កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីនារីដកខ្លួនពីស៊ីហ្គេមនៅកម្ពុជា ទំនងដោយសារត្រៀមជម្រុះអូឡាំពិក!
06, Apr 2023 , 11:59 am        
រូបភាព
ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ នៅកម្ពុជា ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ឆ្នោតរើសពូលរួច។ ឥណ្ឌូណេស៊ីដែលត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយម្ចាស់ជើងឯក វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ធ្លាប់បានប្រកាសតាមរយៈសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI ) ក្រុមបាល់ទាត់នារី ត្រៀមលក្ខណៈហ្មត់ចត់សម្រាប់ប្រកួតជម្រុះអូឡាំពិកតំបន់អាស៊ី។

ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ត្រឹមរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតចែកពូលបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា រួចមក។ លទ្ធផលការចាប់ឆ្នោតនោះ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A ដែលមានក្រុមម្ចាស់ការពារតំណែងជើងឯកវៀតណាម ដែលជាក្រុមខ្លាំងក្នុងពូល និងមានហ្វីលីពីន, ម៉ាឡេស៊ី, មីម៉ាន់ម៉ា ទន្ទឹមនឹងពូល B មានក្រុមម្ចាស់ផ្ទះកម្ពុជា, ថៃ, សិង្កបុរី និងឡាវ សុទ្ធសឹងជាពូលប្រកួតប្រជែងដ៏លំបាកដូចគ្នា។

រូបភាពសារព័ត៌មានថ្មីៗ
ការដកខ្លួនរបស់ក្រុមបាល់ទាត់ផ្នែកនារីឥណ្ឌូណេស៊ីនេះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទាត់កម្ពុជា (FFC) តាមរយៈសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញសង្គម ​Facebook យប់ដដែលនៃថ្ងៃចាប់ឆ្នោតនោះ។
 
« សូមជម្រាបថា វិញ្ញសាបាល់ទាត់នារី របស់ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បានសម្រេចដកខ្លួនចេញពីកម្មវិធីប្រកួត ដូច្នេះហើយនៅក្នុងពូល A គឺនៅសល់ក្រុមសរុបចំនួន ៤ រួមមាន វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។»។ នេះបើតាមការបញ្ជាក់ពីសំណាក់ FFC នៅលើហ្វេសប៊ុក។
 
ទោះយ៉ាងណា ការដកខ្លួនពីសំណាក់ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី មិនមានការបញ្ជាក់មូលហេតុបន្ថែមអ្វីឡើយពីសំណាក់ FFC ក៏ដូចជា​ PSSI។
 
យ៉ាងណា កាលពីថ្ងៃទី៤ ខែមេសា មុនការចាប់ឆ្នោតមួយថ្ងៃ តាមរយៈគេហទំព័ររបស់ ​PSSI បាននិយាយថា ក្រុមជម្រើសជាតិនារីខ្លួន កំពុងតែស្ថិតក្នុងភាពមមារញឹកខ្លាំងជាមួយការត្រៀមប្រកួតជម្រុះជុំទីមួយក្នុងប្រទេសលីបង់ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ​ ២០២៤ ក្រុងប៉ារីស។ 
 
ការប្រកួតជម្រុះអូឡាំពិកតំបន់អាស៊ីលើវិញ្ញសាបាល់ទាត់នារី ឥណ្ឌូណេស៊ីស្ថិតក្នុងពូល F ដែលស្ថិតនៅជាមួយក្រុមម្ចាស់ផ្ទះលីបង់ និងតៃវ៉ាន់ ហើយគ្រូបង្វឹកប្រចាំក្រុមលោក Rudy Eka Primyambada ក៏បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២២នាក់សម្រាប់ការប្រកួតព្រឹត្តិការណ៍នេះ។
 
សម្រាប់ការត្រៀមខ្លួននោះគ្រូបង្វឹកឥណ្ឌូណេស៊ីបាននិយាយដូច្នេះថា៖«យើងនឹងវាយតម្លៃសម្រាប់ការសម្របខ្លួន និងត្រៀមខ្លួនរបស់ពួកគេអំឡុងពេលនេះ ដូច្នេះពួកគេត្រៀមរួចរាល់សម្រាប់ជួបការប្រកួតនៅពេលក្រោយ។ ការប្រកួតក្នុងពូល ២ប្រកួតពិតជាកំណត់គោលដៅរបស់យើងទៅកាន់ជុំបន្ទាប់ ដូច្នេះយើងត្រូវបានមានទម្រង់លេងល្អជាមួយកម្លាំងក្នុងក្រុមឱ្យបានល្អ។»៕
 

Tag:
 ឥណ្ឌូណេស៊ី
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com