ជាតិ
អ្នកជំនាញចន្ទី ចង់ឱ្យមានឧទ្យានកសិ-ឧហ្សាកម្ម ដើម្បីជាបណ្ដុំរោងចក្រកែច្នៃកសិផល
14, Mar 2023 , 9:29 am        
រូបភាព
ការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជា(សសក) លោក អួន ស៊ីឡុត រំពឹងថា ស្វាយចន្ទីទទួលបានការកែច្នៃ ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស បន្ថែមទៀត បន្ទាប់ពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្យាយាមផ្សព្វផ្សាយ និងអូសទាញឱ្យមានការវិនិយោគ។ សម្ដេច បានបង្ហាញក្ដីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្គត់ផ្គង់ស្វាយចន្ទី ទៅទីផ្សារអន្តរជាតិ។
 
លោក អួន ស៊ីឡុត ចង់ឃើញវិស័យស្វាយចន្ទីរបស់កម្ពុជា មានភាពរីកចម្រើនទាំងការដាំដុះ និងការកែច្នៃ ព្រោះថា នេះគឺជាដំណាំសក្ដានុពល ដែលផ្ដល់ចំណូលចូលជាតិ យ៉ាងច្រើន។ លោកគាំទ្រចំពោះប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដែលចង់ឃើញកម្ពុជា ក្លាយជាប្រទេសឈានមុខគេ ក្នុងការនាំចេញ និងផ្គត់ផ្គង់ស្វាយចន្ទី ទៅកាន់ពិភពលោក។
 
តាមរយៈប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលបានលើកឡើងម្ដងហើយៗ ពាក់ព័ន្ធនឹងការអភិវឌ្ឍស្វាយចន្ទី នៅពេលនេះ លោក អួន ស៊ីឡុត រំពឹងថា ស្វាយចន្ទីកម្ពុជា នឹងទទួលបានការកែច្នៃ ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងបរទេស បន្ថែមទៀត។ 
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ សែម វណ្ណា ​​ 

លោក អួន ស៊ីឡុត បន្ថែមដូច្នេះថា៖« ខ្ញុំគិតថា ប្រសាសន៍របស់សម្ដេច នឹងជួយអូសទាញក្រុមអ្នកមានៗហ្នឹង ងាកមកវិនិយោគលើដំណាំស្វាយចន្ទីឡើងវិញ។ អ៊ីចឹង យើងចង់ឱ្យឧកញ៉ា និងមហាសេដ្ឋីដទៃទៀត មើលលើការវិនិយោគ ស្វាយចន្ទីនៅកម្ពុជា»។  
 
បច្ចុប្បន្ន ស្វាយចន្ទីកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះថា គ្រាប់ស្វាយចន្ទីកម្ពុជាមានគុណភាពល្អ គ្រាប់ធំ និងមិនមានជំងឺ ដូចគ្រាប់ស្វាយចន្ទី ដែលនាំចូលពីអាហ្រ្វិក។ ម្យ៉ាងទៀត កម្ពុជាអំណាយផលទាំងអាកាសធាតុ និងដី ដែលបង្កលក្ខណៈគ្រប់គ្រាន់ដល់ការដាំដុះស្វាយចន្ទី។ 
ប្រទេស ដែលសម្លឹងឃើញការវិនិយោគដំណាំស្វាយចន្ទីនៅកម្ពុជា មានចិន ឥណ្ឌា និងជប៉ុន។ ទន្ទឹមនេះ លោក ស៊ីឡុត រំពឹងខ្ពស់ថា យ៉ាងហោច៥ឆ្នាំទៅមុខទៀត កម្ពុជានឹងទទួលបានការវិនិយោគពីក្រុមចំនួន ៤ ដែលមកពីប្រទេសខាងលើ ក្នុងការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី។ 
 
ដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាល និងអង្កការក្រៅរដ្ឋាភិបាល បង្កើតជាឧទ្យានកសិឧហ្សាកម្ម ដើម្បីផ្ដល់អាទិភាពបន្ថែម ដល់ការកែច្នៃស្វាយចន្ទីកម្ពុជា។ ឧទ្យានកសិឧហ្សាកម្ម គឺជាបណ្ដុំរោងចក្រកែច្នៃ ផលិតផលកសិកម្មនៅក្នុងស្រុក។ 
 
សម្ដេច ហ៊ុន សែន នៅក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលត្រូវបានរៀបចំឡើង នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា។ រូបភាព៖ SPM 

សម្ដេច ហ៊ុន សែន បានថ្លែងថា សព្វថ្ងៃ វិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។ ជាក់ស្ដែង ស្វាយចន្ទី ដែលជាដំណាំសក្ដានុពល ទទួលបានការវិនិយោគតិចតួចប៉ុណ្ណោះ ស្របពេល កម្ពុជា ជាអ្នកផលិត និងចែកចាយគ្រាប់ស្វាយចន្ទីធំមួយ នៅទីផ្សារអន្តរជាតិ។ គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជា មានស្រាប់។ 
 
សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះ៖«យើងកែច្នៃខ្លួនឯង បានតិចតួចណាស់ ដែលយកមកតាំងពិពណ៌ ឬលក់អីហ្នឹង។ អ៊ីចឹង សម្រាប់ការអភិវឌ្ឍស្វាយចន្ទី គឺសំដៅទាក់ទាញការកែច្នៃ នៅក្នុងស្រុក។ ចំណុចនេះ គឺជាចំណុច ដែលវានឹងបង្កើតបានការងារ និងតម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង»។  
 
នៅក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំឡើង នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា ឯណោះវិញ សម្ដេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»។ 
គួរបញ្ជាក់ថា រយៈពេល១២ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១,០៧៧លានដុល្លារ ថយចុះ ៣៤,៦៥ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ដោយឡែក កម្ពុជា នាំចន្ទីទៅវៀតណាមចំនួន ៦៤ម៉ឺនតោន ដោយថយចុះ ៣៧ភាគរយ៕
 
 
 
 
 
 
 

Tag:
 កសិកម្ម
  សមាគមស្វាយចន្ទីកម្ពុជា
  ស្វាយចន្ទី
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com