ជាតិ
ពលរដ្ឋរស់នៅបឹងទន្លេសាប ចាប់ផ្ដើមជំរុញកូនឱ្យរៀនខ្ពស់ជាងមុន
27, Mar 2023 , 8:59 am        
រូបភាព
សិស្សានុសិស្ស នៅសាលាមាត់ខ្លា ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា
សិស្សានុសិស្ស នៅសាលាមាត់ខ្លា ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា
សៀមរាប៖ អាណាព្យាបាលមួយចំនួនដែលរស់នៅលើផ្ទះបណ្ដែតទឹក នៃបឹងទន្លេសាប បានចាប់ផ្ដើមជំរុញកូនរៀនសូត្រ បានខ្ពស់ជាងមុន ដែលយ៉ាងហោចត្រឹមកម្រិតអនុវិទ្យាល័យដែរ។ ការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋនៅបឹងទន្លេសាបនេះ ដោយសារពួកគេមើលឃើញថាការអប់រំ សំខាន់ក្នុងការធ្វើឱ្យជីវិតប្រសើរឡើង។ ពិសេស ជួយពួកគេជៀសផុតពីភាពមើលងាយ និងទទួលបានឱកាសការងារល្អៗ។


លោក វ៉ាត់ វ៉ាន ជាអ្នកនេសាទនៅភូមិមាត់ខ្លា ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្ន ក្នុងសហគមន៍របស់លោក មានកម្រិតចេះដឹងច្រើនជាងមុន ព្រោះពលរដ្ឋនៅទីនេះ បានលើកទឹកចិត្ត និងជំរុញកូនរៀនឱ្យបានខ្ពស់ជាងមុន ទោះបី ជីវភាពខ្សាត់ក៏ដោយ។ លោក វ៉ាត់ វ៉ាន មានកូនចំនួន៤នាក់ ដែលសុទ្ធតែកំពុងសិក្សាទាំងអស់។ បុរសវ័យ ៣៦ឆ្នាំរូបនេះ មិនបង្ខំកូនឈប់រៀនឡើយ ទោះជីវភាពលំបាកបន្តិច តែ លោក វ៉ាត់ វ៉ាន តាំងចិត្តឱ្យកូនរៀនឱ្យចប់ចុងចប់ដើម។

 
លោក វ៉ាត់ វ៉ាន ប្រជានេសាទនៅភូមិមាត់ខ្លា ឃុំអន្លង់ដំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា 

លោក ប្រាប់ដូច្នេះថា៖« ខ្ញុំជំរុញឱ្យកូនរៀនរាល់តែថ្ងៃ សុខចិត្តហត់នឿយខ្លួនខ្ញុំ ធ្វើយ៉ាងម៉េចឱ្យតែកូនបានរៀន ព្រោះ ខ្ញុំអត់ឱ្យកូនខ្ញុំល្ងង់។ មូលហេតុដែលខ្ញុំឱ្យកូនទៅរៀន ដោយសារខ្ញុំអត់ចេះអក្សរ អ៊ីចឹង ច្រើនតែគេមើលងាយ។ គេថា ចិញ្ចឹមកូន ៤ទៅ៥នាក់ហើយ អត់មានចេះអក្សរ អីមួយតួ អ៊ីចឹង! ខ្ញុំឈឺចិត្ត បានខ្ញុំបញ្ជូនកូនទៅរៀន»។

អ្នកស្រី ធឹង សុខសាន ដែលរស់នៅភូមិមាត់ខ្លា បានលើកឡើងស្រដៀងគ្នាដែរថា ថ្វីដ្បិត ការងារនេសាទមមាញឹក ប៉ុន្តែ អ្នកស្រី តែងតែជំរុញ និងលើកទឹកចិត្តកូនឱ្យទៅទទួលសេវាអប់រំ ព្រោះ មិនចង់ឱ្យកូនមិនចេះអក្សរ។ តាមលទ្ធភាពសព្វថ្ងៃ ស្រ្តីរូបនេះ ចង់ឱ្យកូនរៀនដល់ថ្នាក់ទី ៩ ឬ១០ ដើម្បីយកចំណេះដឹងទាំងនោះ ទៅប្រកបរបរ ការងារ រកស៊ីផ្សេងៗ។ ក្រៅពីរង្វង់គ្រួសារ អ្នកស្រី ធឹង សុខសាន សង្កេតឃើញថា បច្ចុប្បន្ន ពលរដ្ឋក្នុងភូមិមាត់ខ្លា ចាប់ផ្ដើមយល់ដឹងពីសារៈប្រយោជន៍ នៃការអប់រំ កាន់តែច្រើន និងបានបញ្ជូនកូនទៅសាលា ច្រើនជាងមុនផងដែរ។


