ជាតិ
កម្មវិធី​អក្ខរកម្ម​ឌីជីថល​ នឹង​ជួយ​​​លើកកម្ពស់​ជំនាញ​ឌីជីថលនៅ​ក្នុង​វិស័យ​អប់រំកម្ពុជា
22, Mar 2023 , 10:59 pm        
រូបភាព
ដោយ:
ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និង​ក្រុមហ៊ុន Meta បាន​ប្រកាស​ដាក់​​ដំណើរការ​​កម្មវិធី​សិក្សាអក្ខរកម្ម​ឌីជីថល​ថ្មី ដើម្បី​លើក​កម្ពស់​ជំនាញ​ឌីជីថលនៅ​ក្នុង​វិស័យ​អប់រំ និង​ក្នុង​ចំណោម​សិស្សានុសិស្ស​​កម្ពុជា។ កម្មវិធីអក្ខរកម្ម​ឌីជីថល​ថ្មីនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត។
 
ក្រសួងអប់រំ អង្គការ KAPE និងក្រុមហ៊ុន Meta កំពុង​​ធ្វើការ​រួមគ្នា ​ដើម្បី​ដាក់​ដំ​ណើរការ​​កម្មវិធី​អក្ខរកម្ម​ឌីជីថលថ្មី​មួយ ​ដែលមានឈ្មោះថា កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ (Khmer Digital Literacy Programme) ។ កម្មវិធីនេះ ត្រូវបានដាក់ឱ្យបង្រៀននៅសាលាជំនាន់ថ្មីចំនួន ៦ ដែលបានជ្រើសរើសគ្រូបង្គោលចំនួន ១២នាក់ មកពីសាលាជំនាន់ថ្មី ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​កម្មវិធីអក្ខរកម្ម​ឌីជីថល​ខ្មែរ។ 
 
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានមាន​ប្រសាសន៍​ថា ​សិក្ខាសាលា​បណ្តុះបណ្តាលគ្រូបង្គោល ​រួម​បញ្ចូល​​គ្នា​នូវ​កម្ម​វិធីសិក្សា ព័ត៌មានវិទ្យា ដែល​មាន​ស្រាប់​នៅ​ក្នុង​សាលា​ជំនាន់ថ្មី និង​កម្មវិធី We Think Digital នឹង​ផ្តល់ជូន​​គ្រូបង្គោល​​ នូវ​​​ចំណេះដឹង​ ដើម្បី​​​​បង្រៀន​​ក្នុងកម្មវិធីបណ្តុះបណ្តាល​អក្ខរកម្ម​នេះ​​ ដល់​សិស្ស​នៅ​តាមសាលា​គោលដៅ។ 
 

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព៖ ញឹក សំអូន
 
រដ្ឋលេខាធិការ​ក្រសួង​អប់រំ បានបន្តថា កម្មវិធីបណ្តុះ​បណ្តាល​នេះ ​មាន​គោល​បំណង​ផ្តោត​លើ​អ្នក​ដែល​ទើប​នឹង​ប្រើប្រាស់​អ៊ីនធឺណិត ក៏​ដូច​ជាអ្នក​ដែល​ចង់​លើក​កម្ពស់​​​ជំនាញ​ឌីជីថល​ដែល​មាន​ស្រាប់។ សាលា​ជំនាន់​ថ្មី​ចំនួន​​៦ (NGS) ត្រូវបាន​ជ្រើស​រើស​សម្រាប់​ដាក់ដំណើរបង្រៀនកម្មវិធីនេះ។ 
 
លោកស្រី គឹម សេដ្ឋានី បានបញ្ជាក់ថា ៖«ខ្ញុំ​​រង់ចាំមើល​ លទ្ធផលរបស់​កម្មវិធី​អក្ខរកម្ម​ឌីជីថល​​ខ្មែរ ថាតើ​កម្មវិធីនេះ​​នឹង​ផ្តល់​លទ្ធផល​​ជា​វិជ្ជមានដល់​សិស្ស និង​គ្រូរបស់​យើង​កម្រិត​ណា​? វគ្គ​បណ្តុះ​បណ្តាល​នេះ ​នឹង​ផ្តល់ជូន​​សាលារៀន​នូវ​ជំនាញចាំបាច់ ​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ហើយ​យើង​​រង់ចាំមើល​ការ​លូត​លាស់ និង​ភាព​ជោគជ័យរបស់​ពួកគេ»។
 
បើតាមលោកស្រី គឹម សេដ្ឋានី កម្មវិធីអក្ខរកម្ម​ឌីជីថលខ្មែរ មាន​រយៈ​ពេល​៦​ខែ ដោយគ្រោង​​​ចាប់​ផ្តើម​នៅ​ខែមេសា ដល់​ខែ​កញ្ញា ឆ្នាំ២០២៣នេះ។ ​អំឡុង​ពេល​សិក្សា​ ​ ៦​ខែនេះ  ក្រសួងអប់រំ អង្គការ KAPE និង​ក្រុមហ៊ុន Meta សង្ឃឹម​ថា ​គ្រូបង្គោលទាំង១២នាក់ នឹង​ចែកចាយបន្ត និងបង្រៀន​ចំណេះដឹង ដែលទទួលបានដល់សិស្ស​ចំនួន ៣ ០០០ ទៅ ៥ ០០០​​នាក់ ជាមួយ​នឹង​ជំនាញ និង​ចំណេះ​ដឹង​ឌីជីថល ​ដែលពួកគេ​អាច​ប្រើ​ប្រាស់ជាក់ស្តែង។
 
លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានប្រសាសន៍ថា គោលដៅ​របស់​កម្មវិធី​អក្ខរកម្ម​ឌីជីថល​ គឺដើម្បី​ផ្តល់ជូន​ចំណេះដឹង និង​​​សមត្ថភាព​ដែលប្រជា​ពលរដ្ឋ ​ត្រូវការសម្រាប់​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ​នាពេល​បច្ចុប្បន្ន តាម​រយៈ​​ការ​​ផ្តល់​​ជូន​មនុស្ស​គ្រប់​​គ្នា នូវ​លទ្ធភាព​​ទទួលបានចំណេះដឹង​​ឌីជីថល ​តាម​​រយៈ​​កម្មវិធី​​នេះ។
 

លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE។ រូបភាព៖ ញឹក សំអូន
 
លោក​ ហ៊ិន ស៊ីមហួន បានបន្តថា អក្ខរាកម្មឌីជីថលខ្មែរ គឺជាកម្មវិធីថ្មីមួយ ដែលជួយដល់សិស្ស ក្នុងការរៀនបែបបច្ចេកវិទ្យា។ លោកថា ការប្រើប្រាស់បច្ចេលវិទ្យានេះ មានទាំងគុណវិបត្តិ និងគុណសម្បត្តិ តែស្ថិតនៅលើការគ្រប់គ្រងពេលវេលា នៃការប្រើប្រាស់របស់បុគ្គលម្នាក់​ៗ។ សម្រាប់ក្មេងដែលនៅតូច អាចនឹងប្រើប្រាស់ខុសគោលដៅ តែបើពួកគេប្រើប្រាស់ក្នុងន័យត្រឹមត្រូវ មិនមានផលប៉ះពាល់អ្វីនោះទេ។ សម្រាប់ក្មេងពេញវ័យ ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីជាជំនួយស្មារតី។
 
លោក ហ៊ិន ស៊ីមហួន បានបញ្ជាក់ថា៖«ក្រៅពីសាលាជំនាន់ថ្មី នៅពេលរៀនមិនឱ្យប្រើប្រាស់ទូរស័ព្ទទេ ព្រោះធ្វើឱ្យប៉ះពាល់ដល់ការសិក្សា។ តែមតិនោះផ្ទុយ ពីសាលារៀនជំនាន់ថ្មី ព្រោះសាលារៀនជំនាន់ថ្មី មានវិន័យឱ្យសិស្សប្រើ ដើម្បីស្រាវជ្រាវរកមេរៀន។ ប៉ុន្តែពេលធ្វើកិច្ចការគ្រូដាក់ឱ្យចប់ មិនអាចលេងដោយសេរីទេ»។ 
 
បើតាមនាយករងប្រតិបត្តិអង្គការKAPE បានមើលឃើញ​ថា បើការបង្រៀនរបស់គ្រូដោយប្រើប្រាស់តែសៀវភៅគោលមួយ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់ លោក ហ៊ិន ស៊ីមហួន គឺគ្រូវត្រូវ​ស្រាវជ្រាវរកឯកសារផ្សេងមកបង្រៀន ដើម្បីទទួលបាននូវគំនិតថ្មី និងធ្វើឱ្យសិស្សទទួលបានចំណេះកាន់តែទូលំទូលាយ។
 
លោក ហេង ភក្តី ប្រធាន​​​​គោលនយោបាយ​សាធារណៈ​ នៃ​​ក្រុមហ៊ុន Meta ប្រចាំ​ប្រទេស​កម្ពុជា បានលើកឡើង​ថា ​ក្រុមហ៊ុនMeta ​ជឿ​ថាអក្ខរកម្ម​ឌីជីថល​មាន​សារៈសំខាន់ ​សម្រាប់​មនុស្សគ្រប់គ្នា​ក្នុង​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ពិភព​ឌីជីថល។  ក្រុមហ៊ុននេះ នឹងបន្តភាព​ជាដៃគូ​របស់យើង​ជា​មួយ​កម្មវិធី​នេះ ដើម្បីផ្តល់​ជូន​​​ពលរដ្ឋ​កម្ពុជានូវ​ជំនាញដែល​ត្រូវការ ​ដើម្បី​ប្រើប្រាស់​​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។ លោក ហេង ភក្ដី បានបញ្ជាក់ដូច្នេះ៕


 លោក ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា។
 
 

Tag:
 អក្ខរកម្ម​ឌីជីថល​
  Meta
© រក្សាសិទ្ធិដោយ thmeythmey.com