អន្តរជាតិ
ប្រេស៊ីល និងចិន ឈានដល់កិច្ចព្រមព្រៀងទូទាត់រូបិយវត្ថុរបស់ខ្លួន ជំនួសដុល្លារ 30, Mar 2023 , 9:29 pm

លោក Jorge Viana ប្រធានទីភ្នាក់ងារលើកតម្កើងវិនិយោគ និងពាណិជ្ជកម្មប្រេស៊ីល។ រូបភាព Reuters
×![]()
ចិន និងប្រេស៊ីល បានឯកភាពលើកិច្ចព្រមព្រៀងមួយ ដើម្បីទូទាត់ និងធ្វើពាណិជ្ជកម្មជារូបិយវត្ថុរបស់ខ្លួន ជំនួសឱ្យលុយដុល្លារ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីល ចេញនៅថ្ងៃទី២៩ ខែមីនា។ នេះជាសកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងចុងក្រោយ ដើម្បីទប់ស្កាត់លើការប្រើប្រាស់លុយដុល្លារ។
ចិន និងប្រេស៊ីល ជាដៃគូពាណិជ្ជកម្មដ៏ធំមួយ ដោយមានទំហំពាណិជ្ជកម្មប្រមាណ ១៥០,៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងប្រាស៊ីលីយ៉ា បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទូទាត់ និងធ្វើពាណិជ្ជកម្មជារូបិយវត្ថុរបស់ខ្លួន ជំនួសឱ្យលុយដុល្លារ។
«ការរំពឹងនេះ នឹងជួយកាត់បន្ថយការចំណាយ...លើកតម្កើងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែធំជាងមុន និងសម្រួលការវិនិយោគ»។ ទីភ្នាក់ងារលើកតម្កើងវិនិយោគ និងពាណិជ្ជកម្មប្រេស៊ីល បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញពីនៅថ្ងៃទី២៩ ខែមីនា។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោយប្រេស៊ីល និងចិនមានកិច្ចព្រមព្រៀងបឋមមួយ បន្ទាប់ពីមានវេទិកាធុរកិច្ចប្រេស៊ីល និងចិនកម្រិតខ្ពស់នៅក្នុងក្រុងប៉េកាំង។
តាមការបញ្ជាក់របស់មន្រ្តី ធនាគារពាណិជ្ជ និងឧស្សាហកម្មចិន និង ធនាគារ Communications BBM ជាអ្នកទទួលបន្ទុកលើការទូតទាត់ប្រាក់ និងប្រតិបត្តិអន្តរការណ៍នេះ។
សូមបញ្ជាក់ថា ក្រៅពីប្រេស៊ីល ចិនក៏បានធ្វើកិច្ចព្រមព្រៀងទូទាត់ និងធ្វើពាណិជ្ជកម្មជារូបិយវត្ថុផ្ទាល់ខ្លួន ជំនួសឱ្យប្រាក់ដុល្លារជាមួយរុស្ស៊ី ប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com