អន្តរជាតិ
ប្រមុខអាស៊ាន៖ ចិនជាប្រទេសជិតខាង និងជាមិត្តដ៏ល្អរបស់អាស៊ាន
28, Mar 2023 , 9:29 pm        
រូបភាព
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ខាងឆ្វេង) ជាមួយលោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន ក្នុងក្រុងប៉េកាំង នៅថ្ងៃទី២៧ ខែមីនា។ រូបភាព Xinhua
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (ខាងឆ្វេង) ជាមួយលោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន ក្នុងក្រុងប៉េកាំង នៅថ្ងៃទី២៧ ខែមីនា។ រូបភាព Xinhua
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៧ ខែមីនា យល់ឃើញថា ចិនជាប្រទេសជិតខាង និងជាមិត្តដ៏ល្អ ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់អាស៊ាន។ ត្រង់ចំណុចនេះ លោក កៅ គឹមហួន បានបញ្ជាក់ថា អាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិន។


តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខអាស៊ាន បានជួបជាមួយលោកវ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៧ ខែមីនា ក្នុងក្រុងប៉េកាំង ជុំវិញបញ្ហាកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការអភិវឌ្ឍជាដើម។ 
 
ក្នុងទស្សនកិច្ចមកកាន់ចិនលើកដំបូងចាប់តាំងពីកាន់តំណែង លោក កៅ គឹមហួន បានប្រាប់លោកវ៉ាងថា ចិន ជាប្រទេសជិតខាងល្អ និងជាមិត្ត រួមទាំងជាដៃគូកិច្ចសហប្រតិបត្តិការដែលអាចពឹងផ្អែកក្នុងរយៈពេលវែង។ បើតាមមេដឹកនាំរូបនេះ អាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅលើភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិន, រួមគ្នាថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថលជាដើម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ចំណែកលោកវ៉ាង វិញ បានបង្ហាញការគាំទ្រចំពោះការធ្វើសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន, ឯករាជ្យភាពជាយុទ្ធសាស្រ្ត រួមទាំងការបង្រួបបង្រួមសម្រាប់ការអភិវឌ្ឍ និងការគាំទ្រលើការថែរក្សាគំរូកិច្ចសហប្រតិបត្តិការតំបន់ដោយផ្អែកលើមូលដ្ឋានអាស៊ាន។ ត្រង់ចំណុចនេះ មន្រ្តីការទូតជាន់ខ្ពស់ចិន បានជំរុញឱ្យអាស៊ាន និងចិន រួមគ្នាកសាងការធ្វើទំនើបកម្មសម្រាប់ប្រជាជនប្រមាណ ២ពាន់លាននាក់របស់ខ្លួន។​
 
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ មន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនរូបនេះ បានអំពាវនាវឱ្យមានការប្រកាន់ខ្ជាប់បរិយាកាសអភិវឌ្ឍប្រកបដោយសន្តិភាព ដែលមានតាំងពីអតីតកាលមក, ទាត់ចោលគំនិតបែបសង្រ្គាមត្រជាក់ និងការប្រឆាំងការប្រឈមមុខគ្នា។ 
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ាន មានចំនួន ៦៦៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១។ ចិន ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ចាប់តាំងពីឆ្នាំ២០០៩ មក។៕ 
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com