កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ខកចិត្ត ដែល Barca មិនអាចរកបាន៣ពិន្ទុពី Girona ដើម្បីកើនគម្លាតនាំមុខនៅ La Liga
11, Apr 2023 , 11:40 am        
រូបភាព
Barcelona បន្តនាំមុខកំពូលតារាងក្របខណ្ឌ La Liga ចំនួន ១៣ពិន្ទុដដែលបើទោះជាប្រកួតត្រឹមស្មើ ០-០ ទល់ក្រុម Girona ក្នុងទឹកដី Camp Nou នៅថ្ងៃទី១០ ខែមេសា។ លោក Xavi Hernandez មិនពេញចិត្តចំពោះលទ្ធផលនេះ ព្រោះចង់បានពិន្ទុដើម្បីបន្ថែមការនាំមុខដាច់នៅកំពូលតារាងឱ្យកាន់តែឆ្ងាយពីក្រុមគូប្រជែង Real Madrid។


​បន្ទាប់ពីការប្រកួតស្មើ ០-០ រួចមក បានរុញច្រាន Barca កើន ៧២ពិន្ទុ ពីការប្រកួតចំនួន ២៨លើក ឈរពីលើក្រុមលេខពីរ ​Real Madrid ដែលរកបាន៥៩ពិន្ទុ។ ក្រុម Girona បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ដែលមាន ៨ពិន្ទុផុតពីក្រុមកាត់ចោល។
 
មុនការប្រកួតលោក Xavi បានរំពឹងថានឹងអាចរកបានពិន្ទុបន្ថែមទៀតពីការប្រកួតក្នុងទឹកដីខ្លួន បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង Real Madrid ៤-០ ក្នុងជំនួបពានរង្វាន់ Copa del Rey នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុន។ ប៉ុន្តែកូនក្រុមរបស់លោក Xavi ជួបបញ្ហាដោយមិនអាចបំបែករនាំងការពារដ៏រឹងមាំរបស់ក្រុម Girona បាន ដើម្បីអាចបង្កើនគម្លាតពិន្ទុនៅ La Liga។
 
«វាគឺជាការប្រកួតដ៏តានតឹង Girona ពិតជាលេងបានល្អខ្លាំង យើងក៏ធ្វើបានល្អក្នុងការដាក់សម្ពាធ ប៉ុន្តែយើងមិនអាចរកបានគ្រាប់បាល់។ វាជារឿងដ៏ខកចិត្តមួយ ព្រោះយើងចង់បានការបង្កើនគម្លាតពិន្ទុ ១៥ពិន្ទុដាច់ពី Real Madrid ប៉ុន្តែនេះគឺជាបាល់ទាត់ ខ្ញុំគិតថាអ្នកត្រូវតែឱ្យតម្លៃចំពោះការឈរនៅកំពូលតារាងដែលយើងកំពុងតែនៅ។»។ Xavi បានប្រាប់ទៅកាន់អ្នកកាសែតបែបនេះ។
 
ការប្រកួតបន្ទាប់របស់ក្រុម Barcelona នឹងធ្វើដំណើរទៅជួបតទល់ជាមួយនឹងក្រុម Getafe នៅថ្ងៃទី១៥ ខែមេសា នៃជំនួបក្របខណ្ឌ La Liga ខណៈដែលក្រុម Girona នឹងត្រូវស្វាគមន៍ក្រុមបាតតារាង Elche នៅថ្ងៃទីដូចគ្នា៕
 
 

Tag:
 Barcelona
  Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com