អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់នៅថ្ងៃនេះ
13, Apr 2023 , 11:59 am        
រូបភាព
កូរ៉េខាងជើង ​នៅថ្ងៃទី១៣ ខែមេសា បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ ដោយយោធាកូរ៉េខាងត្បូងអះអាងថា អាចជាមីស៊ីលចម្ងាយមធ្យម ឬឆ្ងាយជាងនេះ។
 
 
បើតាមការប្រកាសរបស់អគ្គសេនាធិការកងទ័ពកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីតំបន់ក្នុងរដ្ឋធានីព្យុងយ៉ាង សំដៅទៅសមុទ្រខាងកើត។ មីស៊ីលនេះហោះបានចម្ងាយប្រមាណ១០០០គីឡូម៉ែត្រ មុនចាក់ចូលសមុទ្រ។
 
«ចារកម្មរបស់កូរ៉េខាងត្បូង និងអាម៉េរិកកំពុងវិភាគលើប្រភេទមីស៊ីល។» យោធាកូរ៉េខាងត្បូងប្រាប់អ្នកព័ត៌មានបែបនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។ ប្រភេទនៃមីស៊ីលនេះ មិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែបើគិតពីចម្ងាយ មីស៊ីលនេះអាចជាមីស៊ីលបាលីស្ទិកចម្ងាយមធ្យម។
 
យោធាកូរ៉េខាងត្បូងចាត់ទុកការបាញ់នេះ មិនត្រឹមប៉ះពាល់សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េឡើយ តែក៏ប៉ះពាល់ដល់សហគមន៍អន្តរជាតិថែមទៀត។ នៅជប៉ុនឯណោះ អាជ្ញាធរបានលើកការណែនាំឱ្យជម្លៀសខ្លួន បន្ទាប់ពីប្រព័ន្ធផ្ដល់ដំណឹង ផ្ដល់សញ្ញាខុសដែលមីស៊ីលអាចធ្លាក់ក្បែរកោះ Hokkaido ។
 
ការបាញ់មីស៊ីលនេះ ធ្វើឡើងស្របពេលដែលទីក្រុងព្យុងយ៉ាងមិនឆ្លើយការហៅទូរស័ព្ទពីសំណាក់កូរ៉េខាងត្បូងជាច្រើនថ្ងៃមកហើយ ដែលទំនងជាការបង្ហាញការមិនពេញចិត្តរបស់ខ្លួនទៅនឹងសមយុទ្ធយោធារួមគ្នារបស់ក្រុមសម្ព័ន្ធមិត្ត៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com