អ្នកស្រី ធឹង សុខសាន ពលរដ្ឋនៅភូមិមាត់ខ្លា ឃុំអន្លង់ដំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា 

អ្នកស្រី ប្រាប់ដូច្នេះថា៖«កូនខ្ញុំទៅរៀនរាល់តែថ្ងៃ ដោយសារខ្ញុំជំរុញឱ្យវាបានរៀន។ ខ្ញុំចង់ឱ្យកូនចេះដឹង មិនចង់ឱ្យងងឹតល្ងង់ដូច ម៉ែឪ។ អ៊ីចឹង មុនឪវា ទៅរកត្រី គឺគាត់តែងតែជូនកូនទៅដាក់នៅសាលារាល់ថ្ងៃ។ មើលតែជិត ដល់ម៉ោងកូនចេញហើយ មកពីត្រីវិញ គាត់ប្រញាប់យកកាណូត ទៅចម្លងកូន»។ ចំណែក លោក ហាច់ សេងហាក់ គ្រូបង្រៀនម្នាក់ នៅសាលាមាត់ខ្លា បានឱ្យដឹងថា បច្ចុប្បន្ន អ្នកភូមិមាត់ខ្លា បានជំរុញកូនមកទទួលសេវាអប់រំកាន់តែច្រើន ធៀបនឹងរយៈពេល ៤ឆ្នាំមុន ពួកគេមិនសូវចង់ឱ្យកូនរៀននោះទេ។

មូលហេតុដែលផ្លាស់ប្ដូរផ្នត់គំនិតពលរដ្ឋឱ្យគិតគូដល់អនាគតកូន ដោយសារតែ ពួកគេយល់ថា ការសិក្សាអាចជួយឱ្យជីវភាពពួកប្រសើឡើង ជាពិសេស អាចបានឱកាសការងារល្អៗ ផងដែរ។ ករណីនេះ ក៏មានអាណាព្យាបាលមួយចំនួន មិនចង់ឱ្យកូនរៀននោះទេ ដោយស្ថានភាពគ្រួសារលំបាក ដូច្នេះពួកគេមានតែ បញ្ជូនកូនឱ្យទៅជួយនេសាទត្រី ឬតាមឪពុកម្ដាយ ទៅធ្វើការចំណាកស្រុកនៅថៃ។



ទោះបីជា ការជំរុញ និងការបង្អាក់ លទ្ធភាពសិក្សារបស់កុមារ កើតមានដូចគ្នា ប៉ុន្តែ លោក សេង ហាក់ សង្កេតឃើញថា ចំនួនសិស្សដែលបោះបង់ការសិក្សា បានថយចុះ ជាបន្តបន្ទាប់។ ជាក់ស្ដែង នៅសាលាមាត់ខ្លា ដែលសិស្សសរុបប្រហែល ៤០០នាក់ មានសិស្សបោះបង់ការសិក្សាប្រមាណ ២០ ទៅ៣០នាក់ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ធៀបនឹង ៤ឆ្នាំមុន មានប្រហែល៧០នាក់ ក្នុងមួយឆ្នាំ។

លោក ប្រាប់ដូច្នេះថា៖« នៅហ្នឹង (ភូមិមាត់ខ្លា) គេជំរុញកូនឱ្យមករៀនច្រើន ប្រៀបធៀបនឹង៤ ទៅ៥ឆ្នាំមុន ឪពុកម្ដាយអត់សូវបញ្ជូនមកទេ។ បើដូចជំនាន់ខ្ញុំអី បើសិនពួកខ្ញុំចង់ទៅរៀន គឺទៅ អត់ចង់ទៅគឺអត់ហើយ តែឥឡូវ អត់ទេ ឃើញថា ពួកគាត់ជំរុញមកបានច្រើន ដោយគាត់យល់ដឹងថា កាលណាអត់ចេះអក្សរ ធ្វើឱ្យរកការងារធ្វើ ពិបាក »៕



Tag:
 បឹងទន្លេសាប
  អប់រំ
  អង្គការទន្លេគ្លីនិកកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com