អន្តរជាតិ
ចិនអះអាងថា ខ្លួនគ្មានដាក់លក្ខខណ្ឌចំពោះហុងឌូរ៉ាសលើកិច្ចព្រមព្រៀងការទូតឡើយ
28, Mar 2023 , 12:00 pm        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី២៧ ខែមីនា បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង មិនមានលក្ខខណ្ឌពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់ហុងឌូរ៉ាសក្នុងការបញ្ចប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងចាប់ផ្តើមការទូតផ្លូវការជាមួយខ្លួននោះទេ។ កន្លងមក តៃវ៉ាន់ បានចោទចិនប្រើប្រាស់ការទូតលុយដុល្លារ ដើម្បីរឹតត្បិតទំនាក់ទំនងការទូតប្រទេសផ្សេងជាមួយខ្លួន។
 
ហុងឌូរ៉ាស និងចិនបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី២៦ ខែមីនា ក្រោយពីផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដែលមានជាច្រើនទសវត្សរ៍កន្លងមក។ ក្រោយការកសាងទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសនៅអាម៉េរិកកណ្តាលមួយនេះ ចិនថា មិនបានដាក់លក្ខខណ្ឌសម្រាប់ហុងឌូរ៉ាសឡើយ។ 
 
«ការបង្កើតទំនាក់ទំនងការទូតជាមួយចិន ជាសេចក្តីសម្រេចនយោបាយដោយហុងឌូរ៉ាសលើមូលដ្ឋានគោលការណ៍ចិនតែមួយ និងដោយគ្មានបុរេលក្ខខណ្ឌឡើយ»។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២២៧ ខែមីនា ដោយបន្តថា​ ចិន តែងគោរពការសម្រេចចិត្តរបស់ហុងឌូរ៉ាស។ 
 
ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិន ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងគោរពតាមស្មារតីនៃការគោរព សមភាព ផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរួម និងការលើកតម្កើងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមកលើគ្រប់វិស័យជាមួយហុងឌូរ៉ាស រួមទាំងចូលរួមចំណែកលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ។
 
ជុំវិញការភ្ជាប់ទំនាក់ទំនងការទូតខាងលើ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី២៦ ខែមីនា បានលើកឡើងថា រដ្ឋាភិបាលក្រុងតៃប៉ិ នឹងមិនចូលរួមប្រជែងដោយគ្មានន័យលើការទូតដុល្លាររបស់ចិន ក្នុងការទាក់ទាញទំនាក់ទំនងការទូតពីប្រទេសផ្សេងឡើយ។
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមីនា លោកស្រី Mao Ning ក៏បានតបនឹងសម្តីរបស់ប្រធានាធិបតីតៃវ៉ាន់ផងដែរ ដោយអះអាងថា អាជ្ញាធរបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ជាអ្នកជំនាញផ្នែកការទូតលុយដុល្លារ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ការប៉ុនប៉ងប្រកាសឯករាជ្យរបស់តៃវ៉ាន់ នឹងមិនទទួលបានជោគជ័យឡើយ។ បក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ជាបក្សរបស់ប្រធានាធិបតីតៃវ៉ាន់។ 
 
សូមបញ្ជាក់ថា ការទូតដុល្លារសំដៅដល់ការប្រើប្រាស់ការវិនិយោគ ជំនួយហិរញ្ញវត្ថុ និងការធ្វើពាណិជ្ជកម្មជាមួយរដ្ឋមួយ ដើម្បីទាក់ទាញការទទួលស្គាល់ផ្លូវទូត ឬឥទ្ធិពលលើឆាកអន្តរជាតិ៕ 
 

Tag:
 ចិន
  ហុងឌូរ៉ាស
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com