អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនចិនពាក់ព័ន្ធនឹងការបង្ក្រាបជនជាតិវីហ្គ័រនៅស៊ីនជាំង
29, Mar 2023 , 3:19 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
អាម៉េរិក នៅថ្ងៃទី២៨ ខែមីនា បានប្រកាសដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​ចិនមួយ​ចំនួន​​ ដែលអាម៉េរិកបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការ​ធ្វើ​ទុក្ខបុកម្នេញរបស់រដ្ឋាភិបាលចិន​លើ​ជនជាតិភាគតិច​មូស្លីម​នៅ​ក្នុង​តំបន់ស៊ីនជាំង ​ជាពិសេសជនជាតិភាគតិចវីហ្គ័រ។​​
 
ក្រសួងពាណិជ្ជកម្មអាម៉េរិកនៅថ្ងៃទី២៨ ខែមីនា បានលើកឡើងថា អាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួន ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស​ គាំទ្រសកម្មភាពការគាបសង្កត់ ការឃុំខ្លួនដោយបំពានរបស់រដ្ឋាភិបាលចិន ប្រឆាំងនឹងជនជាតិវីហ្គ័រ និងក្រុមជនជាតិភាគតិចមូស្លីមផ្សេងទៀតនៅតំបន់ស៊ីនជាំង។ 
 
ក្រុមហ៊ុនចិនចំនួនបួនដែលរងទណ្ឌកម្មថ្មីនេះរួមមាន ក្រុមហ៊ុន Luopu Haishi Dingxin Electronic Technology Co, ក្រុមហ៊ុន Moyu Haishi Electronic Technology Co, ក្រុមហ៊ុន Pishan Haishi Yong'an Electronic Technology Co និង ក្រុមហ៊ុន Urumqi Haishi Xin'an Electronic ដែលជាក្រុមហ៊ុនរបស់ក្រុមហ៊ុនផលិតកាមេរ៉ាឃ្លាំមើលចិន Hikvision។ នេះបើតាមរបាយការណ៍ពាក់កណ្តាលឆ្នាំ​​ ២០២១​ របស់ក្រុមហ៊ុន Hangzhou ។
 
ក្រោយរងទណ្ឌកម្មថ្មីនេះ ក្រុមហ៊ុន Hikvision នៅមិនទាន់អាចឆ្លើយតបអ្វីនៅឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុននេះកន្លងមកធ្លាប់បានបដិសេធថាខ្លួនមិនបានគាំទ្ររដ្ឋាភិបាលចិនក្នុងការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងឡើយ។ 
 
ក្រៅតែពីក្រុមហ៊ុនទាំង៤ខាងលើ ក្រុមហ៊ុន Yutian Haishi Meitian Electronic Technology Co ក៏ត្រូវបានក្រសួងពាណិជ្ជកម្មអាម៉េរិកបញ្ចូលទៅក្នុងបញ្ជីខ្មៅផងដែរ។ ក្រុមហ៊ុនដែលរងទណ្ឌកម្មទាំងនេះ នឹងត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់ពីក្រុមហ៊ុនអាម៉េរិក។ 
 
គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន Hikvision ត្រូវបានក្រសួងពាណិជ្ជកម្មអាម៉េរិកឃ្លាំងមើលរួចមកហើយ បន្ទាប់ពីត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាពក្នុងឆ្នាំ ២០១៩ ជុំវិញសកម្មភាពគាំទ្ររដ្ឋាភិបាលចិននៅតំបន់ស៊ីនជាំង។ 
 
តំបន់ស៊ីនជាំង ដែលជាកន្លែងមានពលរដ្ឋជនជាតិភាគតិចរស់នៅប្រមាណ ៣ លាននាក់ គឺជាប្រធានបទដ៏ក្តៅមួយដែលសហគមអន្តរជាតិតែងបង្ហាញការព្រួយបារម្ភជុំវិញការឃុំខ្លួនពលរដ្ឋនៅជំរុំបណ្តុះបណ្តាលរបស់រដ្ឋាភិបាលចិន។ បណ្តាប្រទេសលោកខាងលិច តែងតែចោទប្រកាន់ចិនថាបានឃុំខ្លួនមនុស្សដោយខុសច្បាប់ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com