កីឡាអន្តរជាតិ
អន្តរជាតិ
Messi នាំមុខ Ronaldo ក្នុងនាមជាកីឡាករឈ្នះពានរង្វាន់ឯកត្តជនច្រើនជាងគេ
14, Apr 2023 , 9:01 am        
រូបភាព
ក្រៅពីជួយក្រុមឱ្យឈ្នះពានរង្វាន់ហើយ កីឡាករចំនួន៥រូប ក៏ជាប់ឈ្មោះជាកីឡាករឈ្នះពានរង្វាន់ឯកត្តជនច្រើនជាងគេដែរ។ ក្នុងនោះ Messi នាំមុខ Ronaldo ក្នុងការឈ្នះពានទាំងនេះ។

សម្រាប់ពានរង្វាន់ឯកត្តជន ដូចជាពានរង្វាន់ Ballon d’Or ឬក៏ស្បែកជើងមាស បង្ហាញអំពីការទទួលស្គាល់ ជាពិសេសទម្រង់លេង និងការបញ្ចេញបច្ចេកទេសដ៏ប៉ិនប្រសប់ ព្រមទាំងការលះបង់របស់កីឡាករម្នាក់ៗ។
 
សរុបមក ឈ្នះពានរង្វាន់នានា និងពានឯកត្តជនក្នុងវិស័យបាល់ទាត់ គឺជារឿងសំខាន់បំផុតនៃកីឡាករ ហើយពានរង្វាន់បានបម្រើដល់កម្លាំងចិត្តសម្រាប់កីឡាករ និងក្រុមឱ្យខិតខំដើម្បីឧត្តមភាព។
 
ខាងក្រោយនេះជាកីឡាករ ៥រូបដែលឈ្នះពានឯកត្តជនច្រើនបំផុតក្នុងវិស័យបាល់ទាត់ (ពានរង្វាន់ Ballon d’Or, FIFA Awards, European Golden Shoe, FIFA World Cup Golden Ball និងពាន Puskas)៖

១. Lionel Messi ពានរង្វាន់ចំនួន ១៧ពាន

Messi បានដោះស្រាយការជជែកដេញដោលលើពាក្យថា GOAT បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់ World Cup ជាមួយអាហ្សង់ទីនរួច ​​កាលពីឆ្នាំ ២០២២។ Messi មិនត្រឹមតែជួយក្រុម ដែលរូបគេបានលេងឱ្យឈ្នះពានរង្វាន់ច្រើននោះទេ តែរូបគេក៏តែងឈ្នះពានរង្វាន់ឯកត្តជនជាច្រើន ក្នុងប្រវត្តិសាស្ត្រនៃបាល់ទាត់។ 
 
Messi ឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៧ ពានរង្វាន់, The best FIFA Men’s Player Awards ចំនួន ២លើក, FIFA World Player of the Year, ពានរង្វាន់ស្បែកជើងមាសអឺរ៉ុបចំនួន ៦លើក(​European Golden Shoes) និងពានរង្វាន់ FIFA World Cup Golden Ball ២លើកក្នុងអាជីព។
 
២​. Cristiano Ronaldo ពានរង្វាន់ចំនួន ១៤ពាន

Cristiano Ronaldo ក៏ជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ហើយរូបគេក៏បានបំពេញនូវក្តីបំណងក្នុងអាជីពរបស់គេ ក្នុងនាមជាកីឡាករម្នាក់ ដែលឈ្នះពានរង្វាន់ច្រើនសម្រាប់ក្លិប និងពានរង្វាន់ឯកត្តជនច្រើនសម្រាប់អាជីពរបស់គេ។ Ronaldo បច្ចុប្បន្នបានផ្លាស់ទៅលេងនៅក្របខណ្ឌ Saudi Pro League ដោយលេងឱ្យក្រុម ​Al-Nassr ហើយកំពុងតែបន្តប្រម៉ាញ់ពានរង្វាន់ផ្សេងៗបន្ថែមទៀតអំឡុងក្នុងវ័យ ៣៨ឆ្នាំ។
 
