អន្តរជាតិ
Mbappe ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំងជំនួស Lloris ដែលចូលនិវត្តន៍
22, Mar 2023 , 2:29 pm        
រូបភាព
​ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint Germain បានក្លាយជាប្រធានក្រុមថ្មីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ជំនួសអ្នកចាំទី Hugo Lloris ដែលចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែមករាក្រោយចប់ Wold Cup នៅកាតា។


Mbappe ប្រើពេលលេងជាមួយក្រុមជម្រើសជាតិបារាំងជិត ៦ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៧ មក។ មកដល់បច្ចុប្បន្ន Mbappe បានក្លាយជាកីឡាករដ៏មានឥទ្ធិពលមួយរូបប្រចាំក្រុមដែលដឹកនាំដោយលោក Didier Deschamps។ ត្រឹមវ័យ ២៤ឆ្នាំ Mbappe  បានបង្ហាញខ្លួនឱ្យបារាំងចំនួន ៦៦លើក និងស៊ុតបាល់បញ្ចូលទីចំនួន ៣៦គ្រាប់។ 
 
តារាបាល់ទាត់ក្រុម PSG រូបនេះធ្លាប់ឈ្នះពានរង្វាន់ World Cup ជាមួយបារាំងត្រឹមវ័យ ១៨ឆ្នាំ ដែលធ្វើនៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ និងជាការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំលើកដំបូងរបស់រូបគេផងដែរ។ កាលពីឆ្នាំ ២០២២ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏ជួយនាំបារាំងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រសារជាថ្មី ប៉ុន្តែបារាំងបញ្ចប់ត្រឹមតំណែងជើងឯករងក្រោយចាញ់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ។ Mbappe បង្ហាញខ្លួន ២លើកនៅ World Cup រកបានគ្រាប់បាល់ចំនួន ១២គ្រាប់។
 
មុនពេលមានការបញ្ជាក់ពីសំណាក់សហព័ន្ធបាល់ទាត់បារាំងដែលថា Mbappe នឹងក្លាយជាប្រធានក្រុមជម្រើសជាតិនេះ​ លោក Deschamps ដែលជាគ្រូបង្វឹកក្រុមធ្លាប់បាននិយាយបង្ហើបទាក់ទងរឿងនេះក្នុងកម្មវិធីកិច្ចសម្ភាសមួយជាមួយទូរទស្សន៍បារាំង TF1។ Deschamps និយាយថា Mbappe ជាកីឡាករដែលមានទំនួលខុសត្រូវ។
 
«Mbappe នឹងបំពេញតាមតម្រូវការទាំងអស់ ដើម្បីផ្តល់នូវភាពទំនួលខុសត្រូវសម្រាប់ក្រុមបារាំង។ នៅលើទីលាន Mbappe មានសមត្ថភាព ហើយចេះបង្រួបបង្រួម។»។ លោក Deschamps បន្ថែមបែបនេះ។
 
ក្រោយមក សហព័ន្ធបាល់ទាត់បារាំង (FFF) ក៏បានបញ្ជាក់ពីការលើកឡើងរបស់លោក Deschamps នៅលើបណ្តាញសង្គមថាជារឿងពិតប្រាកដ ដោយគ្រូបង្វឹកបានសម្រេចឱ្យ Mbappe ក្លាយជាប្រធានក្រុម ហើយកីឡាករ Antoine Griezmann របស់ក្រុម Atletico Madrid ជាអនុប្រធាន។
 
កាលពីឆ្នាំ ២០២២​ Mbappe នៅក្នុងព្រឹត្តិការណ៍ World Cup រូបគេបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំការប្រកួត ប៉ុន្តែមិនអាចជួយក្រុមរក្សាតំណែងការពារជើងឯកបាន។ ចំណែកកាលពីឆ្នាំ ២០១៨ Mbappe ជាកីឡាករម្នាក់ស៊ុតបាល់បញ្ចូលទីលើក្រូអាស៊ី ២គ្រាប់ ក្នុងជ័យជម្នះ ៤-២ ​ហើយរូបគេបានឈ្នះបានរង្វាន់កីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការណ៍ ខណៈបារាំងគ្រងជើងឯកជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ។
 
ក្រុមជម្រើសជាតិបារាំង នឹងត្រូវចាប់ផ្តើមដំណើរការប្រកួតជម្រុះពានរង្វាន់ Euro 2024 លើកដំបូងទល់នឹងក្រុមហូឡង់ក្នុងកីឡដ្ឋាន Stade de France នាថ្ងៃទី២៤ មីនា មុនទៅជួបក្រុមសាធារណៈរដ្ឋអៀឡង់ថ្ងៃទី២៧ មីនា៕
 

Tag:
 Kylian Mbappe
  France
© រក្សាសិទ្ធិដោយ thmeythmey.com