សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
មជ្ឈិមបូព៌ាប្រឈមមុខនឹងបញ្ហាស្បៀង ខណៈតម្លៃអាហារកើនឡើង
02, Apr 2023 , 10:19 pm        
រូបភាព
នៅមជ្ឈិមបូព៌ា បញ្ហាប្រឈមតម្លៃស្បៀងអាហារកំពុងក្លាយជាវិបត្តិ។ បើតាមទិន្នន័យ មាន​ប្រទេស​ចំនួន ៥ ដែលតម្លៃ​អាហារ​បាន​កើន​ឡើង​ជាង ៦០ភាគរយ។ យោងតាមកាសែតធុរកិច្ចអារ៉ាប់ អតិផរណាតម្លៃស្បៀងអាហារ បានរុញច្រានមនុស្សជាង ៤០លាននាក់នៅក្នុងតំបន់នេះ ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខស្បៀង។
 
នៅអ៊ីរ៉ង់ ទួរគី និងអេហ្ស៊ីប តម្លៃអាហារទាំងអស់បានកើនឡើងជាង ៦០ភាគរយ ខណៈ​នៅ​ប្រទេស​លីបង់ តម្លៃ​ម្ហូប​អាហារ​ក៏​បាន​កើន​ឡើង ១៤០ភាគរយ។ ប្រជាជនជាច្រើនអាចទិញបានត្រឹមតែមួយភាគបួននៃអាហារ ដែលពួកគេធ្លាប់បរិភោគតែប៉ុណ្ណោះ។
 
ដំណាំ​នៅ​មជ្ឈិមបូព៌ា​កាលពី​ឆ្នាំ​មុន ​បាន​ជួបវិបត្តិ​ដោយសារ​គ្រោះរាំងស្ងួត។ គ្រោះរាំងស្ងួតបានកើតឡើងម្តងទៀត នៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក ដែលងាយនឹងបង្កជាហេតុ ដោយបង្កើតឱ្យមានផលប៉ះពាល់ទ្វេដង ដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅតំបន់នេះ។
 
កាសែតអារ៉ាប់បានឱ្យដឹងថា នៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង មានអាហាររហូតដល់ ៩០ភាគរយ ត្រូវបាននាំចូល។ ជម្លោះមិនចេះចប់រវាងរុស្ស៊ី និងអ៊ុយក្រែន បានរុញច្រានប្រទេសមួយចំនួននៅតំបន់នេះ ឱ្យស្ថិតក្នុងស្ថានភាពលំបាក។ តួយ៉ាងដូចជាអេហ្ស៊ីប ស្រូវសាលីភាគច្រើនត្រូវបាននាំចូលពីរុស្ស៊ី និងអ៊ុយក្រែន ។ បច្ចុប្បន្នប្រជាជននៅទីនេះកំពុងជួបនូវស្ថានភាពតម្លៃម្ហូបអាហារប្រែប្រួល ពីមួយថ្ងៃទៅមួយថ្ងៃ។ 
 
អតិផរណាតម្លៃស្បៀង មិនត្រឹមតែជាការព្រួយបារម្ភចំពោះប្រទេសអភិវឌ្ឍន៍មធ្យមនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ សូម្បីតែប្រទេសអ្នកមានដែលនៅឈូងសមុទ្រ ក៏រងឥទ្ធិពលពីវិបត្តិស្បៀងឡើងថ្លៃផងដែរ។ ថ្មីៗ​នេះ មន្ត្រី​ក្នុង​ប្រទេស​អារ៉ាប់រួម ​បានធានា​ដល់​ប្រជាជនរបស់ពួកគេ​ថា ​នឹង​មិន​បណ្តោយ​ឱ្យ​តម្លៃ​អាហារសំខាន់ៗបន្ត​កើនថ្លៃ​ទៀត​ឡើយ។ បច្ចុប្បន្ន ប្រទេសនេះ ត្រូវដាក់ការត្រួតពិនិត្យតម្លៃលើផលិតផលអាហារសំខាន់ៗដូចជា ប្រេងឆា ស៊ុត ទឹកដោះគោ អង្ករ ស្ករ ឬនំប៉័ង។
 
ស្របពេលដែលតម្លៃអាហារខ្ពស់នាពេលបច្ចុប្បន្ន បានធ្វើឱ្យគ្រួសារជាច្រើននៅមជ្ឈិមបូព៌ាមានការព្រួយបារម្ភនៅថ្ងៃ បុណ្យរ៉ាម៉ាដានឆ្នាំនេះ។ ពួកគេនឹងមិនត្រឹមតែតមអាហារនៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងនៅពេលល្ងាចទៀតផង។
 
បើតាមកាសែត Al Jazeera របស់កាតា នៅក្នុងប្រទេសលីបង់ តួលេខ៨០ភាគរយនៃចំនួនប្រជាជន ស្ថិតនៅក្នុងស្ថានភាពមិនមានលទ្ធភាពទទួលទានអាហារ បន្ទាប់ពីការតមអាហារមួយថ្ងៃ។ ចំណែកនៅស៊ីរី ៩០ភាគរយនៃប្រជាជន រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕
 

Tag:
 មជ្ឈិមបូព៌ា
  ស្បៀងអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com