អន្តរជាតិ
បញ្ហាសេដ្ឋកិច្ច ជាកត្តាជំរុញឱ្យហុងឌូរ៉ាសចង់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ទៅចាប់ចិន
16, Mar 2023 , 9:29 pm        
រូបភាព
ទង់ជាតិហុងឌូរ៉ាសនៅកណ្តាល។ រូបភាព AFP
ទង់ជាតិហុងឌូរ៉ាសនៅកណ្តាល។ រូបភាព AFP
ភាពចាំបាច់លើវិស័យសេដ្ឋកិច្ច និងការបដិសេធលើការបង្កើនជំនួយពីសំណាក់រដ្ឋាភិបាលក្រុងតៃប៉ិ ជាហេតុផលជំរុញឱ្យហុងឌូរ៉ាស ចង់ចាប់ដៃជាមួយចិនវិញ។ រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស លោក  Eduardo Reina បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា ក្រោយប្រធានាធិបតីប្រទេសស្ថិតនៅអាម៉េរិកកណ្តាលនេះ ប្រាប់ឱ្យរកទំនាក់ទំនងការទូតផ្លូវការជាមួយចិនវិញ។


ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro នៅថ្ងៃទី១៤ ខែមីនា បានបញ្ជាឱ្យរដ្ឋមន្រ្តីការបរទេសខ្លួននាំយកការបើកចំហទំនាក់ទំនងផ្លូវការជាមួយចិន។ យ៉ាងណាមិញ តៃវ៉ាន់ បានទទូចឱ្យរដ្ឋាភិបាលក្រុងតេហ្គូស៊ីហ្កាល់ប៉ា ពិចារណាម៉ត់ចត់ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់របស់ចិន និងបាត់បង់ទំនាក់ទំនងល្អក្នុងរយៈពេលយូរ។ 
 
មួយថ្ងៃក្រោយការបញ្ជារបស់ប្រធានាធិបតី ប្រមុខការទូតហុងឌូរ៉ាស លោក Eduardo Reina ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Canal 5 នៅថ្ងៃទី១៥ ខែមីនា បានចេញមុខការពារថា ហុងឌូរ៉ាស បានស្នើទំនាក់ទំនងកាន់តែសំខាន់ ដែលត្រូវបានផ្តល់ដោយតម្រូវការរបស់ប្រជាជនហុងឌូរ៉ាស ប៉ុន្តែត្រូវបានតៃវ៉ាន់បដិសេធ។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បានបកស្រាយថា រដ្ឋាភិបាលក្រុងតេហ្គូស៊ីហ្កាល់ប៉ា បានស្នើឱ្យតៃវ៉ាន់បន្ថែមជំនួយទ្វេដង នៃជំនួយប្រចាំឆ្នាំប្រមាណ ៥០លានដុល្លារ រួមទាំងការពិចារណាលើការផ្លាស់ប្តូរបំណុលចំពោះប្រទេសនៅអាម៉េរិកកណ្តាលមួយនេះ ជំពាក់ក្រុងតៃប៉ិប្រមាណ៦០០លានដុល្លារ។ យ៉ាងណាមិញ ហុងឌូរ៉ាស មិនទទួលបានចម្លើយវិជ្ជមានពីតៃវ៉ាន់ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ជាការឆ្លើយតប ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃទី១៦ ខែមីនា បានបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស មិនបានបង្ហាញពីការពិតនៃកិច្ចចរចាទាំងមូល ខណៈរដ្ឋាភិបាលក្រុងតៃប៉ិ នៅតែបន្តរក្សាកិច្ចចរចាជាមួយក្រុងតេហ្គូស៊ីហ្កាល់ប៉ា។ 
 
បន្ថែមពីនេះ ក្រសួងការបរទេសតៃវ៉ាន់ បានព្រមានហុងឌូរ៉ាស ដែលកំពុងមានបំណុលជុំវិញខ្លួន កុំឱ្យបំពេញតម្រូវការរបស់ខ្លួនតាមរយៈកម្ចីចិន និងការធ្លាក់ទៅក្នុងអន្ទាក់បំណុល។ 
 
ហុងឌូរ៉ាស ដែលជាប្រទេសក្រីក្រមួយនៅក្នុងតំបន់ និងមានប្រជាជនប្រមាណជិត១០លាននាក់ មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់រយៈពេលច្រើនជាង ៨០ឆ្នាំមកហើយ។ ប្រទេសមួយនេះ ស្ថិតក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤ ដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ 
 
ការស្វះស្វែងរកការភ្ជាប់ទំនាក់ទំនងជាមួយតៃវ៉ាន់នេះ មិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដោយសារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកស្រី Xiomara Castro ក៏ធ្លាប់បានលើកឡើងពីការចង់ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយចិនផងដែរ ដើម្បីអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងវិនិយោគ៕ 
 
 

Tag:
 ចិន
  ហុងឌូរ៉ាស
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com