អន្តរជាតិ
អាម៉េរិក ព្យាយាមធានាចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក្រោយបែកធ្លាយឯកសារ 12, Apr 2023 , 3:59 pm
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិ ឡយ អូស្ទីន។ រូបថត AFP
× ក្រោយបែកធ្លាយរបាយការណ៍សម្ងាត់ដ៏រសើបលើប្រព័ន្ធអនឡាញចាប់ពីប្រព័ន្ធការពារមីស៊ីលនៅអ៊ុយក្រែន ការតវ៉ានៅអ៊ីស្រាអែលរហូតដល់ការលួចស្ដាប់ការពិភាក្សាផ្ទៃក្នុងរបស់សម្ព័ន្ធមិត្តខ្លួនទៀតនោះ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន បានជជែកជាមួយ សមភាគីអ៊ុយក្រែនក្នុងគោលបំណងផ្ដល់ការធានាសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ។
ការលេចចេញឯកសារសម្ងាត់របស់អាម៉េរិករាប់សិបទំព័រ កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ ស្របពេលដែលរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ព្យាយាមសាងទំនុកចិត្តឡើងវិញក្នុងចំណោមសម្ព័ន្ធមិត្តដែលមានឈ្មោះក្នុងឯកសារទាំងនោះ។ ក្នុងនោះផងដែរ ឯកសារដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន AFP បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់អាមេរិកអំពីសមត្ថភាពរបស់អ៊ុយក្រែនក្នុងការបន្តការការពារ និងប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។
ខណៈការបែកធ្លាយនេះអាចប៉ះពាល់ដល់ទំនាក់ទំនង និងទំនុកចិត្តជាមួយសម្ព័ន្ធមិត្ត និងបញ្ហាសន្ដិសុខជាតិផង រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកក៏ជជែកជាមួយសមភាគីអ៊ុយក្រែនដើម្បី ពង្រឹងការប្តេជ្ញាចិត្តជាមួយសម្ព័ន្ធមិត្ត។
«យើងបានចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដើម្បីធានាពួកគេឡើងវិញអំពីការប្តេជ្ញាចិត្តរបស់យើងផ្ទាល់ក្នុងការការពារការស៊ើបការណ៍សម្ងាត់»។ លោក ប្លីងខិន លើកឡើងបែបនេះអំឡុងសន្និសីទកាសែតមួយ រួចបន្តថា លោកបានពិភាក្សាជាមួយសមភាគីអ៊ុយក្រែន Dmytro Kuleba និងបញ្ជាក់ជាថ្មីពីការគាំទ្រយូរអង្វែង និងសម្រាប់កិច្ចខិតខំដើម្បីការពារបូរណភាព ទឹកដី អធិបតេយ្យភាព ព្រមទាំងឯករាជ្យភាពរបស់អ៊ុយក្រែន។
ក្នុងសន្និសីទកាសែតដដែល លោក អូស្ទីន បាននិយាយថា លោកបានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov ផងដែរ។ លោក អូស្ទីន បានបញ្ជាក់ថា ផ្ទុយពីឯកសារលេចធ្លាយ អ៊ុយក្រែននៅមានសមត្ថភាពច្រើនដែលពួកគេត្រូវការដើម្បីបន្តទទួលបានជោគជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com