កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូហុងគ្រី មកបណ្តុះបណ្តាលសិក្ខាកាមបាល់ទាត់លើតុកម្ពុជា ដើម្បីត្រៀមស៊ីហ្គេម
22, Mar 2023 , 11:14 am        
រូបភាព
សិក្ខាកាមកីឡាបាល់ទាត់លើតុកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល។ រូបពី CAMSOC
សិក្ខាកាមកីឡាបាល់ទាត់លើតុកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល។ រូបពី CAMSOC
ដោយ:
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា (Teqball) បើកវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ ត្រៀមស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី២១-២៣ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយលោក Marton Kereszturt គ្រូបង្វឹកជនជាតិហុងគ្រី ដើម្បីពង្រឹងសមត្ថភាពក្រុមកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។
 
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា លើកឡើងថាដ្បិតកីឡាបាល់ទាត់លើតុទើបតែកើតមាននៅលើទឹកដីកម្ពុជា តែមន្រ្តីទាំងអស់គ្នាត្រូវរួបរួមសាមគ្គី ដើម្បីលើកស្ទួយឱ្យកីឡាមួយនេះរីកចំរើនទៅមុខ និងមានការប្រកួតប្រជែងខ្ពស់នាពេលអនាគត។
 
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា។ រូបពី CAMSOC

«ប្រភេទកីឡាបាល់ទាត់លើតុជាប្រភេទកីឡាថ្មី។ យើងត្រូវរួបរួមគ្នាខិតខំសិក្សា និងអភិវឌ្ឍសមត្ថភាព ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់លើតុរបស់យើង ឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត»។ អនុប្រធានសហព័ន្ធ ក៏បាននិយាយលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមឱ្យប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសជនជាតិហុងគ្រី។
 
លោក Gao Feng និយាយថា៖«ការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់អ្នកទាំងអស់គ្នា ពិតជាមានសារៈសំខាន់ណាស់ ហើយខ្ញុំក៏មានការជឿជាក់ដែរថា ក្រុមជម្រើសជាតិបាល់ទាត់លើតុ របស់យើងនឹងអាចធ្វើបានល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាក៏ដូចជាការប្រកួតស៊ីហ្គេម ជាបន្តបន្ទាប់ទៀត»។ 
 
បន្ថែមពីលើនោះអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា លោក អន ចន្ត្រាសំរិត យល់ឃើញថា កីឡាបាល់ទាត់លើតុជាប្រភេទកីឡាថ្មី សម្រាប់កម្ពុជា ហើយកីឡាប្រភេទនេះក៏បានដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ។ លោក ចិន្ត្រាសំរិត សង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលធនធានជាការចាំបាច់បំផុតសម្រាប់ម្ចាស់ផ្ទះដែលកម្ពុជា រង់ចាំអស់រយៈពេលជាង៦០ឆ្នាំ។
 
លោក អន ចន្ត្រាសំរិត និយាយថា៖«ការបើកវគ្គបណ្តុះបណ្តាលនេះ គឺធ្វើយ៉ាងណាឱ្យយើងត្រៀមខ្លួនឱ្យបានមុតមាំ សម្រាប់ការប្រកួត ស៊ីហ្គេម នាខែឧសភា ខាងមុខ។ តាមរយៈការសិក្សា និងអនុវត្តផ្ទាល់ជាមួយ គ្រូឧទ្ទេសមកពីប្រទេសដើម នៃកីឡា Teqball នេះ យើងរំពឹងថា សិក្ខាកាមកម្ពុជា នឹងទទួលបានទាំងចំណេះ និង ជំនាញដ៏ពិតប្រាកដមួយ សម្រាប់យកទៅអនុវត្ត នៅពេលយើងធ្វើម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ខាងមុខនេះ»។
 
គួបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន និងអាជ្ញាកណ្តាលអន្តរជាតិ កីឡាបាល់ទាត់លើតុ (Teqball) ទទួលបានការបង្រៀនដោយលោក Marton Kereszturt គ្រូបង្វឹកជនជាតិហុងគ្រី និងមានសិក្ខាកាមចំនួន២២នាក់។ កីឡាបាល់ទាត់លើតុមានប្រទេសចំនួន៧ ចូមរួមប្រកួតមិត្តភាពធម្មតារួមមាន ម្ចាស់ផ្ទះកម្ពុជា, ហ្វ៊ីលីពីន, ព្រុយណេ, សិង្ហបុរី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ៕
 
 

Tag:
 កីឡាបាល់ទាត់លើតុ
  Marton Kereszturt
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com