អន្តរជាតិ
កូរ៉េខាងជើង សាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក និងមីស៊ីលទុកបំពាក់នុយក្លេអ៊ែរ
24, Mar 2023 , 7:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យលើសមយុទ្ធយោធារបស់ខ្លួន។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យលើសមយុទ្ធយោធារបស់ខ្លួន។ រូបភាព KCNA
កូរ៉េខាងជើង បានសាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹក និងបានបាញ់មីស៊ីលប្រដេញដែលពាក់ក្បាលសាកល្បងក្នុងសមយុទ្ធ៣ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២៤ ខែមីនា។


គណៈកម្មការយោធាមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង បានដឹកនាំការធ្វើសមយុទ្ធរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ដើម្បីបង្ហាញពីសមត្ថភាពវាយប្រហារសត្រូវ និងដាស់តឿនសត្រូវពីវិបត្តិនុយក្លេអ៊ែរជាក់ស្តែង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់លើកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងសម្រាប់ការពារខ្លួន។ 
 
ក្នុងសមយុទ្ធយោធានេះ កូរ៉េខាងជើង បានសាកល្បងដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹក ក្បែរឆ្នេរតំបន់ Riwon ក្នុងខេត្ត South Hamgyong។ ដ្រូនមួយនេះ អាចនៅក្នុងទឹកបាន៥៩ម៉ោង និង១២នាទី ដោយអាចស្ថិតនៅជម្រៅប្រមាណពី៨០ម៉ែត្រទៅ១៥០ម៉ែត្រ។ 
 
បើតាមកូរ៉េខាងជើង ដ្រូនប្រភេទនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រតិបត្តិការនៅក្រោមទឹក និងអាចបង្កើតរលកស៊ូណាមិដែលមានផ្ទុកសារធាតុវិទ្យុសកម្មទ្រង់ទ្រាយធំ ដើម្បីវាយប្រហារលើកម្លាំងជើងទឹក និងកំពង់ផែសំខាន់ៗរបស់សត្រូវ។ វាអាចពង្រាយ នៅគ្រប់ឆ្នេរ និងកំពង់ផែទាំងអស់ ដោយនាវាប្រតិបត្តិការលើទឹក។ ក្រុងព្យុងយ៉ាង បានដាក់ឈ្មោះដ្រូននេះថា «យានវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹកដោយគ្មានមនុស្សបើក Haeil» នៅក្នុងសមាជបក្សពលករលើកទី៨ នាពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA
 
បន្ថែមពីនេះ យោធាកូរ៉េខាងជើង ក៏បានបាញ់មីស៊ីលប្រដេញដោយបំពាក់ជាមួយក្បាយគ្រាប់គំរូ ដែលដូចនឹងក្បាលគ្រាប់នុយក្លេអ៊ែរផង។ កូរ៉េខាងជើង បានរិះគន់សមយុទ្ធអាម៉េរិក និងកូរ៉េខាងត្បូងជាថ្មី ក្រោមហេតុផលមានបំណងគ្រប់គ្រងក្រុងព្យុងយ៉ាង។ ក្នុងសមយុទ្ធនេះ លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់។ 
 
កូរ៉េខាងជើង នៅថ្ងៃទី២២ ខែមីនា បានបាញ់មីស៊ីលប្រដេញជាច្រើនគ្រាប់ទៅសមុទ្រខាងកើត។ មីស៊ីលទាំងនោះ មានដូចជាមីស៊ីល Hwasal-1​ និងមីស៊ីលHwasal-2 ដោយហោះបានចន្លោះពី ១៥០០គីឡូមែត្រ ទៅ១៨០០គីឡូម៉ែត្រ។
 
ក្នុងការត្រួតពិនិត្យសមយុទ្ធនោះ លោកគីម បានអះអាងថា ក្រុងព្យុងយ៉ាង នឹងធ្វើឱ្យអាម៉េរិក និងកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងសម្ពាធ តាមរយៈការបង្ហាញពីសមត្ថភាពឆ្លើយតបនឹងសង្រ្គាមដ៏មានឥទ្ធិពល និងបញ្ឈប់ការធ្វើសមយុទ្ធបែបសង្រ្គាម៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com