អន្តរជាតិ
មន្ត្រី​អាម៉េរិក​ថា កូរ៉េ​ខាង​ជើង​ហាក់​មិន​ត្រៀម​ខ្លួនរួច​សម្រាប់​ការ​ធ្វើ​តេស្តនុយក្លេអ៊ែរឡើយ
23, Mar 2023 , 3:03 pm        
រូបភាព
ឧត្តមសេនីយ៍ឯកលោក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក (DIA)។ រូបថត AFP
ឧត្តមសេនីយ៍ឯកលោក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក (DIA)។ រូបថត AFP
នាយកទីភ្នាក់ងារស៊ើបការណ៍ការពារជាតិអាម៉េរិក (DIA) បាននិយាយថា​ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហាក់ដូចជាមិនត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើ​តេស្តអាវុធ​នុយក្លេអ៊ែរអំឡុងសមយុទ្ធយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូងទេ។ យ៉ាងណាមិញ អាម៉េរិកនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដដែល។


ខណៈភាពតានតឹងនៅឧបទ្វីបកូរ៉េគ្មានភាពធូរស្បើយ មន្ត្រីអាម៉េរិកបានព្រមានអស់រយៈពេលជិតមួយឆ្នាំហើយពីលទ្ធភាពដែលកូរ៉េខាងជើងអាចនឹងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីចាប់តាំងពីឆ្នាំ ២០១៧។ ទោះមានការព្រមាននេះ គេមិនទាន់ឃើញទីក្រុងព្យុងយ៉ាងធ្វើសកម្មភាព​បង្កេហតុនៅឡើយដែរ។ 
 
«មានកត្តាផ្សេងៗគ្នាជាច្រើនដែលជំរុញឱ្យលោក គីម (គីម ជុងអ៊ុន) សម្រេចចិត្ត​ (សាកល្បងអាវុធនុយក្លេអ៊ែរ)។ ហើយមានរឿងជាច្រើនដែលយើងសង្កេតទាក់ទងនឹងសញ្ញា និងការព្រមាន។ ប៉ុន្តែកត្តាទាំងពីរនេះមិនស្របគ្នានៅឡើយ»។ ឧត្តមសេនីយ៍ឯកលោក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក (DIA) បានប្រាប់អ្នកកាសែតបែបនេះ។
 
លោក Berrier​ បន្តថា លោក គីម អាចជ្រើសរើសពេលវេលាសាកល្បងអាវុធនុយក្លេអ៊ែរអំឡុងពេលយោធាអាម៉េរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរយៈពេល១១ថ្ងៃ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែមីនា។ ប៉ុន្តែលោក Berrier​ បានបន្ថែមថា កូរ៉េខាងជើងហាក់មិន​ធ្វើ​ដូច្នេះឡើយ។ នាយក DIA សង្កត់ធ្ងន់ថា លោក គីម នឹងជ្រើសរើសពេលវេលានិងទីកន្លែងសម្រាប់សាកល្បងអាវុធនុយក្លេអ៊ែរដែលជាសកម្មភាពអាម៉េរិកកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន។
 
ការលើកឡើងរបស់លោក Berrier បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបង្ហាញប្រតិកម្មខឹងសម្បារលើសមយុទ្ធយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង។ លោក គីម ជុងអ៊ុន​ បានប្រាប់ឱ្យកងកម្លាំងរបស់ប្រទេសត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការវាយបកអាវុធនុយក្លេអ៊ែរ ហើយចោទប្រកាន់អាម៉េរិក និងកូរ៉េខាងត្បូងថា កំពុងពង្រីកសមយុទ្ធយោធារួមគ្នាប្រឆាំងនឹងខ្លួន។ 
 
គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានហាមឃាត់ជាយូរមកហើយពីការសាកល្បងអាវុធនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទិកដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរងការដាក់ទណ្ឌកម្មអស់រយៈពេលជាច្រើនឆ្នាំ។
 
យ៉ាងណាមិញ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សមាជិកក្រុមប្រឹក្សាសន្តិសុខ ប្រកាន់គោលជំហរផ្សេងគ្នាក្នុងការ​ដោះស្រាយបញ្ហា​ជាមួយ​កូរ៉េ​ខាង​ជើង។ បើទោះបីជាកន្លងមក ទាំងរុស្ស៊ី និងចិនបានគាំទ្រដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់កូរ៉េខាងជើង ប៉ុន្តែនៅក្នុងខែឧសភាឆ្នាំ ២០២២ ប្រទេសទាំង២បានប្រើសិទ្ធវ៉េតូ ប្រឆាំងនឹងសំណើដាក់ទណ្ឌកម្មបន្ថែមស្នើដោយអាម៉េរិកក្រោយការបាញ់មីស៊ីលបាលីស្ទិកប្រភេទថ្មីរបស់កូរ៉េខាងជើង៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com