ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៩ ខែមីនា បានអះអាងថា វៀតណាម ជាដៃគូដ៏សំខាន់មួយសម្រាប់អាម៉េរិក។ ទន្ទឹមនេះ លោកបៃឌិន បានបន្ថែមថា អាម៉េរិកគោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពដែនដីរបស់វៀតណាម។
ក្នុងខួប១០ឆ្នាំនៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៩ ខែមីនា ជុំវិញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការពង្រឹងទំនាក់ទំនង ក៏ដូចជាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិផ្សេងៗ។
ក្នុងកិច្ចសន្ទនានេះ លោក បៃឌិន បានលើកឡើងថា វៀតណាមជាដៃគូដ៏សំខាន់មួយសម្រាប់អាម៉េរិក ដែលគាំទ្រឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង និងវិបុលភាពរបស់វៀតណាម។ ត្រង់ចំណុចនេះ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គោរពឯករាជ្យភាពវៀតណាម អធិបតេយ្យ បូរណភាពដែនដី និងវិទ្យាស្ថាននយោបាយ រួមទាំងភាពចាំបាច់នៃមូលដ្ឋានរវាងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។
ជាការឆ្លើយតប អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានយល់ថា ប្រទេសទាំងពីរគួរតែបន្តកិច្ចសហប្រតិបត្តិសន្តិសុខការពារ, លើកតម្កើងពាណិជ្ជកម្ម និងធ្វើការរួមគ្នាលើវិស័យការដឹកជញ្ជូន, សេដ្ឋកិច្ចឌីជីថល និងសុខាភិបាលជាដើម។
មិនតែប៉ុណ្ណោះ លោក ង្វៀន បានជំរុញឱ្យអាម៉េរិកបង្កើតបរិយាកាសដ៏សមស្របមួយ ដើម្បីបង្កើនចំនួននិស្សិតវៀតណាម នៅក្នុងសាលាអាម៉េរិក និងបន្តគាំទ្រកិច្ចខិតខំរបស់រដ្ឋាភិបាលក្រុងហាណូយលើការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម បានស្វាគមន៍ចំពោះការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនលើតួនាទីកណ្តាលរបស់អាស៊ាន និងកិច្ចខិតខំរួមរបស់សមាជិកអង្គការតំបន់មួយនេះ ដើម្បីលើកតម្កើងចក្ខុវិស័យអាស៊ាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ចំណែកមេដឹកនាំអាម៉េរិក បានប្រាប់លោកង្វៀនវិញថា អាម៉េរិកប្តេជ្ញាក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយខ្លួននឹងបន្តធ្វើការជាមួយវៀតណាម និងប្រទេសផ្សេងទៀត ក្នុងការចរចាក្រោមក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក។ មេដឹកនាំទាំងពីរ ក៏បានឯកភាព លើការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសន្យាធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង ដែលវៀតណាម កំពុងមានជម្លោះជាមួយចិនផង។
គួររំឭកថា វៀតណាម និងអាម៉េរិក បានភ្ជាប់ទំនាក់ទំនងឡើងវិញនៅក្នុងឆ្នាំ ១៩៩៥ និងបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំ២០១៣។ នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនដល់១២៣ពាន់លានដុល្លារ។ អាម៉េរិកជាប្រទេសវិនិយោគលំដាប់ទី១១ នៅវៀតណាម ដោយមានទំហំ ១១,៤ពាន់លានដុល្លារ៕