កីឡាអន្តរជាតិ
អន្តរជាតិ
សុបិនត្រូវរលត់! កីឡាករឥណ្ឌូណេស៊ីខកចិត្ត បន្ទាប់ពីបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះ U20 World Cup 31, Mar 2023 , 11:01 am
× កីឡាករឥណ្ឌូណេស៊ី ព្រមទាំងអ្នកគាំទ្រ រងការខកចិត្តយ៉ាងខ្លាំងនៅថ្ងៃទី៣០ ខែមីនា បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ U20 World Cup ក្រោយមានរឿងរ៉ាវប្រឆាំងតវ៉ាការចូលរួមប្រកួតពីប្រទេសអ៊ីស្រាអែល និងការលុបចោលការចាប់ឆ្នោត។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានដឹកសិទ្ធិធ្វើជាម្ចាស់ផ្ទះ ចេញពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ មីនា លើបញ្ហាដែលមន្ត្រីឥណ្ឌូណេស៊ី បាននិយាយអំពីការលុបចោលការចាប់ឆ្នោតក្នុងកោះបាលី និងការគ្រប់គ្រងមិនបានល្អរបស់ម្ចាស់ផ្ទះ។
បើតាមកីឡាករបាល់ទាត់ឥណ្ឌូណេស៊ីម្នាក់ ដែលនឹងត្រូវលេងក្នុងការប្រកួតពានរង្វាន់ U20 World Cup នោះ បានស្តីបន្ទោសទៅកាន់អ្នកនយោបាយចំពោះការបរាជ័យដ៏ធំមួយនេះ។
«យើងបានលះបង់ពេលវេលារបស់យើង ការគិត ញឹសឈាម ប៉ុន្តែវាបានបរាជ័យភ្លាមៗ ដោយសារតែហេតុផលនយោបាយ។»។ ខ្សែប្រយុទ្ធក្រុមឥណ្ឌូណេស៊ី Rabbani Tasnim Siddiq បាននិយាយដោយបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ។
កីឡាករម្នាក់ទៀតឈ្មោះ Hokky Caraka និយាយដូច្នេះថា រូបគេបានបាត់បង់ឱកាសបំពេញគោលដៅក្នុងជីវិត ដើម្បីធ្វើឱ្យក្រុមគ្រួសារមានមោទកភាព ដោយការរកបានគ្រាប់បាល់នៅក្នុង U20 World Cup។
បន្ទាប់ពីមានបញ្ហាកើតឡើងយ៉ាងឆាប់រហ័សបែបនេះ សមាគមបាល់ទាត់ឥណ្ឌូណេស៊ី PSSI បានបញ្ជក់ថា ការបាត់បង់សិទ្ធិអាចប៉ះពាល់ដល់ឱកាសក្រុមជម្រើសជាតិ ក្នុងការចូលរួមប្រកួតពានរង្វាន់ FIFA ហើយនឹងការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធំ ដែលមានតម្លៃប្រមាណខ្ទង់លានដុល្លារ។
ឥណ្ឌូណេស៊ីដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ក្រុមកីឡាករក៏ត្រូវបានជាប់ ក្នុងការប្រកួតដោយស្វ័យប្រវត្តិដែរ។
«យើងបានដុតបំផ្លាញក្តីសុបិនរបស់កូនៗរបស់យើង។»។ នេះបើតាមសម្តីលោក Nova Arianto ដែលជាគ្រូជំនួយរបស់ក្រុមអាយុក្រោម ២០ឆ្នាំ ឥណ្ឌូណេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com