កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាត់ការ ៥នាក់កំពុងក្លាយជាគោលដៅរបស់ក្រុម ​Spurs
28, Mar 2023 , 8:29 am        
រូបភាព
រូបភាព Eurosport
រូបភាព Eurosport
Antonio Conte បានចាកចេញពីក្រុម Tottenham Hotspur បន្ទាប់ពីដឹកនាំបានចំនួន ១៦ខែ ។ ការចាកចេញរបស់គ្រូបង្វឹកអ៊ីតាលីរូបនេះ​ បន្ទាប់ពីមានបញ្ហារកាំរកូសជាមួយកីឡាករ និងបានចោទកីឡាកររបស់លោកថា អត្មានិយមនៅក្នុងក្រុម។


Spurs បានកោះហៅលោក Crisitian Stellini ឱ្យចូលកាន់តំណែងជំនួសលោក Conte រហូតដល់បញ្ចប់ការប្រកួត ក្នុងរដូវកាលនេះទាំងអស់។ ប៉ុន្តែថាតើអ្នកចាត់ការថ្មីរូបណា នឹងសក្ក័សមទទួលតំណែងដឹកនាំក្រុមរហ័សនាមមាន់ក្នាយមាស បន្តនៅរដូវកាលថ្មី?
  


ខាងក្រោមនេះជាអ្នកចាត់ការកំពូលនិងល្បីឈ្មោះចំនួន ៥រូប ដែលសក័្កសមមកកាន់កាប់ក្រុម Spurs បន្ត៖
 
Julian Nagelsmann
អតីតអ្នកចាត់ការក្រុម Bayern Munich បច្ចុប្បន្នមិនមានតំណែងជាមួយក្រុមណាមួយឡើយ ក្នុងវិស័យបាល់ទាត់ បន្ទាប់ពីការងាររបស់លោក ត្រូវបានបញ្ចប់ដោយក្រុមយក្សអាល្លឺម៉ង់ដ៏ភ្ញាក់ផ្អើល និងជំនួសដោយលោក Thomas Tuchel។ ពីមុនមកលោក Tuchel ក៏ជាបេក្ខភាពនាំមុនសម្រាប់ Spurs ដែរ ប៉ុន្តែពេលនេះលោកបានទៅដឹកនាំក្រុម Bayern Munich នៅទឹកដីអាល្លឺម៉ង់។
 
កាលពីមុនមក អតីតគ្រូបង្វឹកក្រុម ​RB Leipzig ដែលមានវ័យ ៣៥ឆ្នាំរូបនេះ ក៏ធ្លាប់ក្លាយជាគោលដៅកំពូលមួយរបស់ Spurs ផងដែរក្នុងការជំនួសលោក Jose Mourinho ក្នុងឆ្នាំ ២០២១ មុនពេលបុរសរូបនេះទៅដឹកនាំក្រុមជើងឯកអាល្លឺម៉ង់។



Luis Enrique
បើតាមរបាយការណ៍មួយបានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមអេស្ប៉ាញរូបនេះ អាចនឹងមកដឹកនាំក្រុមម្ចាស់ជើងឯក FA Cup ៨សម័យមួយនេះ។ ជាមួយតិចនិចនិងបទពិសោធន៍របស់បុរសសញ្ជាតិអេស្ប៉ាញរូបនេះ Spurs នឹងអាចប្រែប្រួលទម្រង់លេង។
 
បុរសវ័យ ៥២ឆ្នាំ បានលាលែងពីតំណែងគ្រូបង្វឹកអេស្ប៉ាញ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតក្រោមថ្វីជើងម៉ារ៉ុកនៅវគ្គជម្រុះ ១៦ក្រុម ដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-០។ ទម្រង់លេងដែលជាតិចនិចរបស់លោក Enrique ភាគច្រើនបំផុតគឺក្បួនលេង Tiki-taka ប្រើលើទម្រង់លេងក្រុម ៤-៣-៣ ដែលលោកធ្លាប់បានបង្វឹកក្រុម Barcelona កាលពីមុនមក។
 
Mauricio Pochettino
បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ធ្លាប់ជាអ្នកចាត់ការក្រុម Spurs ម្តងរួចមកហើយ មុនពេលលោកបានផ្លាស់ទៅដឹកនាំក្រុម Paris Saint Germain។ 
 
​បច្ចុប្បន្ន Pochettino មិនទាន់មានក្លិបណាមួយ ដែលត្រូវដឹកនាំនៅឡើយ ខណៈបុគ្គលកំពូលៗក្នុងក្លិប Spurs ចង់បានលោកវិលត្រលប់ទៅកាន់ Spurs ម្តងទៀត។ Pochettino ធ្លាប់បានដឹកនាំ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៩ ដោយកាលនោះប្រកួតចាញ់ក្នុងលទ្ធផល ២-០ ។ ទោះជាយ៉ាងណាកាលនោះក្រុមមាន់ក្នាយមាស មានទម្រង់លេងល្អខ្លាំងគួរឱ្យចាប់អារម្មណ៍បំផុត។
  


Roberto de Zerbi
អ្នកចាត់ការក្រុម Brighton & Hove Albion បានបង្ហាញគុណភាពខ្លាំង ជាមួយនឹងកម្រិតមួយ សម្រាប់ការប្រកួតប្រជែង ។ លោក De Zerbi បានបង្ហាញច្បាស់ពីការលូតលាស់យ៉ាងល្អនៃក្រុម ចាប់តាំងពីលោក Graham Potter ចាកចេញទៅ Chelsea។
 
បច្ចុប្បន្ន Brighton ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ កំពុងប្រមាញ់តំណែងលេងក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង ក្នុងប្រវត្តិសាស្ត្រខ្លួន ខណៈក្រុមក៏កំពុងស្ថិតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដូចគ្នាដែរ។
 
Ryan Mason
បន្ទាប់ពីលោក Conte ចាកចេញ លោក Mason នឹងដើរតួរជាគ្រូជំនួយនិងជួយគាំទ្រដល់ការដឹកនាំរបស់លោក Stellini រហូតដល់ចប់រដូវកាល។ លោក Mason ទទួលបានការចាប់អារម្មណ៍ជាថ្មីពីសំណាក់ថ្នាក់ដឹកនាំ Spurs សម្រាប់ការងារមួយនេះ។
 
​លោក Mason វ័យ ៣១ឆ្នាំ ធ្លាប់បានដឹកនាំក្រុមចំនួន ៧ប្រកួត បន្ទាប់ពីពេលក្រុមបានបណ្តេញលោក Jose Mourinho ចេញពីតំណែង។
 
សម្រាប់អាជីពជាអ្នកចាត់ការ លោក Mason ក៏ធ្លាប់ត្រូវបានលោក Conte និង Stellini គាំទ្ររូបលោកឱ្យធ្វើជាអ្នកចាត់ការបាល់ទាត់ផងដែរ ព្រោះតែសមត្ថភាពរបស់លោក មានការអភិវឌ្ឍខ្លាំងទាំងការសិក្សាអំពីការដឹកនាំ និងក្នុងនាមជាកីឡាករ៕
 

Tag:
 Tottenham Hotspurs
© រក្សាសិទ្ធិដោយ thmeythmey.com