សេដ្ឋកិច្ចអន្តរជាតិ
អាស៊ាន
វៀតណាមនាំចេញអង្ករក្នុងតម្លៃខ្ពស់ជាងគេនៅលើពិភពលោក
24, Mar 2023 , 9:29 am        
រូបភាព
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា រយៈពេលជាច្រើនខែកន្លងមកនេះ តម្លៃនៃការនាំចេញអង្ករមានការកើនឡើងប្រមាណ៥ភាគរយ ដែលជាកម្រិតតម្លៃខ្ពស់បំផុតក្នុងពិភពលោក។ ការកើនឡើងថ្លៃនេះ បណ្តាលមកពីដៃគូប្រកួតប្រជែងនៃប្រទេសនាំចេញអង្ករ បានជួបគ្រោះធម្មជាតិនិងតម្រូវការពិភពលោកកើនឡើង។​
 
កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​អង្កររបស់វៀតណាម​សម្រេច​បាន៧,១លាន​តោន ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល១០ឆ្នាំ។ និន្នាការកើនឡើងនៃតម្លៃនាំចេញអង្កររបស់វៀតណាមនៅតែមានក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃជាមធ្យម៥១៩ដុល្លារក្នុងមួយតោន។ ដូច្នេះ ទោះបី​បរិមាណ​នាំ​ចេញ​អង្ករ​មាន​ការ​ថយ​ចុះ ប៉ុន្តែ​តម្លៃ​នៅ​តែ​កើន​ឡើង​ប្រមាណ៧ភាគរយ។
 
នៅឆ្នាំ ២០២៣ វិស័យអង្កររបស់វៀតណាមត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីឡើងថ្លៃ អង្ករខ្ពស់ ដោយសារតែតម្រូវការសកលកើនឡើង ហើយអាជីវកម្មអង្ករក៏មានផលចំណេញច្រើនដែរ ដោយសារថ្លៃដើមផលិតមានតម្លៃទាប។
 
បើតាម​អ្នក​ជំនាញ​មក​ពី​ធនាគារ​វៀតណាម​ TMCP វិស័យ​អង្ករ​របស់​វៀតណាម​កំពុង​មានលក្ខខណ្ឌ​អំណោយផលពី​ធម្មជាតិដែលបង្កើតគុណសម្បត្តិសម្រាប់អាជីវកម្មវៀតណាមបើធៀបនឹងដៃគូប្រកួតប្រជែង។
 
ទន្ទឹមនឹងនេះ គ្រោះរាំងស្ងួតដែលអូសបន្លាយក្នុងប្រទេសចិនបានធ្វើឱ្យទិន្នផលនៅក្នុងប្រទេសនេះធ្លាក់ចុះ ២ភាគរយ ក្នុងឆ្នាំ២០២១-២០២២។ ដូច្នេះ ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ចំនួន ៦លាន​តោន​ក្នុង​​ឆ្នាំ ២០២២-២០២៣។
 
លើសពីនេះ បរិមាណអង្ករដែលបានស្តុកទុកនៅហ្វីលីពីនបានថយចុះ ដោយសារតែតំបន់ដាំដុះជាច្រើនរបស់ប្រទេសត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងណូរូ ហើយតម្លៃជីខ្ពស់បានបង្ខំឱ្យប្រទេសនេះបង្កើនការនាំចូលអង្ករ។ ក្រសួងកសិកម្មអាម៉េរិកបានព្យាករថា ហ្វីលីពីននឹងបន្តការនាំចូល ២,៨លានតោនសម្រាប់ឆ្នាំ ២០២២-២០២៣។
 
បន្ថែមពីនេះ ផ្ទៃដីសាបព្រោះដាំណាំនៅឥណ្ឌាបានថយចុះចំនួន៣៨០ពាន់ហិកតា ដោយសារគ្រោះរាំងស្ងួត ឯការផលិតដំណាំស្បៀងដែលប្រមូលផលក្នុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងាត្រូវបានគេរំពឹងថានឹងមានប្រមាណ៨០ភាគរយនៃផលិតកម្មសរុបនៃប្រទេស ប្រហែលជា ១០ទៅ១២លានតោនក្នុងឆ្នាំ ២០២២-២០២៣ ។ ដូច្នោះហើយ ការថយចុះនៃការផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេសឥណ្ឌា គឺជាកត្តាចម្បងសម្រាប់ការព្យាករនៃឱនភាពអង្ករពិភពលោកនៅឆ្នាំក្រោយ។
 
ចំណែកការព្យាករពីអាកាសធាតុនៅវៀតណាមនៅឆ្នាំនេះមានភាពប្រសើរជាងឆ្នាំមុន ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងនៅដើមឆ្នាំ ហើយប្រែទៅបង្គួរនៅពាក់កណ្តាលឆ្នាំ ដែលរំពឹងថានឹងផ្តល់ឱ្យស្រូវទទួលបានទិន្នផលល្អ។ ធនាគារ TMCP បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពដែលថានៅឆ្នាំ២០២៣ វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីនិន្នាការកើនឡើងនៃតម្លៃអង្ករ ដោយសារដៃគូប្រកួតប្រជែងមានតិចជាងមុន និងការផ្លាស់ប្តូរតម្រូវការពីប្រទេសឥណ្ឌា៕
 

Tag:
 អង្ករ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com