អន្តរជាតិ
ចិន និងរុស្ស៊ី សាទរទំនាក់ទំនងទ្វេភាគីក្នុងយុគថ្មី ស្របពេលប្រឈមមុខនឹងលោកខាងលិច
22, Mar 2023 , 8:29 pm        
រូបភាព
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ខាងឆ្វេង) ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងក្រុងមូស្គូ នៅថ្ងៃទី២១ ខែមីនា។ រូបភាព  AFP
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ខាងឆ្វេង) ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងក្រុងមូស្គូ នៅថ្ងៃទី២១ ខែមីនា។ រូបភាព AFP
មេដឹកនាំចិន និងរុស្ស៊ី នៅថ្ងៃទី២១ ខែមីនា បានសាទរពីទំនាក់ទំនងក្នុងយុគថ្មី ស្របពេលប្រទេសទាំងពីរកំពុងប្រឈម នឹងប្រទេសលោកខាងលិច។ ទន្ទឹមនេះ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានបង្ហើបពីកិច្ចចរចាសន្តិភាពផងដែរ ដោយផ្អែកលើផែនការសន្តិភាពរបស់ចិន ប៉ុន្តែក្រុងមូស្គូ ត្រូវរង់ចាំការត្រៀមរួចរាល់ពីក្រុងកៀវ។
 
ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី២០ ខែមីនា បានចាប់ផ្តើមទស្សនកិច្ចនៅរុស្ស៊ី ដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសលោកខាងលិច ទាក់ទិននឹងការឈ្លានពាននៅអ៊ុយក្រែន ក៏ដូចជាការសម្លាប់ប្រជាជនស៊ីវិល។ ដំណើរទស្សនកិច្ចរបស់លោកស៊ីទៅរុស្ស៊ី គឺបញ្ជាក់ពីមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗ ស្របពេលរុស្ស៊ីរុំព័ទ្ធដោយទណ្ឌកម្ម។ 
 
«ខ្ញុំច្បាស់ថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន គឺពិតជាមានសក្តានុពល និងទស្សនៈគ្មានដែនកំណត់»។ លោកវ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីបរិភោគអាហារពេលល្ងាច ក្រោយជំនួបទ្វេភាគី នៅថ្ងៃទី២១ ខែមីនា ដោយបន្តបញ្ជាក់ពីមិត្តភាពរវាងប្រជាជនទាំងពីរ។ 
 
ចំណែកលោក ស៊ី នៅក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីក្នុងថ្ងៃទីពីរ បានហៅទំនាក់ទំនងក្រុងប៉េកាំង និងក្រុងមូស្គូថា បានឈានចូលដល់យុគថ្មី ស្របពេលមេដឹកនាំរុស្ស៊ី បានហៅកិច្ចពិភាក្សាជាមួយលោកស៊ី មានភាពស្មោះត្រង់ និងប្រកបដោយអត្ថន័យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងដំណើរទស្សនកិច្ចទៅរុស្ស៊ីលើកដំបូងក្រោយកាន់តំណែងជាប្រធានាធិបតីចិននៅអាណត្តិទីបី លោកស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកពូទីននៅថ្ងៃទី២១ ខែមីនាថា ភាគីទាំងពីរ បានផ្តោះប្តូរគំនិតលើទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ និងការយោគយល់គ្នាលើវិស័យជាច្រើន។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CGTN មេដឹកនាំចិន និងរុស្ស៊ី បានឯកភាពលើការបង្កើនពាណិជ្ជកម្មលើវិស័យថាមពល ធនធាន ផលិតផលអេឡិចត្រូនិច, ការធ្វើឱ្យងើបឡើងនៃច្រវាក់ផលិតកម្ម និងពង្រីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សេដ្ឋកិច្ចឌីជីថល កសិកម្ម និងពាណិជ្ជកម្មជាដើម។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកស៊ី ក៏បានជំរុញជាថ្មីឱ្យក្រុងមូស្គូ និងក្រុងកៀវ ចាប់ផ្តើមកិច្ចចរចាឡើងវិញផង។ ជាការឆ្លើយតប លោកពូទីន បានអះអាងថា សេចក្តីថ្លែងការណ៍គោលជំហររបស់ចិន ដែលមានចំនួន១២ចំណុច ក្នុងការស្វះស្វែងរកដំណោះស្រាយលើវិបត្តិនៅអ៊ុយក្រែន អាចជាមូលដ្ឋាននៃសេចក្តីសម្រេចសន្តិភាព នៅពេលអ៊ុយក្រែន និងលោកខាងលិចយល់ព្រមចរចា។ យ៉ាងណាមិញ ភាគីរុស្ស៊ី មិនបានឃើញពីការត្រៀមខ្លួនរបស់អ៊ុយក្រែន ក្នុងការចាប់ផ្តើមកិច្ចចរចាឡើយ។ 
 
«យ៉ាងណាក៏ដោយ ពីមុនមក យើងមិនបានឃើញពីការត្រៀមរួចរាល់របស់ភាគីម្ខាងទៀតឡើយ»។ លោក ពូទីន បានបញ្ជាក់បែបនេះ។ 
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែមីនា ដដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញចិនឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព ក្រោមរូបមន្តរបស់ខ្លួន ប៉ុន្តែពេលនេះ ក្រុងកៀវ កំពុងរង់ចាំចម្លើយពីក្រុងប៉េកាំង។ 
 
ក្នុងសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំចិន និងរុស្ស៊ី បានចោទអាម៉េរិកថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ រួមទាំងស្ថិរភាពសន្តិសុខសកល ដើម្បីតែផលប្រយោជន៍យោធាផ្ទាល់ខ្លួន។ លើសពីនេះ លោកស៊ី និងលោកពូទីន ក៏បានបង្ហាញពីក្តីបារម្ភជុំវិញការពង្រីកខ្លួនរបស់អង្គការណាតូ មកក្នុងតំបន់អាស៊ីផង៕ 
 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com