កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ក្លិបភ្នំពេញក្រោន មានគម្រោងធ្វើសង្ក្រាន្ដ ដើម្បីបង្កើតមិត្តភាពជាមួយកីឡាករ និងមន្ត្រីបុគ្គលិក
23, Mar 2023 , 8:59 am        
រូបភាព
សង្ក្រាន្ដភ្នំពេញក្រោន ឆ្នាំ២០២២ រូបពី Smart RSN Stadium
សង្ក្រាន្ដភ្នំពេញក្រោន ឆ្នាំ២០២២ រូបពី Smart RSN Stadium
លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានបង្ហើបឲ្យដឹងថា ក្លិបភ្នំពេញក្រោន មានគម្រោងរៀបចំធ្វើសង្ក្រាន្ដ មុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតចំណងមិត្តភាព និងភាពសប្បាយរីករាយជាមួយកីឡាករ និងមន្ត្រីទាំងអស់។ យ៉ាងណាអ្នកចាត់ការរូបនេះ មិនទាន់អាចកំណត់ថ្ងៃបានទេ ព្រោះមន្ដ្រីក្លិបកំពុងមមាញឹក រៀបចំការប្រកួត Smart Youth League។


ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើសង្ក្រាន្ដទទួលពីធីបុណ្យចូលឆ្នាំជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ លោក កែវ សុខង៉ន ក៏បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមផងដែរថា សង្ក្រាន្ដឆ្នាំថ្មី កំពុងស្ថិតក្នុងការពិភាក្សា ដោយសារតែមន្ដ្រី និងគ្រូបច្ចេកទេស កំពុងមមាញឹកក្នុងការរៀបចំការប្រកួត Smart Youth League។ ដូច្នេះ ចំពោះពេលវេលាជាក់លាក់ អ្នកចាត់ការរូបនេះ មិនអាចប្រាប់បានទេ ដោយគ្រាន់តែឲ្យដឹងថា នឹងធ្វើមុនថ្ងៃចូលឆ្នាំថ្មី ព្រោះនាថ្ងៃចូលឆ្នាំ បុគ្គលិក និងកីឡាករទាំងអស់ ត្រូវទៅជួបជុំគ្រួសារ ហើយទៅវត្តធ្វើបុណ្យជាមួយសាច់ញាតិ។
  

លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន រូបពី Smart RSN Stadium
 
«យើង មានគម្រោងដែរ ប៉ុន្ដែមិនទាន់ចេញជាផ្លែផ្កា។ សង្ក្រាន្ដ កន្លងមក មានអ្នកគាំទ្រច្រើនចូលរួម ដែលគួរឲ្យភ្ញាក់ផ្អើល។ ឆ្នាំនេះ ដោយសារ យើងមានការប្រកួត Smart Youth League ហើយគ្រូៗ គាត់មួយចំនួនធំ ជាប់រវល់រៀបចំការប្រកួតនេះ។ ថ្ងៃចូលឆ្នាំ បុគ្គលិក និងកីឡាករទាំងអស់ត្រូវទៅជួបជុំក្រុមគ្រួសារ។ អ៊ីចឹងភ្នំពេញក្រោន មានបំណងចង់ធ្វើសង្ក្រាន្ដ មុនថ្ងៃចូលឆ្នាំ។»។ អ្នកចាត់ការរូបនេះ បាននិយាយប្រាប់ដូច្នេះ។
 
លោក កែវ សុខង៉ន ក៏បានប្រាប់បន្ថែមថា គោលបំណង នៃការធ្វើសង្ក្រាន្ដភ្នំពេញក្រោន គឺដើម្បីជួបជុំ កីឡាករ និងបុគ្គលិកក្លិបគ្រប់ជាន់ថ្នាក់ និងការពង្រឹងចំណងមិត្តភាព រវាងក្លិប និងអ្នកគាំទ្រទាំងអស់ផងដែរ។ អ្នកចាត់ការរូបនេះ ប្រាប់បន្ដទៀតថា អ្នកគាំទ្រក្លិបភ្នំពេញក្រោន បុគ្គលិក និងកីឡាករមកពីក្លិបផ្សេងៗ ក៏អាចចូលរួមបានដោយសេរី។


សង្ក្រាន្ដភ្នំពេញក្រោនឆ្នាំ២០២២ រូបពី Smart RSN Stadium
 
«យើង ចង់ជួបជុំ កីឡាករ បុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់។ គោលបំណង របស់យើង មួយទៀត គឺចំណងមិត្តភាព។ នោះ មានន័យថា មិនត្រឹមតែគ្រួសារបាល់ទាត់ភ្នំពេញក្រោនទេ មានទាំងអ្នកគាំទ្រ គឺគ្រប់គ្រួសារបាល់ទាត់ទាំងអស់ ក៏អាចចូលរួមបានដែរ។ ជាឧទាហរណ៍ ឆ្នាំទៅ មានបុគ្គលិកឯកជន ទាំងកីឡាករពីក្លិបផ្សេងៗ មកចូលរួមយ៉ាងច្រើន។ ដូច្នេះ បានជួយបង្កើតមិត្តភាពផង យើងសប្បាយទទួលឆ្នាំថ្មីផង។»។ លោក កែវ សុខង៉ន បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៣៕
 

អ្នកគាំទ្រជាច្រើន ចូលរួមសង្ក្រាន្ដភ្នំពេញក្រោន ឆ្នាំ២០២២ រូបពី Smart RSN Stadium
 


Tag:
 កែវ សុខង៉ន
  ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com