កីឡាអន្តរជាតិ
អន្តរជាតិ
Arteta និង Klopp បន្ទោសកូនក្រុមរៀងខ្លួន ក្រោយ Arsenal និង Liverpool ស្មើ ២-២
10, Apr 2023 , 10:45 am        
រូបភាព
គម្លាតពិន្ទុនាំមុខកំពូលតារាងនៃក្របខណ្ឌ Premier League របស់ ​Arsenal ថមថយ បន្ទាប់ពីខកខានជ័យជម្នះដ៏ធំនៅទឹកដី Anfield ក្រោយ ​Liverpool វាយបកតាមស្មើវិញក្នុងលទ្ធផល ២-២ ក្នុងជំនួបលីគសប្តាហ៍ទី៣០ នាថ្ងៃទី៩ ខែមេសា។ គ្រូកាំភ្លើងធំ និងហង្សក្រហមសុទ្ធតែមិនពេញចិត្តលទ្ធផល និងបន្ទោសកូនក្រុមរៀងខ្លួន។


ក្រុមកាំភ្លើងធំ បានចាប់ផ្តើមការប្រកួតយ៉ាងល្អដោយអាចធ្វើបានគ្រាប់បាល់ ២គ្រាប់ស៊ុតលើក្រុមម្ចាស់ផ្ទះ Liverpool ត្រឹមនាទី២៨ នៃវគ្គទីមួយ។ ២គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Gabriel Martinelli នាទី៨ និង Gabriel Jesus នៅនាទី២៨ មុនពេលដែលកីឡាករ Mohamed Salah រកបានគ្រាប់បាល់តាមមកវិញ ១គ្រាប់សម្រាប់ ​Liverpool នៅនាទី៤២។ 



ក្នុងវគ្គទីពីរ Arsenal បានសម្លឹងមើលជ័យជម្នះបំបែកកំណត់ត្រាលើកដំបូងក្នុងទឹកដី Anfield ចាប់តាំងពីឆ្នាំ ២០១២ មក ជាមួយ ៣ពិន្ទុដ៏សំខាន់សម្រាប់ពួកគេក្នុងដំណើរបេសកកម្មឈ្នះពានរង្វាន់ Premier League។ 
 
Liverpool ក្នុងវគ្គទីពីរវាយបកដាក់សម្ពាធខ្លាំងឡើងវិញទៅលើ Arsenal ដោយនៅត្រឹមនាទី៥៤ ​Salah ខកខានការស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូល តែទោះយ៉ាងណាកីឡាករ Roberto Firmino ដែលបានប្តូរចូលនៅនាទី៧៨ បានជួយរកគ្រាប់បាល់តាមស្មើ ២-២ ដោយការតែតនៅនាទី៨៧។ បញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់ ១ពិន្ទុ។
 
ក្រោយបញ្ចប់ការប្រកួតលោក Mikel Arteta អ្នកចាត់ការ Arsenal បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports បន្ទាប់ពីលទ្ធផលស្មើ ​ថាកូនក្រុមរបស់លោកបាត់បង់ភាពម្ចាស់ការ ក្រោយពេលស៊ុតនាំមុខលើ Liverpool។
 
«ជាការប្រកួតដ៏ខ្លាំង ការប្រកួតស្ថិតក្រោមការគ្រប់គ្រងរបស់យើង ប៉ុន្តែក្រោយពេលវគ្គទីមួយ យើងធ្វើឱ្យរបូតគ្រាប់បាល់ បន្ទាប់ពីសន្ទុះនៃការសម្រុកវាយបករបស់ក្រុមគូប្រជែង។ យើងបានកែប្រែបន្ទាប់ពីវគ្គទីមួយ ហើយចាប់ផ្តើមបានល្អនៅនាទីដំបូង ប៉ុន្តែយើងបានបាត់បង់ការគ្រប់គ្រងទៅវិញ វាបានក្លាយជាការប្រកួតដ៏លំបាក និងច្របូកច្របលសម្រាប់យើង។»។ លោក ​Arteta បាននិយាយបែបនេះ។
 
Arsenal បច្ចុប្បន្នមាន ៧៣ពិន្ទុក្រោយឆ្លងកាត់ការប្រកួត ៣០លើក ដោយមានគម្លាត ៦ពិន្ទុពីលើក្រុមលេខ ២ Manchester City ដែលទើបប្រកួត២៩លើក។ ​ចំណែកក្រុម Liverpool វិញ ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៨​ ដែលមាន ៤៤ពិន្ទុ និងប្រឈមមិនបានលេងក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។
 
សម្រាប់លោក ​Jurgen Klopp អ្នកចាត់ការក្រុម ​Liverpool បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះលទ្ធផលការប្រកួត ខណៈលោកបានស្តីបន្ទោស កូនក្រុមមិនអាចយកបានជ័យជម្នះការប្រកួតបាន។
 
«វាជារឿងដ៏ធម្មតាសម្រាប់យើងរដូវកាលនេះទៅហើយ Arsenal បានបើកឆាកការប្រកួត ពិតណាស់រហូតពួកគេរកបានគ្រាប់បាល់ មិនប្រើពេលយូពួកគេរកបាន គ្រាប់ទីពីរ។ យើងបានកែប្រែលទ្ធផល រហូតស្មើគ្មានបញ្ហាទេជាមួយលទ្ធផលស្មើ ប៉ុន្តែខ្ញុំនៅនឹកស្មានមិនដល់ថាហេតុអ្វីយើងមិនអាចឈ្នះការប្រកួត ខ្ញុំពិតជាមិនដឹងសោះឡើយ។»។ នេះជាអ្វីដែលលោក Klopp បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports៕
 

Tag:
 Arsenal
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com