ភ្នំពេញ៖ សណ្ឋាគារលំដាប់ផ្កាយបួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បានបើកសម្ពោធជាផ្លូវការនៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯលោក ហ៊ុន ម៉ាណែត និងលោកស្រីប ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្ដម លោកជំទាវ ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបជាង ៧០០ នាក់ទៀត។
នាថ្ងៃកម្មវិធីដ៏នក្ខត្តប្ញក្សនេះផងដែរ លោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖ “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ ដែលនេះជាប្រយោជន៍ដ៏សំខាន់ក្នុងការចូលរួមបង្កើននិរន្តរភាពក្នុងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។” ។
លោក ក៏បានបន្ថែមទៀតថា ការនាំយកសណ្ឋាគារលំដាប់ពិភពលោកមួយនេះមកកម្ពុជា ដោយក្រុមហ៊ុនមាន ចក្ខុវិស័យវែងឆ្ងាយ និងឈរលើបន្ទាត់ស្របជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញសក្ដានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
លោក Jakob Helgen អនុប្រធានប្រចាំតំបន់ នៅប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង នាំយកយីហោ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត មកកម្ពុជា ហើយ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារដែលមានរចនាបថដ៏ប្រណិត និងស៊ីវិល័យតាមស្ដង់ដាអន្ដរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើបប្រកបដោយសេវាកម្មសម្បូរបែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូលប្រកបដោយសក្តានុពលមួយក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនងនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, វិនិយោគ, ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក»។
នាកិច្ចបញ្ចប់កម្មវិធីនេះ លោក ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងភ្ញៀវដែលចូលរួម បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការដើរទស្សនកិច្ចបរិវេណសណ្ឋាគារ ដែលភ្ជាប់ទៅដោយផ្ទាំងទេសភាព និងសោភ័ណភាពនៃទីក្រុងទាំងមូល នៅជាន់អាងទឹកលើអាកាស របស់ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។
គួរបញ្ជាក់ផងដែរថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានភ្ជាប់ទៅដោយ ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅចំកណ្ដាលរាជធានី ៕
(អត្ថបទពាណិជ្ជកម្ម)