
ការដ្ឋានព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ ថតដោយដ្រូន។ រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប
សៀមរាប៖ ប្រសិនគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះអន្ដរជាតិថ្មីសៀមរាបអង្គរ នៅស្រុកសូទ្រនិគម គ្រោងនឹងបើកដំណើរការនៅខែ​ តុលា ខាងមុខ ខណៈដែលការដ្ឋានបច្ចុប្បន្ន សម្រេចបានជាង៧៥ភាគរយហើយ។
 
ក្រុមហ៊ុនចិន Yunan Air Investment Cambodia កំពុងពន្លឿនការសាងសង់ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ ដើម្បីសម្រេចតាមផែនការគ្រោងទុក។ មន្រ្តីអាកាសចរណ៍ស៊ីវិល ក៏កំពុង ជំរុញឱ្យក្រុមហ៊ុននេះ បញ្ចប់ការងារឱ្យបានឆាប់ៗ ដើម្បីសម្រេចតាមផែនការការងារ។
 
មន្រ្តីនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមនិងថ្នាក់ដឹកនាំតាមក្រុមហ៊ុនអាកាសចរណ៍​សំខាន់ៗ ត្រូវបានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់ព្រលានយន្តថ្មី កាលពីពាក់កណ្ដាលខែ កុម្ភៈ។ រដ្ឋលេខាធិការប្រចាំការអាកាសចរណ៍ស៊ីវិល លោក ជា អូន ជំរុញឱ្យក្រុមហ៊ុន សហការគ្នាយ៉ាងជិតស្និទ្ធ ធ្វើការងារចាំបាច់នានា មុននឹងដំណើរការ នៅចុងខែ តុលា។



លោកបន្ដថា ទោះរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ក្ដី តែបច្ចុប្បន្ន វិស័យអាកាសចរណ៍ បានចាប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗ ក្នុងនោះខេត្តសៀមរាបក៏មានកំណើនជើងហោះហើរ ច្រើនឡើងវិញដែរ។ លោករំពឹងខ្ពស់ថា អាកាសយានដ្ឋានថ្មីនេះ នឹងទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ជាច្រើន ដែលអាចឱ្យកម្ពុជាទទួលទេសចរច្រើនលាននាក់ក្នុងមួយឆ្នាំៗ។
 
«ប្រទេសជាច្រើន បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ ដោយបើកប្រទេស​ខ្លួនឡើងវិញ រួមទាំងប្រទេសមួយចំនួនធំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងជំរុញ​ឱ្យមាន​ការងើបឡើងវិញ នៃឧស្សាហកម្មនេះ ដោយរំពឹងថា នឹងឈានដល់កម្រិត​ឆ្នាំ២០១៩ ក្នុ​ងឆ្នាំ២០២៣-២០២៤ ខាងមុខនេះ»។ នេះជាការលើកឡើងរបស់លោក ជា អូន។
 
ការងារសាងសង់ព្រលានថ្មីបច្ចុប្បន្ននេះ សម្រេចបានជាង ៧៥ភាគរយហើយ។ នេះជាការលើក ឡើងរបស់លោក ZOU Yuhui ប្រធានក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជិត១០០នាក់។  ក្រុមហ៊ុនចិនមួយនេះបាន​ប្ដេជ្ញាចិត្តខ្ពស់ថា នឹងសាងសង់តាមផែនការ ដែលនឹងអាច ដំណើរការក្នុងខែ តុលា ឆ្នាំនេះ។ 
 
ហេដ្ឋារចនាសម្ព័ន្ធអាគាររបស់ព្រលានយន្តហោះថ្មី បានលេចរូបរាងស្ទើរទាំងស្រុងហើយ ក្នុងនោះ មានផ្លូវរត់ និងកន្លែងអ្នកដំណើរឡើងចុះជាដើម។ ចំណែកការដំឡើងបរិក្ខាខាងក្នុងវិញ កំពុងរៀបចំខ្លះៗ រីឯផ្លូវថ្នល់តភ្ជាប់ពីព្រលានទៅកាន់ផ្លូវជាតិលេខ៦ ក៏កំពុងសម្រុកធ្វើខ្លាំងដែរ។ រីឯប្រព័ន្ធទឹកស្អាត និងភ្លើង ក៏មានសន្ទុះខ្លាំងដែរ។
 


គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លាន​ដុល្លារ​អាម៉េរិក ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែ មីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោង​កិច្ចព្រមព្រៀង​វិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួម​ខេត្តសៀមរាប។
 
គួរបញ្ជាក់ថា ប្រសិនបើព្រលានយន្តហោះថ្មីនេះដំណើរការ នោះព្រលានយន្តហោះចាស់ ស្ថិតខាងលិចក្រុងសៀមរាប ដែលគ្រប់គ្រងដោយក្រុមហ៊ុនបារាំង នឹងបញ្ឈប់សកម្មភាព ទាំងស្រុង។ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ព្រលាននេះ សម្រាប់តែ​យន្តហោះកងទ័ព​ប៉ុណ្ណោះ៕

Tag:
 ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com