កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag បន្ទោសអាជ្ញាកណ្តាល ដែលធ្វើឱ្យ Man Utd ស្មើ Southampton
13, Mar 2023 , 10:49 am        
រូបភាព
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United មិនពេញការកាត់ក្តីរបស់លោកអាជ្ញាកណ្តាល Anthony Taylor​ បន្ទាប់ពីក្រុមខ្លួនបានត្រឹមស្មើ  Southampton ០-០ ក្នុងការប្រកួត Premier League នៅថ្ងៃទី១២ ខែមីនា។ អ្នកចាត់ការហូឡង់ មិនអស់ចិត្តត្រង់អាជ្ញាកណ្តាលពិន័យកាតក្រហមឱ្យ Casemiro ប៉ុន្តែមិនផ្តល់បាល់ប៉េណាល់ទីដល់ក្រុមខ្លួន ក្រោយកីឡាករ Southampton ប៉ះដៃនៅតំបន់គ្រោះថ្នាក់។

លោក Ten Hag លើកឡើងថា ខ្សែបម្រើ Casemiro ទទួលបានកាតក្រហមដោយអយុត្តិធម៌ បន្ទាប់ពីប្រជែងយកបាល់ពីកីឡាករ Carlos Alcaraz របស់ Southampton នៅនាទី៣៤នៃវគ្គទី១។ 
 
យ៉ាងណាក៏ដោយ អាជ្ញាកណ្តាល Taylor មិនពិន័យ Southampton ក្រោយខ្សែការ Kyle Walker-Peters បានទាក់ជើង Bruno Fernandes នៅក្នុងប្រអប់គ្រោះថ្នាក់ និងមិនពិន័យប៉េណាល់ទីដែល Armel Bella-Kotchap យកដៃប៉ះបាល់ថែមទៀត។
 
អ្នកចាត់ការសញ្ជាតិហូឡង់ ចាត់ទុកលទ្ធផលស្មើរវាង Manchester United ទលល់ Southampton នៅ Old Trafford សម្រាប់ការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី២៦ ត្រូវបានរងឥទ្ធិពលមិនល្អពីសំណាក់អាជ្ញាកណ្តាល ដែលសម្រេចចិត្តមិនត្រឹមត្រូវដល់ទៅ៣លើក។
 
ប្រាប់កាសែត Sky Sports លោក Ten Hag បានសរសើរកូនក្រុមដែលបង្ហាញទម្រង់លេងបានល្អដដែល បើទោះត្រូវបាត់សមាជិកម្នាក់ក៏ដោយ ស្របពេលក្រុមរងភាពអយុត្តិធម៌ថែមទៀត។
 
«ពួកគេនៅតែធ្វើបានល្អទោះសល់គ្នា១០នាក់។ ពួកគេមានភាពរឹងមាំទាំងកម្លាំង និងផ្លូវចិត្តដើម្បីវាយសម្រុកក្រុមគូប្រជែង។ Man Utd សមទទួលបាន១គ្រាប់តាមរយៈការបង្កកំហុសរបស់កីឡា Southampton។ ប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីបានជាអជ្ញាកណ្តាល និង VAR មិនធ្វើការអំពីកំហុសរបស់ Southampton»។ នេះជាការលើកឡើងរបស់លោក Ten Hag។
 
តាមរយៈលទ្ធផលនេះ បានធ្វើឱ្យ Man Utd ពិបាកក្នុងការប្រជែងពាន Premier League រដូវកាលនេះ ក្រោយកាន់តែឆ្ងាយគម្លាតពិន្ទុពីក្រុមកំពូលតារាង​ Arsenal។ ឆ្លងកាត់ការ
ប្រកួត២៦លើក បិសាចក្រហមរកបាន៥០ពិន្ទុ តាមពីក្រោយក្រុមលេខ២ Manchester City ១១ពិន្ទុ និង Arsenal ដល់ទៅ១៦ពិន្ទុ។
 
Tottenham Hotspur, Newcastle United និង Liverpool ដែលឈរនៅលេខ៤ លេខ៥ និងលេខ៦ កំពុងប្រជែងគ្នាខ្លាំងដើម្បីប្រជែង Top 4 ខណៈ Man Utd ក៏ត្រូវប្រជែងក្នុងចំណោមនេះដែរ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com