ជាតិ
ក្រសួងសាធារណការ ព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីឱ្យប្រសើរជាងមុន
16, Mar 2023 , 8:59 am        
រូបភាព
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីធានាដល់ការគ្រប់គ្រងឱ្យប្រសើរជាងមុន។


លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ និងដឹកជញ្ជូន បានបញ្ជាក់ថា សេចក្តីច្បាប់ថ្មីនេះ នឹងជួយរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងរួមចំណែកការពារបរិស្ថានឱ្យមានប្រសិទ្ធភាពជាងមុន។ 
 
អ្នកនាំពាក្យរូបនេះ បានបន្តថា ការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ចាំបាច់តម្រូវឲ្យមានច្បាប់ និងនីតិវិធីជាច្រើនដើម្បីគ្រប់គ្រង និងអាចធានាដល់ការចរាចរ និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ឱ្យមានប្រសិទ្ធភាព ។ ជាពិសេសធានាសុខសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងទំនិញគ្រប់ប្រភេទ អាចធ្វើចរាចរណ៍បានដោយរលូន។
 
ថ្លែងបានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៥ ខែមីនា លោក សុទ្ធាយុត្តិ បានបញ្ជាក់ដូច្នេះ៖ «សេចក្ដីព្រាងច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនេះ មាន២៤ជំពូក និង ២៧៧មាត្រា ដែលជាច្បាប់ថ្មី ប៉ុន្តែតាក់តែងឡើងយោងតាមច្បាប់ចាស់ដែលមានស្រាប់ និងបានប្រជុំពិភាក្សាជាច្រើនដង និងច្រើនឆ្នាំរួចមកហើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូនខិតខំរៀបចំច្បាប់នេះឡើង សម្រាប់បម្រើប្រយោជន៍ជាតិផង និងអន្តរជាតិផងដែរ»។
 
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ សេចក្តីព្រាងច្បាប់នេះ នឹងជួយការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាព និងទាក់ទាញអ្នកវិនិយោគ ក៏ដូចជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព ជាពិសេសបម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
 
ក្រៅពីនេះ សេចក្តីព្រាងច្បាប់នេះ ក៏ងាយស្រួលតភ្ជាប់ និងធ្វើសមាហរណកម្មការងារដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ស្របតាមបទដ្ឋាននានា ព្រមទាំងជួយកាត់បន្ថយចំណាយមិនចាំបាច់នានា ក្នុងការដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ ៕
 

Tag:
 ដឹកជញ្ជូនតាមផ្លូវទឹក
  សេចក្ដីព្រាងច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com