សៀមរាប៖ និស្សិតកសិកម្ម និងទេសចរណ៍ ពីសាកលវិទ្យាល័យអង្គរ និងអ្នកប្រើប្រាស់បន្លែសរីរាង្គ ប្រមាណជាង៦០នាក់ បានទៅទស្សនកិច្ចនៅតាមសហគមន៍កសិកម្ម ដែលគាំទ្រដោយ អង្គការហ្រ្គេត (GRET)។ ទស្សនកិច្ចនោះរៀបចំលើងក្នុងបំណងលើកកម្ពស់ការប្រើប្រាស់ និងជំរុញឲ្យមាន ការគាំទ្របន្ថែមដល់កសិករដាំបន្លែសរីរាង្គ និងដែលមានពិការភាព។
លោក ទូច សុខារិទ្ធ ប្រធានគ្រប់គ្រងគម្រោងអង្គការ ហ្គ្រេត (GRET) បានលើកឡើងថា គម្រោងលើកកម្ពស់ជីវភាពគ្រួសារកសិករក្រីក្រក្នុងខេត្តសៀមរាប បានចាប់ផ្ដើមក្នុងឆ្នាំ២០១០ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលរបស់កសិករ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់គ្រួសារកសិករខ្នាតតូច ដោយធ្វើការអភិវឌ្ឍន៍កសិកម្មនិរន្តរភាព និងផ្ដល់បច្ចេកទេសកសិកម្មបែបក្សេត្របរិស្ថាន។ រហូតដល់ឆ្នាំ ២០២២ គម្រោងបានចាប់ផ្ដើមគាំទ្របន្ថែមលើកសិករដែលមានពិការភាពលើវិស័យកសិកម្ម ក្រោមជំនួយឧបត្ថម្ភថវិកា ពីអង្គការសកម្មភាពប្រជាជនដើម្បីអភិវឌ្ឍន៍បរិយាប័ន្ន ហៅកាត់ថា ប៉ាហ្វីត (PAfID)។គោលបំណងនៃគម្រោង គឺធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជាកសិករ ដែលមានពិការភាពដោយពង្រឹងលើបច្ចេកទេសកសិកម្ម និងបង្កើនឲ្យមានពិពិធកម្មកសិកម្មដោយកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មផងដែរ។
ទស្សនកិច្ចដែលធ្វើនៅថ្ងៃទី១៨ ខែមីនា អង្គការហ្គ្រេត បានរៀបចំកម្មវិធីមួយដែលឲ្យឈ្មោះថា ទិវាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព ចុះមើលការចិញ្ចឹមមាន់ស្រែ និងបន្លែសុវត្ថិភាពក្នុងស្រុកសូទ្រនិគម។ ទស្សនកិច្ចដោយមានការចូលរួមពី សាស្ត្រាចារ្យ សិស្សនិស្សិត ដែលមកពីសកលវិទ្យាល័យអង្គរ និងប្រជាពលរដ្ឋដែលតែងតែគាំទ្របន្លែសុវត្ថិភាពពីសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ហៅកាត់ថា (Eco-farm)។ កម្មវិធីនេះ មានគោលបំណងធំចំនួន៣ ស្វែងយល់ពីការដាំដុះ និងការចិញ្ចឹមសត្វរបស់កសិករមានពិការភាពក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនោះ ស្វែងយល់ពីបន្លែសុវត្ថិភាព និងការអនុវត្តការដាំដុះបន្លែតាមស្តង់ដារសុវត្ថិភាពក្រោមការត្រួតពិនិត្យស្តង់ដាដោយប្រព័ន្ធធានាដែលមានការចូលរួមហៅកាត់ថា PGS និងស្វែងរកការគាំទ្រផ្នែកទីផ្សារដល់សហគមន៍ក៏ដូចជាស្វែងរកការគាំទ្រដល់ផលិតផលកសិកម្មរបស់ប្រជាកសិករដែលមានពិការភាពក្នុងសហគមន៍ផងដែរ។
ប្រធានសហគមន៍កសិកម្មដានរុនសាមគ្គី លោក សេ រ៉ៃ បានលើកឡើងថា សហគមន៍របស់លោកបង្កើតឡើងនៅថ្ងៃទី២៤ មីនា ឆ្នាំ២០២១។ សហគមន៍បាន ទិញលក់មាន់សាច់ លក់ពងមាន់និងកូនមាន់ ព្រមទាំងជាក្រុមផលិតពងមាន់។ បច្ចុប្បន្នសហគមន៍នេះ ផលិតពងលក់ឲ្យសមាជិក និងក្រៅសមាជិក ហើយសហគមន៍មានដំណើរការខ្លាំងខាងផលិតពងអាចលក់ទៅទីផ្សារ២៥ខេត្ត ក្រុង។
អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ និងទីផ្សារ របស់សហគមន៍កសិកម្មសុវត្តិភាពធម្មជាតិ បានលើកដែរថា សហគមន៍បានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានសមាជិក៧០នាក់ មកដល់បច្ចុប្បន្ននេះមានសមាជិកជាង១០០នាក់ហើយ។ ដោយឡែកសហគមន៍មានការផ្គត់ផ្គង់ទៅផ្សារមួយចំនួនដូចជា ផ្សារកូនខ្មែរនៅភ្នំពេញ ផ្គត់ផ្គង់ទៅលើកសិដ្ឋានខេមរៈ ផ្គត់ផ្គង់ផ្សារកសិករខ្មែរ ផ្សារចុងសប្តាហ៍ និងផ្សារដំដែកផងដែរ។
ចំណែកលោក យួន ជា ជាកសិករពិការ បានលើកថា លោកប្រកបរបរកសិកម្មនេះ៧ឆ្នាំមកហើយ ដោយមុនដំបូងលោកចិញ្ចឹមមាន់។ ដោយឃើញថា មានអាចម៍មាន់ច្រើន លោកក៏គំនិតរៀបចំដី ដើម្បីដាំបន្លែ ដោយមិនទាន់បានចូលសហគមន៍នៅពេលនោះ។។ លុះក្រោយមកទើបខាងអង្គការ ហ្គ្រេត បានសួរនាំ និងបង្រៀនពីរបៀបដាំបន្លែសរីរាង្គ និងធ្វើជីកំប៉ុស។
លោកក៏បានចូលរួមជាមួយសហគមន៍តាំងពីពេលនោះមក ដោយបន្លែដែលដាំមានការពិនិត្យត្រឹមត្រូវ និងគិតគូរពីសុវត្ថភាពខ្ពស់ ទើបអាចលក់នៅលើផ្សាររបស់សហគមន៍បាន។
កសិករពិការភាពមួយរូបដែរ គឺ អ្នកស្រី សួន សុភាព ដាំបន្លែរយៈពេលជិត១០ឆ្នាំមកហើយ។ ដោយអង្គការ បានរៀបចំជាសិក្ខាសាលា បង្រៀនពីរបៀបដាំបន្លែសរីរាង្គ និងធ្វើជាកំប៉ុស ព្រមទាំងបានផ្តល់នូវសម្ភារៈមួយចំនួន ដើម្បីឲ្យកសិករមានភាពងាយស្រួលដោយមិនចាំបាច់ចំណាយថវិកាទៅទិញ។
ជាមួយគ្នានោះ កសិករដែលមានពិការភាព បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រ បន្លែសរីរាង្គ និងបន្លែមានសុវត្ថិភាព បន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់កសិករ ពិសេសជនពិការដែលមិនអាចធ្វើការធ្ងនៗបាន៕