ពានរង្វាន់ឯកត្តជនធំៗដែល Ronaldo បានឈ្នះក្នុងអាជីពនាពេលកន្លងមករួមមាន Ballon d’Or ចំនួន ៥, ពាន FIFA Best Men Player Award ចំនួន ២លើក និង ​ពាន FIFA World Player of the Year ១លើក។ មិនតែប៉ុណ្ណោះ Ronaldo ក៏បានឈ្នះពានរង្វាន់ Best FIFA Special Award សម្រាប់សមិទ្ធិផលដែលរូបគេទទួលបានក្នុងឆ្នាំ ២០២១ ។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានឈ្នះពានរង្វាន់ស្បែកជើងមាសអឺរ៉ុបចំនួន ៤លើក ព្រមទាំងពាន Puskas Award ១លើក។


 
៣. Ronaldo Nazario ពានរង្វាន់ចំនួន ៧ពាន

Ronaldo Nazario គឺជាវីរបុរសខ្សែប្រយុទ្ធមួយរូប ប្រចាំវិស័យបាល់ទាត់កាលពីជំនាន់មុន ដោយលោកបានលេងឱ្យក្លិបធំៗជាច្រើនផងដែរ។ ក្លិបដែលលោកបានលេងរួមមាន PSV Eindhoven, Barcelona, Inter Milan និង Real Madrid។
 
Ronaldo ប្រេស៊ីលបានឈ្នះពានរង្វាន់ឯកត្តជនដូចជា ​FIFA World Player of the Year ៣លើក, ពាន Ballon d’Or ២លើកនិងពាន European Golden Shoe (១៩៩៦-៩៧)១លើកដូចគ្នា។ ​Ronaldo Nazario ក៏បានឈ្នះពាន FIFA World Cup Golden Ball ក្នុងឆ្នាំ ១៩៩៨។


 
៤. Marco van Basten ពានរង្វាន់ចំនួន ៥ពាន
លោក Van Basten គឺជាកីឡាករសញ្ជាតិហូឡង់ ដែលបានចូលនិវត្តន៍ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធម្នាក់ពូកែបំផុត កាលជំនាន់នោះ។ លោកត្រូវបានគេស្គាល់ថា ជាកីឡាករម្នាក់មានសមត្ថភាពខ្លាំង និងតិចនិចបច្ចេកទេស ក៏ដូចជាការបង្កើតឱកាសនៅលើទីលាន។
 
Van Basten បានលេងឱ្យក្រុម Ajax និង AC Milan ដោយបានឈ្នះពានរង្វាន់អំឡុងការប្រកបអាជីព ដោយបានឈ្នះពាន Ballon d’Or ចំនួន ៣លើកក្នុងឆ្នាំ ១៩៨៨, ១៩៨៩ និង ១៩៩២។ លោក Van Basten ឈ្នះពានរង្វាន់ស្បែកជើងមាសឆ្នាំ ១៩៨៥-៨៦ និង FIFA World Player of the Year ក្នុងឆ្នាំ ១៩៩២។


 
៥. Zinedine Zidane ឈ្នះពានរង្វាន់ចំនួន ៥ពាន

Zidane ជាវីរបុរសបាល់ទាត់ដ៏អស្ចារ្យមួយរូបផងដែរ កាលពីជំនាន់មុន និងជាខ្សែបម្រើដ៏ល្អបំផុត ប្រចាំប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង។ 
 
លោក Zidane បានឈ្នះពានរង្វាន់ឯកត្តជនក្នុងអាជីពដ៏អស្ចារ្យរបស់លោក បន្ទាប់ពីលោកបានជួយបារាំងឈ្នះពានរង្វាន់ World Cup ជាមួយបារាំង ក្នុងឆ្នាំ ១៩៩៨ និង Champions League ជាមួយក្រុម Real Madrid។ Zidane បានឈ្នះពាន Ballon d’Or ក្នុងឆ្នាំ ១៩៩៨ និង FIFA World Player of the Year ក្នុងឆ្នាំ ១៩៩៨, ២០០០ និង ២០០៣។ ក្នុងឆ្នាំ ២០០៦ Zidane ក៏បានឈ្នះពាន FIFA World Cup Golden Ball៕



Tag:
 (Lionel Messi
  Cristiano Ronaldo)
© រក្សាសិទ្ធិដោយ thmeythmey.com