កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea-Liverpool ថ្កោលទោសចំពោះការស្រែកដោយប្រើពាក្យអាក្រក់ៗ នៃគ្រោះមហន្តរាយជាន់គ្នានៅ Hillsborough
05, Apr 2023 , 8:29 pm        
រូបភាព
រូបភាព៖ Livescore
រូបភាព៖ Livescore
​​ក្លិប Chelsea និង Liverpool ក៏ដូចជាក្របខណ្ឌ Premier League បានរួមគ្នាថ្កោលទោស ចំពោះអ្នកគាំទ្រ ដែលស្រែកដោយប្រើពាក្យអាក្រក់ៗ ទាក់ទងទៅនឹងហេតុការណ៍គ្រោះមហន្តរាយរអិលជាន់គ្នានៅកីឡដ្ឋាន Hillsborough របស់ Sheffeil United ។


ការប្រកួតក្នុងទីក្រុងឡុងដ៍ថ្ងៃទី៤ មេសា ក្រុម Chelsea និង Liverpool បានបញ្ចប់ទៅក្នុងលទ្ធផលស្មើ ០​-០ បន្ទាប់ពីក្រុមតោខៀវទើបតែបណ្តេញលោក Graham Potter ចេញពីតំណែងកាលពីពេលថ្មីៗនេះ។
 
ការស្រែកពីសំណាក់អ្នកគាំទ្រក្នុងកីឡដ្ឋាន ​Stamford Bridge ទាក់ទងនឹងហេតុការណ៍រអិលជាន់គ្នាក្នុងកីឡដ្ឋាន Hillsborough ក្នុងឆ្នាំ ១៩៨៩ នៃជំនួបពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រ ដែលកាលណោះបានបណ្តាលឱ្យអ្នកគាំទ្រក្រុមហង្សក្រហម ៩៧នាក់ បានស្លាប់។
 
ការប្រកួតរវាងក្រុមតោខៀវ និងហង្សក្រហម មិនមែនជាលើកដំបូងឡើយ ដែលត្រូវបានអ្នកគាំទ្រ ស្រែកដោយប្រើពាក្យអាក្រក់ៗសំដៅចំហេតុការណ៍ ដែលកើតឡើងចំពោះក្លិបហង្សក្រហមនេះ។ ប៉ុន្តែការប្រកួតរវាង ក្រុម Manchester City យកឈ្នះលើ Liverpool លទ្ធផល ៤-១ កាលពីថ្ងៃទី១ មេសា ក៏ត្រូវបានអ្នកគាំទ្រស្រែកទាក់ទងគ្រោះមហន្តរាយរអិលជាន់គ្នាដែរ។
 
ក្រោយបញ្ចប់ការប្រកួតមិនបានប៉ុន្មានផង ក្លិប Chelsea បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្រែកដោយប្រើពាក្យសម្តីអាក្រក់ៗពីសំណាក់អ្នកគាំទ្រខ្លួន។
 
«Chelsea FC សូមថ្កោលទោសចំពោះការស្រែកដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះមួយចំនួន អំឡុងការប្រកួតនាពេលល្ងាចមិញនេះ។ សំឡេងស្រែកដ៏គួរឱ្យស្អប់ខ្ពើម មិនត្រូវមានវត្តមានក្នុងបាល់ទាត់នោះទេ ហើយយើងសុំទោសទៅអ្នកគ្រប់គ្នា ដែលបានរងផលប៉ះពាល់ដោយទង្វើររបស់ពួកគេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ក្លិប Chelsea។
 
ក្លិប Liverpool ក៏បានបង្ហោះសារឆ្លើយតបទៅនឹងការសុំទោសរបស់ក្លិប​ ​Chelsea វិញ តាមរយៈបណ្តាញសង្គម ​Twitter ដោយបានគាំទ្រដល់ការថ្កោលទោសនេះ ហើយនិងចូលរួមប្រឆាំងលើទង្វើរមិនគប្បីទាំងអស់នេះ។
 
ក្លិប Liverpool បានសរសេរដូច្នេះថា៖«យើងដឹងថាផលប៉ះពាល់ពីការស្រែកទាំងអស់នេះ បានប៉ះពាល់ដល់អ្នកដែលបានរងគ្រោះដោយហេតុការណ៍នោះ ដែលវាស្ថិតនៅក្នុងវិស័យបាល់ទាត់។ សម្រាប់ជាផលប្រយោជន៍ដល់ពួកគេ រឿងនេះគឺត្រូវតែបញ្ចប់។»។
 
ទន្ទឹមនឹងនេះ Premier League ក៏បានគាំទ្រដល់ការថ្កោលទោសរបស់ក្រុម Chelsea និង ​Liverpool ចំពោះការស្រែកដោយប្រើពាក្យមិនសមរម្យសំដៅដល់គ្រោះមហន្តរាយទាំងអស់ ដែលបានកើតឡើងក្នុងវិស័យបាល់ទាត់។ Premier League ក៏បានសន្យាថានឹងស្វែករកជនបង្កហេតុទាំងនេះ ដើម្បីដោះស្រាយតាមវិធីផ្លូវច្បាប់៕
 

Tag:
 Chelsea
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com